loader

ប្រធានគ.ជ.ប៖ម្ចាស់ឆ្នោតនិងគ.ជ.បជាតួរអង្គសំខាន់សម្រាប់ការបោះឆ្នោតតែអ្នកជំនាញមិនយល់ស្រប

 

ក្រុងភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានអះអាងថា តួរអង្គសំខាន់ក្នុងការស្វែងរក លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោត គឺមានតែម្ចាស់សន្លឹកឆ្នោត និង គ.ជ.ប តែប៉ុណ្ណោះ។ តែអ្នកជំនាញយល់ថា ដៃគូប្រកួតជែងស្មើភាពគ្នា និង បរិយាកាសនយោបាយគឺជារឿងដែលពិសេសមិនអាចខ្វះបាន។

ស្តាប់ការរាយការណ៍របស់លោក សេរី វឌ្ឍនៈ៖

 

នៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹងនៅខេត្តព្រៃវែង​ធ្វើឡើងកាលពីថ្ងៃចន្ទទី៤មិថុនា  អំពីច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គ.ជ.ប ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លោក ស៊ិក ប៊ុនហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា  ដើម្បីយល់ច្បាស់ពាក់ព័ន្ធទៅនឹងភាពស្របគ្នានៃតួអង្គទាំងពីរ លោក ស៊ិក ប៊ុនហុក បានបង្ហាញនូវ គោលការណ៍ សិទ្ធិ និងអំណាចរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។

គោលការណ៍ ទាំងនោះមានដូចជា៖

-ការគោរព ឆន្ទៈរបស់ប្រជាពលរដ្ឋ គឺជាអាជ្ញារបស់អំណាចសាធារណៈ ។

-បេះដូងប្រជាធិបតេយ្យពិតប្រាកដ គឺការបោះឆ្នោតប្រកបដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌

-ប្រជាពលរដ្ឋបោះឆ្នោតដើម្បីជ្រើសរើសតំណាងអោយបម្រើពួកគាត់ មិនមែនជិះជាន់គាត់ទេ ។ដូចនេះហើយ ប្រជាពលរដ្ឋមានអំណាចយ៉ាងធំ ក្នុងការជ្រើសរើសតំណាងដែលគាត់ពេញចិត្ត  ។

‑ពលរដ្ឋត្រូវ ពិនិត្យមើលគុណសម្បត្តិគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។

‑ក្របខ័ណ្ឌនៃលទ្ធិប្រជាធិបតេយ្យ កើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ​ និងយុត្តិធម៌។

លោក ស៊ិក ប៊ុនហុក បន្ថែម ទៀតថា ដើម្បីឱ្យការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ចាំបាច់ណាស់ ការបោះឆ្នោតនោះ ជា សកល ដោយផ្ទាល់ ដោយសេរី និងដោយសម្ងាត់ជាដើម។ ប្រការដែលសំខាន់ជាងនេះទៅទៀតលោកថា ការបោះឆ្នោតនោះ ត្រូវមានតួរអង្គសំខាន់ពីរ ទីមួយគឺ អ្នកបោះឆ្នោត និងទីពីរ គឺ គ.ជ.ប។

 

តែបែបនេះក្ដី អ្នកជំនាញ និងអ្នកវិភាគ មិនយល់ស្របនឹងការយល់ឃើញរបស់លោកស៊ិក ប៊ុនហុកនោះទេ។

លោក កន សាវាង្ស មន្រ្តីជាន់ខ្ពស់​ផ្នែក​អង្កេតនៃ ​អង្គការ​ខុម ហ្វ្រែល បានបង្ហាញការយល់ស្របនឹងការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក តិចតួចប៉ុណ្ណោះ ប៉ុន្តែលោកថា មានត្រឹមតែ ២ តួរអង្គនេះ គឺមិនទាន់គ្រប់គ្រាន់ទេ។ លោក ពន្យល់ថា បរិយាកាសនយោបាយ និង ការចូលរួមរបស់គណបក្សប្រឆាំងគឺជារឿងដែលចាំបាច់ ដែលធ្វើឲ្យការបោះឆ្នោតមានន័យគ្រប់គ្រាន់ សេរី​ ត្រឹមត្រូវ និង យុត្តិធម៌។

សំឡេង លោក កន សាវាង្ស៖ តាមពិតការលើកឡើងនេះ វាត្រឹមត្រូវហើយណា៎! វាមិនខុសទេ ក៏ប៉ុន្តែវាពុំទាន់គ្រប់គ្រាន់ទេ វាមានគណបក្សនយោបាយចូលរួម នោះគឺជារឿងសំខាន់ ហើយនៅមានបរិយាកាសនយោបាយផ្សេងទៀត ។ចុះបើមានតែការរៀបចំនិងអ្នកទៅបោះ ហើយអត់មានគណបក្សនយោបាយចូលរួមការប្រកួតប្រជែង ឲ្យស្មើភាពគ្នា ហ្នឹងគេហៅថា សេរី ត្រឹមត្រូវ និង យុត្តិធម៌ អត់? អត់បានទេ ណា៎ ហ្នឹងដូចជាខ្ញុំបានលើកឡើងខាងលើមិញអញ្ជឹង ។ ​

 

យ៉ាងណាក៏ដោយ លោកបានចោទជាសំណួរថា តើវានឹងក្លាយជាយ៉ាងណាប្រសិនបើគ្មានគណបក្សមួយដែលប្រជាជនពេញចិត្ត ទៅបោះឆ្នោតដោយឆន្ទៈ បង្ហាញការសម្រេចចិត្តនៅលើសង្វៀនសន្លឹកឆ្នោតនោះ ហើយថាវាជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ឬទេ។

យល់ស្របនឹងទស្សនៈរបស់លោក កន សាវាង្ស ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ បានបង្ហាញទស្សនៈស្រដៀងគ្នា ដែលថា បរិយាកាសនយោបាយ និង ដៃគូគណបក្សក្នុងការចូលរួមប្រកួតគឺជារឿងចាំបាច់ និង សំខាន់បំផុត ដែលវាដើរតួនាទីឲ្យប្រជាពលរដ្ឋបង្ហាញឆន្ទះក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនស្រឡាញ់។

លោកនិយាយថា គឺជារឿងត្រឹមត្រូវដែលគ.ជ.ប ដើរតួនាទីជាអាជ្ញាកណ្តាល និង ប្រជាពលរដ្ឋជាអ្នកសម្រេចចិត្ត តែអ្វីដែលសំខាន់ អវត្តមាននៃគណបក្សប្រឆាំង បានដណ្តើមសន្លឹកឆ្នោតជាង មួយចំហៀងប្រទេស គឺជារឿង​មួយដែលប្រជាពលរដ្ឋចាត់ទុកការបោះឆ្នោតនេះ គ្មានន័យ។

សំឡេង លោក ហង្ស វិទូ៖ បាទអឺខ្ញុំគិតថា រឿងនេះ វាគឺជារឿងមួយដែលត្រឹមត្រូវ ការបោះឆ្នោតមួយ គឺទាល់តែមាន គ.ជ.ប និង ប្រជាពលរដ្ឋព្យាយាមយល់ចិត្តគ្នា ហើយបើយើងនិយាយពីរឿងដែលត្រឹមត្រូវ សេរី និង យុត្តិធម៌ គឺយើងពិបាកនិយាយណាស់ តែបើយើងនិយាយពីទម្ងន់នៃការបោះឆ្នោតនេះ ជារឿងដែលមានន័យ ឬ មិនមានន័យ ទើបនិយាយគ្នាស្រួលស្តាប់ ជាឧទាហរណ៍ ដូចបក្សប្រឆាំង កាលពីឆ្នាំ ២០១៣ ហ្នឹងដណ្តើមកៅអីបក្សកាន់អំណាច ជិត មួយចំហៀងនគរ ហើយអវត្តមាន​បក្សប្រឆាំងក្នុងអាណ្ណត្តិនេះ គួរតែពិចារណាពីទម្ងន់របស់ដៃគូប្រកួតប្រជែងវិញ ថាតើមានន័យឬមិនមានន័យ។

ឆ្លើយតបនឹងទស្សនៈខាងលើនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់បន្ថែមទៅលើប្រសាសន៍​របស់ លោក ស៊ិក ប៊ុនហុកថាអ្វីដែលប្រធានគ.ជ.ប បានលើកឡើងនូវពីរចំណុចគោលទាំង ២ ប៉ុណ្ណោះ គឺ គ្រាន់តែ ការកត់សម្គាល់ ប៉ុណ្ណោះ។ ប៉ុន្តែ លោក ហង្ស ពុទ្ធា បានទទូចឲ្យអ្នកវិភាគគប្បី មើលស្ថានការណ៍ឲ្យបានល្អិតល្អន់ កុំធ្វើការវិភាគលម្អៀងទៅបក្សប្រឆាំង។

សំឡេង លោក ហង្ស ពុទ្ធា៖ ប៉ុន្តែ ហេតុដែរ ប្រធានគ.ជ.ប លោក លើកឡើង គឺក្នុងន័យចង់ហាយឡាយ ធ្វើឲ្យមានភាពលិចធ្លោឡើង នៅតួនាទីនៃអ្នកបោះឆ្នោត អញ្ជឹងសូមកុំឲ្យអ្នកវិភាគហ្នឹង កុំវិភាគលម្អៀងទៅបក្សប្រឆាំងអី សូមមើលថា ២០ គណបក្សបានចូលរួមការបោះឆ្នោតហើយ។  

ការបោះឆ្នោតសភា ថ្ងៃ ២៩ កក្កដា​ ឆ្នាំ២០១៨​ មានគណបក្ស ចូលរួមប្រកួត ២០ គណបក្សនោះ គឺគណបក្ស ដែលដណ្តើមបានអាសនៈ បានច្រើនជាង គេ នៅក្នុងការបោះឆ្នោត សភា កាលពីឆ្នាំ ២០១៣ មានតែគណបក្សប្រជាជនកម្ពុជា មួយតែប៉ុណ្ណោះ។ ដោយឡែក គណបក្ស ១៩ ផ្សេងទៀត ក្នុងចំណោមនោះ​មាន បក្សខ្លះ បានចូលរួមប្រកួតតែមិនទទួលបានអាសនៈ ណាមួយឡើយ លើកលែងតែ គណបក្សសង្គ្រោះជាតិ ដណ្តើមបាន ៥៥ អាសនៈ។ តែបក្សប្រឆាំងធំនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ ខែ វិច្ឆិការ ឆ្នាំ ២០១៧ ហើយបាតបង់ឱកាសចូលរួមប្រកួតរួចទៅហើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សភាអន្តជាតិIPUនៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRPខណៈCPPព្យាយាមបញ្ជៀសរឿងនេះ

ភ្នំពេញ៖ សហភាពអន្តរសភាIPUនៅតែទទួលស្គាល់ភាពស្រ[...]

ស្ពានឈើប្រវែង១៨៣ម៉ែត្រនៅក្នុងបរិវេណប្រាសាទបេងមាលាកំពុងសាងសង់ឡើងវិញ

តាមមន្រ្ដីជំនាញរបស់អាជ្ញាធរជាតិអប្សរា ដំណើរកា[...]

រុស្ស៊ីនឹងបង្វែបំណុលកម្ពុជាជំពាក់ទៅជាការវិនិយោគតាមការស្នើរបស់សម្ដេច ហ៊ុន សែន(មានសំឡេង)

ភ្នំពេញ៖ រុស្ស៊ីនឹងបង្វែរបំណុលកម្ពុជាជំពាក់ខ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត