en     km
en     km

NACD​ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​មីក្រូហិរញ្ញវត្ថុ​ LOLC​ ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន

Share

​ភ្នំពេញ​ ៖​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ហៅ​កាត់​ថា​ NACD​ សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ LOLC​ ចុះ​ផ្សាយ​ពី​គ្រោះថ្នាក់​ នៃ​គ្រឿងញៀន​ រយៈពេល​ ៣​ថ្ងៃ​ អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​។​

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ប្រាប់​ថា​ ការ​ចុះ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​នេះ​ មាន​ទាំង​ក្រសួងសុខាភិបាល​ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ មន្ទីរ​អប់រំ​ រាជធានី​ មន្ទីរ​សង្គមកិច្ច​រាជធានី​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិ​ល​អូ​អិ​ល​ស៊ី​ (LOCL)​។​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិ​ល​អូ​អិ​ល​ស៊ី​ (LOCL)​ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្របច្បាប់​ ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ បម្រើសេវា​ដល់​សហគ្រិន​ និង​ក្រុម​ គ្រួសារ​ដែល​ស្ថិត​ក្នុង​កម្រិត​មូលដ្ឋាន​ពីរ៉ាមីត​ នៃ​សេដ្ឋកិច្ច​សង្គម​ នូវ​កាស​សេដ្ឋកិច្ច​ ដើម្បី​ផ្លាស​ប្ដូរ​ជីវភាព​រស់នៅ​របស់​ពួក​គាត់​។​

​មាន​ប្រសាសន៍​ក្នុង​ឱកាស​ដើរ​យុទ្ធនាការ​ផ្សព្វផ្សាយ​ ពី​គ្រោះថ្នាក់​នៃ​គ្រឿន​ញៀន​នេះ​ លោក​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​អប់រំ​ និង​ស្ដារ​នីតិសម្បទា​ មាន​ប្រសាសន៍​ថា​ គ្រឿងញៀន​បង្ក​បញ្ហា​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ ក៏​ដូច​ជា​ជួយ​ដល់​អ្នក​ដែល​កំពុង​តែ​ញៀន​ថ្នាំ​ញៀន​ គឺ​ចាំបាច់​ ត្រូវ​មានការ​ចូលរួម​ទាំងអស់​គ្នា​ មិន​ថា​តែ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក្រសួងសុខាភិបាល​ ស្ថាប័ន​អនុវត្ដ​ច្បាប់​ នោះ​ទេ​ សូ​ម្បី​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ក៏​ត្រូវ​ចូលរួម​ដែរ​ ៖«​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ មាន​ភាព​ស្មុ​ក​ស្មាញ​ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពហុ​វិស័យ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ក្រសួងសុខាភិបាល​ ស្ថាប័ន​អនុវត្ដ​ច្បាប់​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ខិតខំ​រួម​គ្នា​ និង​សហការ​គ្នា​យ៉ាង​ជិត​ស្និ​ទ​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​»​។​

​លោក​ លឹ​ម​ តុង​ហួត​ បន្ដ​ថា​ ប្រធានបទ​ដែល​អាជ្ញាធរ​កំណត់​យក​ជា​រួម​នៅ​ឆ្នាំ​២០១៨​នេះ​ គឺ​ “​ទាំងអស់​គ្នា​ដើម្បី​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍​”​។​ លោក​អះអាង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ធ្វើ​យ៉ាងណា​ព្យាយាម​ក្នុង​ការ​លើកកម្ពស់​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ផ្អែក​លើ​សហគមន៍​បង្ហាញ​ឆន្ទៈ​ និង​រៀបចំ​កម្មវិធី​កាត់​បន្ថយ​គ្រោះថ្នាក់​។​ ជាង​នេះ​លោក​សង្កត់ធ្ងន់​ថា​ ការ​ធ្វើ​ឲ្យ​សហគមន៍​គ្មាន​គ្រឿងញៀន​គឺជា​រឿង​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ “​ភូមិ​ ឃុំ​ និង​សង្កាត់​ មាន​សុវត្ថិភាព​”​។​

​សូម​ជម្រាប​ថា​ យុទ្ធនាការ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​សហការ​ជាមួយ​ក្រសួង​ ស្ថាប័នរដ្ឋ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អិ​ល​អូ​អិ​ល​ស៊ី​ (LOCL)​ នេះ​ គឺ​ដើរ​ផ្សព្វផ្សាយ​ពី​ត្រើយ​ខាងលិច​ទន្លេសាប​ចតុមុខ​ និង​រៀបចំ​ការ​ប្រគំ​តន្ដ្រី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ការ​តាំងពិព័រណ៍​រូបភាព​អប់រំ​ សម្ដែង​រឿង​អប់រំ​ខ្លី​ ពី​គ្រឿងញៀន​ ចែក​ខិត្ដប័ណ្ណ​ ឆ្លើយ​សំណួរ​យក​រង្វាន់​ជា​ អាវយឺត​ ឆ័​ត្រ​ សាប៊ូ​ ប៊ិ​ច​ សៀវភៅ​ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ដ្រ​វ​ត្ដិ​ភ្នំ​រយៈពេល​បី​ថ្ងៃ​ ចាប់ពី​ម៉ោង​ ១១​ថ្ងៃត្រង់​តទៅ​៕

Share

Image
Image
Image