en     km
en     km

បាត់ដំបង៖ អាជ្ញាធរឃុំកកោះចុះសម្ភាសន៍ពលរដ្ឋផ្តល់ប័ត្រក្រីក្រ

Share

បាត់ដំបង៖ អាជ្ញាធរឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចុះសម្ភាសន៍ប្រជាពលរដ្ឋក្នុងភូមិចំនួន ៨ ដើម្បីវាយតម្លៃឈានទៅផ្តល់ប័ត្រក្រីក្រជូនពលរដ្ឋយកទៅប្រើប្រាស់ក្នុងសេវាសាធារណៈដោយមិនអស់ថវិកា។

ការចុះវាយតម្លៃគ្រួសារដើម្បីផ្តល់ប័ត្រក្រីក្រនេះ បន្ទាប់ពីអាជ្ញាធរឃុំកកោះបានបើកកិច្ចប្រជុំកាលពីថ្ងៃទី ០២ តុលា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលរួមពីក្រុមប្រឹក្សាឃុំ មេឃុំ និងមេភូមិ ព្រមជាមួយតំណាងសមាជិកភូមិទាំង ៨ ភូមិ។

កិច្ចប្រជុំនៅឃុំកកោះ កំណត់លក្ខខ័ណ្ឌផ្តល់ជូនគ្រួសារក្នុងភូមិចំនួន ៨។ រូប​ភាព ណុល គឹមឡាង យុវជនខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនោះ អាជ្ញាធរបានកំណត់លក្ខខ័ណ្ឌមួយចំនួនដើម្បីផ្តល់ប័ត្រក្រីក្រ។ក្នុងនោះរួមមាន គ្រួសារដែលគ្មានដីស្រែ គ្មានសត្វចិញ្ចឹម សមាជិកគ្រួសារមានជំងឺរុំារ៉ៃ គ្មានម៉ូតូ ឬកង់សម្រាប់ធ្វើដំណើរ និងមិនមានកូនរកប្រាក់ផ្គត់ផ្គង់ក្នុងគ្រួសារ។

មន្រ្តីឃុំកកោះម្នាក់ចុះសម្ភាសន៍ពលរដ្ឋដើម្បីស្វែងរកគ្រួសារក្រីក្រ។ រូបភាព ណុល គឹមឡាង យុវជនខេត្តបាត់ដំបង។

អ្នកស្រី នួន ផាត ជាគ្រួសារមួយដែលត្រូវបានសម្ភាសន៍ជាប់ប័ត្រក្រីក្រកម្រិតមួយបានឱ្យដឹងថា ប័ត្រក្រីក្រនេះអាចជួយសម្រួលទុក្ខលំបាកក្នុងគ្រួសារ ដូចជា ពេលសមាជិកគ្រួសារមានជំងឺត្រូវទៅមណ្ឌលសុខភាពបើកថ្នាំគឺមិនអស់លុយ ហើយពេលសម្រាលកូន និងថ្លៃអាហារថ្លៃធើ្វដំណើរផ្សេងៗក៏ត្រូវផ្តល់ជូនវិញផងដែរ។

សកម្មភាពមន្រ្តីឃុំកកោះ កំពុងសម្ភាសន៍អ្នកស្រី នួន ផាត ដើម្បីផ្តល់ប័ត្រក្រីក្រ។រូបភាព ណុល គឹមឡាង យុវជនខេត្តបាត់ដំបង។

អ្នកស្រី នួន ផាត បន្តថា ប័ត្រក្រីក្រនេះបានជួយឱ្យគ្រួសារអ្នកស្រីផុតពីភាពលំបាក ពេលសមាជិកក្នុងគ្រួសារមានជំងឺគ្មានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យ ពិសេស ការធ្វើសៀវភៅគ្រួសារ សំបុត្រកំណើត និងសេវាផ្សេងៗមួយចំនួនក៏មិនបាច់ចំណាយប្រាក់ដែរ៕

អត្ថបទខ្លីសរសេរដោយ  ណុល គឹមឡាង យុវជនខេត្តបាត់ដំបង ជាសិក្ខាកាមក្នុងវគ្គ បណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image