en     km
en     km

សម្ដេចហ៊ុនសែនចំអកឱ្យបក្សប្រឆាំងថាបើបក្សនេះឈ្នះឆ្នោតនឹងយកពន្ធស្រែពីកសិករ

Share

សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា តាំងពីសម្ដេចដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ពុំមានគោលនយោបាយ ឱ្យកសិករបង់ពន្ធដីស្រែនោះទេ។​

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងនៅចំពោះមុខ សិស្សប្រឡងជាប់និទ្ទេសA ដែលមកទទួលពានរង្វាន់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃព្រសហ្បតិ៍ទី ៨វិច្ឆិកានេះ។

ក្នុងឱកាសនោះ សម្ដេចបានរិះគន់ទៅលើក្រុមប្រឆាំងថា បើបក្សនោះដឹកនាំរាជរដ្ឋាភិបាល គឺក្រុមនោះ ប្រាកដនឹងយកពន្ធដីស្រែរបស់កសិករ ដែលសម្ដេចថា ក្រុមនេះ ពូកែខាងបំប៉ោងតួលេខ ដើម្បីអូតអាងពីការដំឡើងប្រាក់ខែ។

ការដែលសម្ដេច ហ៊ុន​សែន លើកឡើងដូចនេះ បន្ទាប់ពីសម្ដេចបានឆ្វេងយល់ពីការទារពន្ធនៅសម័យអាណានិគមបារាំង តាមរយៈការច្រៀងអាយ៉ៃរបស់លោកតាក្រមងុយដែលប្រមុខរាជរដ្ឋាភិបាលបាន បើកទូរស័ព្ទបន្លឺសំឡេង ដាក់តាមមេក្រូឱ្យសិស្សស្ដាប់។

តែសូមជម្រាបថា គណបក្សប្រឆាំងដែលអាចប្រជែងយកការដឹកនាំរាជរដ្ឋាភិបាលបានគឺមានតែគណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោកសមរង្ស៊ីនិងលោកកឹមសុខា។តែបក្សនេះត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។ ទាំងមន្ត្រីនាំពាក្យបក្សកាន់អំណាចនិង សម្ដេចនាយករដ្ឋន្ត្រី បានហៅបក្សនេះថាស្លាប់បាត់រូបរាងហើយ។​លោកសមរង្ស៊ី អតីតប្រធានគណបក្សនេះ នៅតែសង្ឃឹមថា បក្សសង្រ្គោះជាតិរបស់លោកនឹងរស់ឡើងវិញ ឆាប់ៗនេះ បន្ទាប់ពីមានដំណោះស្រាយនយោបាយ ដោយការធ្វើអន្តរាគមន៍របស់ សហគមន៍អន្តរជាតិ៕

Share

Image
Image
Image