en     km
en     km

សមត្ថកិច្ចតាមរកអ្នកពាក់ព័ន្ធប៉ងសម្លាប់ អ្នកបើករថយន្តករណីគ្រោះថ្នាក់ចរាចរណ៍

Share

ក្រុងភ្នំពេញ៖ នាយឧត្តមសេនីយ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨ នេះ បានចេញបញ្ជាឲ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធវាយប៉ងសម្លាប់អ្នកបើករថយន្តករណីគ្រោះថ្នាក់ចរាចរណ៍មកដាក់ទោសដែលបានកើតឡើងកាលពីថ្ងៃម្សិលមិញ(ទី១១មីនា) ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេច គឺទុកឲ្យច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយប្រហារលើ អ្នក បើកបរ ក៏ត្រូវទទួលទោសផងដែរ ដែលលោកបន្ថែមថា នេះគឺជាទង្វើអសីលធម៌ក្នុងសង្គម។

លោកស្នងការបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយថា អ្នកប៉ងសម្លាប់អ្នកបើកបរក្នុងករណីនេះ ឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ លោកពន្យល់ថា ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកកំណត់ទោសគាត់ដែរ ។

សូមជម្រាបថា បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានប្រជាពលរដ្ឋ តាមវាយប៉ងសម្លាប់ និងបំផ្លាញរថយន្តកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ គឺបណ្ឌិត ស៊ុយ សារ៉េត។

លោកជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។

សមត្ថកិច្ចបញ្ជាក់ថា មកទល់ពេលនេះ បន្ទាប់ពីពិនិត្យឃើញស្ថានភាពជំងឺធ្ងន់ធ្ងរ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម តាំងតែពីយប់មិញ មិនទាន់មានបញ្ហាដល់អាយុជីវិតទេ។

តាមសាក្សីបានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុដែលបើកដោយ លោក ស៊ុយ សារ៉េត បានបើកបុកគេដំបូងនៅម្តុំវត្តទួលអស់លោក ក្នុងខណ្ឌប្ញស្សីកែវ ហើយបន្តបើករត់គេចតាមផ្លូវរហូតដល់ម្តុំផ្សារធំថ្មី ជិះ២-៣ជុំនៅម្តុំផ្សារថ្មី ហើយបន្តបើករត់គេចតាមផ្លូវម្តុំផ្សារដេប៉ូ ក៏មានបុករះប្រជាពលរដ្ឋតាមផ្លូវផងដែរ ហើយមិនឈប់ក៏បន្តទៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ក៏ត្រូវបានប្រជាពលរដ្ឋជិះម៉ូតូ ជិះម៉ូតជិត២០០គ្រឿងតាមទាន់៕

 

Share

Image
Image
Image