en     km
en     km

ក្រសួងពាណិជ្ជកម្មអះអាងថាពាក្យថា«សាំងអ្នកមានសាំងអ្នកក្រ»គឺជារឿងធម្មតា 

Share

ក្រុងភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ បានចេញមុខបកស្រាយនៅចំពោះមុខអ្នកសារព័ត៌មានទាំងអស់ជុំវិញករណីរសើប ដែលបណ្តាញសង្គមហ្វេសបុករិះគន់ជាខ្លាំង រឿងសាំងអ្នកមាន និង សាំងអ្នកក្រដែលពាក្យប្រើដោយលោករដ្ឋមន្រ្តីប៉ាន សូរសក្តិ។  ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទទូចឲ្យពលរដ្ឋក្នុងបណ្តាញសង្គមហ្វេសបុក ឲ្យពិចារណាឡើងវិញ នូវពាក្យសំដីរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ស្តាប់ការរាយការណ៍របស់ លោក សេរីវឌ្ឍនៈ រាយការណ៍ពីព័ត៌មាន៖ 

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីយន្តការកំណត់តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងនៅក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ នេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាងថៃ បានពន្យល់ នូវរូបមន្តពិសេស ពីការកំណត់តម្លៃប្រេងដែលដាក់លក់នៅក្នុងទីផ្សារកម្ពុជា។ ផ្ដើមអោយមានការធ្វើសន្និសីទសារព័ត៌មាននេះ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសបុកបានបង្ហោះ សាររិះគន់វាយប្រហារ លោករដ្ឋមន្ត្រីប៉ាន សូរសក្តិ ជាខ្លាំង បន្ទាប់ពីលោក បានបញ្ចេញទស្សនៈថា «សាំងអ្នកមានសាំងអ្នកក្រ»។

នៅក្នុងសន្និសីទនេះ លោក ស៊ាង ថៃ បានផ្ញើសារទទូចឲ្យប្រជាពលរដ្ឋជាពិសេស អ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដែលផ្ទុះការរិះគន់នេះ ឲ្យពិនិត្យនិងពិចារណាពាក្យសំដីរបស់លោក រដ្ឋមន្ត្រី ឡើងវិញ ព្រោះថា ការដែលរដ្ឋមន្ត្រីលើកឡើងដូចនេះគឺចង់សំដៅជួយសំរួលដល់អ្នកដែលមានជីវភាពមធ្យម។

លោក ស៊ាង ថៃ៖ ងាកមកសាំងស៊ុបពែរ និង សាំងធម្មតា ដែលជាចំនុចរសើបវិញ ខ្ញុំសូមឧទាហរណ៍ជូន នេះគឺជាជម្រើសរបស់ពលរដ្ឋទេ សូមកុំច្រលំនេះសាំងអ្នកមាន សាំងអ្នកក្រ អីអញ្ជឹងទៅ វាគឺជាសេដ្ឋកិច្ចទីផ្សារសេរី ពុំមានបែងចែកប្រាក់ចំនូលអីទេ តែគួរឲ្យសោកស្តាយដែលបណ្តាញសង្គមហ្វេសបុកបានរិះគន់យ៉ាងចាស់ដៃបែបនេះទៅវិញ។ អញ្ជឹងសូមជួយសំរួលកែតម្រូវឡើងវិញដើម្បីរកភាពយុត្តិធម៌ឲ្យលោករដ្ឋមន្រ្តីបាទ!។

កាលពីថ្ងៃទី ០៩ ខែ ឧសភា លោក រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដែលក្នុងនោះ លោក បានលើកឡើងពីបញ្ហាដែលធ្វើឲ្យប្រេងឥន្ធនៈឡើងថ្លៃ។ លោក មានប្រសាសន៍ថា ខាងក្រសួងបានធ្វើការយ៉ាងញាប់ដៃដើម្បីធ្វើការសំរួលដល់ ប្រជាពលរដ្ឋដែលមានចំណូលតិចចាក់សាំងធម្មតា ដោយបន្ថយតម្លៃសាំងធម្មតាមកត្រឹម ៤១០០ រៀល និងតម្លើងថ្លៃ សាំងស៊ុបពែរ គឺសំរាប់រថយន្តស៊េរីទំនើបចាក់ឬរថយន្តអ្នកមាន ដែលធ្វើឲ្យប្រជាជនរិះគន់ថា លោក រដ្ឋមន្រ្តីបែងចែកវណ្ណៈអ្នកមាននិងអ្នកក្រ។

លោក ប៉ាន សូរសក្តិបានលើកឡើងដូចនេះថា ៖ ស្រុកខ្មែរទីផ្សារសេរី ប៉ុន្តែដោយយើងយល់ថា បងប្អូនប្រជាជនគាត់ប្រើម៉ូតូ ឬ យានយន្តតូចៗ គាត់ចាក់សាំងធម្មតា ដែលសាំងធម្មតា និងយើងកុងត្រូល តែយើងមើលតាមទីផ្សារនិងវាឡើងចុះ ហើយសាំងស៊ុបពែរ គឺអ្នកដែលមានអីគេចាក់ ដូច ឡានឡង់គ្រឺស័រ អញ្ជឹង ហើយយើងទៅជួយអ្នកមានធ្វើអី! យើងត្រូវជួយអ្នកក្រហើយ លើកតម្កើនជីវភាពអ្នកក្រ។

 

ទាក់ទិននឹងបញ្ហាដែលផ្ទុះការរិះគន់នេះ មានផេកនៅក្នុងបណ្តាញសង្គមហ្វេសបុកមួយចំនួនបានធ្វើការរិះគន់ និង បញ្ចេញមតិយ៉ាងចាស់ដៃទៅលើវិឌីអូខ្លីបរបស់លោក រដ្ឋមន្រ្តី។ នៅក្នុងផេក មួយដែលមានឈ្មោះថា ខ្មែរកម្សាន្តប្រចាំថ្ងៃ បានផុសវិឌីអូរបស់បុរសម្នាក់ដែលគាត់បើករថយន្តទៅស្ថានីយ៍ប្រេងឥន្ធនៈ ហើយសួរទៅកាន់អ្នកបម្រើសេវាកម្មចាក់សាំងនោះថា មានសាំងអ្នកក្រឬអត់។

សូមស្តាប់វីឌីអូនេះ៖

https://www.facebook.com/KhmerEvery168/videos/1021124631370701/

គួរបញ្ជាក់ថាកម្ពុជាមានប្រភពនាំចូលប្រេងពីប្រទេសដូចជា សឹង្ហបុរី ថៃ ចិន អាល្លឺម៉ង់ វៀតណាម បារាំង ហុងកុង ម៉ាឡេស៊ី។ ក្រសួងពាណិជ្ជកម្មបានផ្តល់នូវគំរូរូបមន្តដែលគណនាការកំណត់តម្លៃប្រេងឥន្ធនៈ ដោយផ្អែកទៅលើសមិទ្ធកម្មដូចជា តម្លៃប្រេងឥន្ធនៈដើមដែលទិញពីប្រទេសសឹង្ហបុរី បូកបញ្ជូលជាមួយការចំណាយផ្សេង ដូចជាពន្ធអាករ និង មធ្យមភាគ MOPS នៃផលិតប្រេងឥន្ធនៈលក់ដុំ នៅប្រទេសសឹង្ហបុរីដែលចេញដោយក្រុមហ៊ុន Platts។គិតមកដល់ថ្ងៃទី១១នេះគឺជាថ្ងៃទី០៩ហើយដែលក្រសួងបានដាក់ចេញនូវតម្លៃតាមបណ្តាស្ថានីយ៍គឺប្រេងម៉ាស៊ូត២៩០០រៀលសាំងធម្មតា៤១០០រៀលនិងសាំងស៊ុបពែរ៤៤៥០រៀល៕

Share

Image
Image
Image