loader

អន្ទាក់ចង្រិតអ្នកឃុំបារាយណ៍ជារបរបង្កើនចំណូលពេលរាត្រី

ខេត្តកំពង់ធំ៖ ខុសពីពន្លឺអំពូលចំរុះពណ៌តាមអគារខ្ពស់ៗ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ដូរ និងផ្ទះពលរដ្ឋនៅទីក្រុង ពន្លឺអំពូលពណ៌ខៀវៗតម្រៀបជាជួរតាមភ្លឺស្រែនាកណ្តាលរាត្រីងងឹតសូន្យសុង វាគឺជាអន្ទាក់សម្រាប់ដាក់ចង្រិតរបស់អ្នកភូមិបាណក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។  

អន្ទាក់ចង្រិតភាគច្រើនដាក់តាមភ្លឺស្រែ តាមវាលស្មៅ និងតាមមាត់ទឹក។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

ក្រៅពីរបរស្រែចំការនិងលក់ដូរនៅពេលថ្ងៃ អ្នកឃុំបារាយណ៍មួយចំនួនបានឆ្លៀតធ្វើអន្ទាក់ចាប់ចង្រិតពេលរាត្រី ជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយជីវភាពគ្រួសារ។

អ្នកស្រី សុខុមនិងស្វាមី ជាកសិករនិយាយថា ការធ្វើអន្ទាក់ដាក់ចង្រិតជារបរមួយងាយស្រួលអាចរកប្រាក់ចំណូលបន្ថែមបាន ហើយមិនប៉ះពាល់ការងារផ្សេងៗឡើយ ព្រោះការទាក់ចង្រិតធ្វើឡើងនៅពេលយប់។

ចង្រិតភាគច្រើនបានលក់ឱ្យឈ្មួញកណ្តាល ដើម្បីលក់បន្តនៅភ្នំពេញ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

កសិករទាំងពីរនាក់ប្តីប្រពន្ធរូបនេះរៀបរាប់ពីរបៀបធ្វើអន្ទាក់ចង្រិតថា អន្ទាក់ចង្រិតនេះ គេរើសយកទីតាំងធ្វើនៅតាមភ្លឺស្រែ ឬដីវាលដែលមានស្មៅដុះខ្លីៗ។ គេប្រើថង់កៅស៊ូស្វិតថ្លារៀបវាជាបួនជ្រុងរាងចតុកោណកែងកំពស់ប្រមាណពីរចំអាម ហើយចងអំពូល ម៉ែត្រពណ៌ខៀវពីលើប្រហែលកន្លះម៉ែត្រពីដី។ ចំណែកនៅក្នុងអន្ទាក់នោះ គេដាក់ទឹកប្រហែលមួយចំអាមចូលទៅក្នុងអន្ទាក់ និងបន្ថែមខ្លាញ់ ឬប្រេងឆា ប្រមាណកន្លះគីឡូផង។

អ្នកស្រី សុខុម ឱ្យដឹងថា ពេលយប់ជាពេលដែលត្រូវភ្ជាប់អំពូលបំភ្លឺឡើងដើម្បីទាក់ទាញចង្រិតឱ្យហើរចូលមក។ អ្នកស្រី សុខុម បន្តថា ពេលចង្រិតឃើញពន្លឺភ្លឺៗវានឹងហើរមកក្បែរអំពូល ហើយធ្លាក់ចូលក្នុងអន្ទាក់ ហើរចេញពុំរួចនោះទេ ព្រោះស្លាបចង្រិតទទឹកជោកដោយទឹក និងខ្លាញ់។ បន្ទាប់មកទើបកសិករប្រើកញ្ច្រែងដួសចង្រិតពីក្នុងអន្ទាក់នោះ។

សកម្មភាពដួសចង្រិត។រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

អ្នកស្រី សុខុម ឱ្យដឹងទៀតថា ការរកចង្រិតអាចបានប្រហែល ៥ ទៅ ១០០គីឡូក្នុងមួយយប់ ក្នុងអន្ទាក់ចំនួន ១០។ អ្នកស្រីនិយាយថា ចង្រិតអាចមានតម្លៃពី ៦ ទៅ ៧ ពាន់រៀលក្នុងមួយគីឡូ។ ពេលវេលាដាក់ចង្រិតចាប់ពីខែមេសា ដល់ខែតុលា។

ចង្រិតគេអាចយកវាធ្វើជាអាហារបាន ដោយបំពងវានឹងខ្លាញ់ ឬប្រេងឆាក្តៅៗ។ ពលរដ្ឋនៅទីក្រុងក៏និយមទទួលទានចង្រិតបំពងជាចំណី និងគ្រឿងក្លែម ដែលវិធីរកចង្រិតនេះមានអ្នកដឹងតិចតួច៕

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត