en     km
en     km

ប្រជាពលរដ្ឋជាង ៥០ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត

Share

ភ្នំពេញ៖ រយៈពេល ៦៩ថ្ងៃ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកដំណើរការនៃការធ្វើបច្ចុបន្បភាពបញ្ជីបោះឆ្នោតដោយបានបិទបញ្ចប់នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ មានប្រជាជនប្រមាណជាង ៥០ម៉ឺននាក់បានទៅចុះឈ្មោះ។ ដោយឡែកអ្នកតាមដានដំណើរការនេះ យល់ឃើញថា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតហាក់មានតិចណាស់នៅឡើយ។

ដំណើរការចុះឈ្មោះបោះឆ្នោតលើប្រព័ន្ធថ្មីចាប់តាំងពីថ្ងៃ០១ កញ្ញា ដល់ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ដែលមានចំនួន ៦៩ថ្ងៃ បានបិទបញ្ចប់ដោយមានពលរដ្ឋចុះឈ្មោះបានជាង ៣០ភាគរយ ក្នុងចំនួនសរុបនៃបញ្ជីបច្ចុប្បន្នភាពឆ្នាំ ២០១៧ មានមួយលានប្រាំមួយសែននាក់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា គ.ជ.ប. មិនទាន់ដឹងពីចំនួនអ្នកចុះឈ្មោះបោះឆ្នោតពិតប្រាកដនៅឡើយទេ ប៉ុន្តែរយៈពេល ៦៩ថ្ងៃកន្លងនេះ ពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឬ ចុះឈ្មោះក្នុងបញ្ជីបច្ចុប្បន្នភាពមានចំណួនជាង ៥០ម៉ឺននាក់ ក្នុងនោះមានករណីគេកែតម្រូវបន្តិចបន្តួច ដោយភាគច្រើនជាកំហុសអក្ខរាវិរុទ្ធ។ “បាទ! នៅមិនទាន់ទេណាស៎ ព្រោះអីគ.ជ.ប. កំពុងតែរាប់នៅឡើយ តែត្រឹមដឹងថា ៥សែននាក់ជាង ហើយក្នុងហ្នឹងគ្មានបញ្ហាអីទេ តែមានការស្នើរសុំខ្លះៗ ឲ្យកែតម្រូវដូចជាកំហុសអក្ខរាវិរុទ្ធ⁣ បាទ “។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី បានបង្ហាញទស្សនៈថា ចំនួនអ្នកចុះបោះឆ្នោតនៅពេលនេះ ហាក់នៅមានតិចនៅឡើយ បើប្រៀបធៀបនឹងការប៉ាន់ស្មានទុករបស់ គ.ជ.ប.ក្នុងពេលកន្លងទៅ។ លោកបន្តថា ភាគច្រើនពលករដែលរស់នៅក្រៅស្រុកមិនបានមកចុះឈ្មោះបោះឆ្នោតទាន់ពេលវេលា ដោយសារចំនួន ៧០ថ្ងៃនៃការចុះឈ្មោះនិងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះមានពេលវេលាតិច។

លោក សំ គន្ធាមី⁣ នាយកប្រតិបត្តិអង្គការនិចហ្វិច ៖ “ចំនួននេះនៅតិចតួចនៅឡើយ ព្រោះបើប្រៀបធៀបទៅនឹងការប៉ាន់ស្មានទុករបស់ គ.ជ.ប. ថាមានប្រជាពលរដ្ឋយ៉ាងតិចមួយលានប្រាំមួយសែននាក់នឹងបានមកចុះឈ្មោះបោះឆ្នោត តែនេះ បានត្រឹមតែ ៣០ ភាគរយជាងប៉ុណ្ណោះ…”។

សូមជម្រាបថា កន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រំពឹងទុកថា នឹងមានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតមួយលានប្រាំមួយសែននាក់ ប៉ុន្តែលទ្ធផលដែលទទួលបាន មានតែ ៣២ភាគរយនៃការរំពឹងទុកប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ មានប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោតជិត ៨លាននាក់ ហើយ ហើយអ្នកចេញទៅបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី០៤⁣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ មានចំនួន ជាង ៨០⁣ ភាគរយ ៕

 

Share

Image
Image
Image