en     km
en     km

សម្តេច ហ៊ុន សែន ថាបក្សសង្គ្រោះជាតិជាបក្សខ្មោច ដោយអំពាវនាវឲ្យពលរដ្ឋរកបក្សថ្មីជំនួស

Share

ក្រុងភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋពិចារណាជាថ្មី ដោយរកគណបក្សនយោបាយថ្មីមកជំនួសកន្លែងរបស់គណបក្សមួយ ដែលសម្តេចអះអាងថា ​បក្សដែលរំលាយហើយ ប្រៀបដូចជាខ្មោចស្លាប់ហើយមិនអាចរស់ឡើងវិញបាន។ ​

សម្តេចហ៊ុន សែន បានថ្លែងដូចនេះ ខណៈចុះទៅជួបសំណេះ សំណាលជាមួយកម្មករ កម្មការនីនៅខេត្តតាកែវ នៅព្រឹកថ្ងៃ ពុធទី២០មិថុនានេះ។

នៅចំពោះមុខកម្មករកម្មការនី សម្តេចហ៊ុនសែន បានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់រង់ចាំបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយ ដោយងាកមកមើលគណបក្សនយោបាយ ២០ គណបក្សដែលកំពុងរង់ចាំសន្លឹកឆ្នោត និង ការគាំទ្រពីពលរដ្ឋ។

សម្តេចបានលើកឡើងជាឧទាហរណ៍ថា ទោះបីជិវិតមនុស្ស ប្រសិនបើប្រពន្ធស្លាប់ហើយ ប្តីក៏នឹងទៅរកប្រពន្ធថ្មី ព្រោះមិនមានអ្នកណាដេកអោបផ្នូរនោះទេ។ ក្នុងហេតុផលនេះ សម្តេចអះអាងថា បក្សប្រឆាំងគ្មានសង្ឃឹមត្រឡប់មកវិញទេ។

សំឡេង សម្តេច ហ៊ុន សែន៖ 

គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ដោយ សាលដីកាតុលាការកំពូល កាលពី ថ្ងៃទី១៦ វិច្ឆិការ ឆ្នាំ ២០១៧ ។

លោក សម រង្សី អតីតមេដឹកនាំបក្សប្រឆាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចេញទៅបោះឆ្នោត​ ដោយប្រើពាក្យថា «ដេកផ្ទះឈ្នះ​​​ឯង» តែត្រូវសម្តេច ហ៊ុន សែន ហៅការអំពាវនាវជាអំពើញុះញ៉ង់។​

ការបោះឆ្នោត សភានីតិកាលទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩កក្កដា ។ សហគមន៍អន្តរជាតិ មានក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បានប្រកាសថាការបោះឆ្នោតនេះ នឹងមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនកម្ពុជា នោះទេ។ តែបែបនេះក្ដី សម្ដេចហ៊ុនសែន ចាត់ទុកការបោះឆ្នោត ខាងមុខនេះ ធ្វើដោយ សេរីពហុបក្ស៕

 

Share

Image
Image
Image