en     km
en     km

របរទិញលក់ត្រី ក្តាម ខ្យង អន្ទង់ ជន្លេន អ្នកស្រុកបារាយណ៍កែប្រែជីវភាពបានប្រសើរ

Share

កំពង់ធំ៖​ បីឆ្នាំមុនលោក ហន សុខឃីន និងភរិយា ត្រូវក្រោកពីព្រលឹមស្រាងៗ ដើម្បីទៅរកត្រី ក្តាម ខ្យង និងអន្ទង់ ចំណែកប្រពន្ធត្រូវដើរស៊ីឈ្នួល ស្ទូង ដក​ ច្រូតស្រូវ និងដកដំឡូងឱ្យគេ ជាថ្នូរនឹងប្រាក់កម្រៃតិចតួចដើម្បីចិញ្ចឹមជីវិត។

ប៉ុន្តែក្រោយបីឆ្នាំនេះ លោក ហន សុខឃីន និងភរិយា ក៏នៅតែក្រោកពីព្រលឹមស្រាងៗដដែល តែអ្នកទាំងពីរត្រូវរៀបចំវេចខ្ចប់ត្រី ក្តាម​ ខ្យង អន្ទង់ និងជន្លេន ដាក់ឡានលក់ចែកចាយបន្តឱ្យឈ្មួលដើម្បីយកទៅលក់បន្តតាមហាង និងភោជនីយដ្ឋាននៅរាជធានីភ្នំពេញ ដែលរបរនេះបានកែប្រែជីវភាពក្រុមគ្រួសារលោក។

សកម្មភាពលក់ចែកចាយបន្តផលនេសាទអ្នកស្រុកបារាយណ៍ទៅរាជធានីភ្នំពេញ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោក ហន សុខឃីន រស់នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលសព្វថ្ងៃជាឈ្មួញកណ្ដាលទទួលទិញ និងលក់ ត្រីគ្រប់ប្រភេទ មានទាំងក្ដាម ខ្យង អន្ទង់ និងជន្លេនផងនោះ ប្រាប់ឱ្យដឹងថា លោកជាអ្នកប្រមូល ទិញផលនេសាទពីប្រជាកសិករដែលរកបានតាមបឹង និងតាមស្រែក្នុងស្រុកបារាយណ៍ទាំងមូល។ លោកបន្តថា លោកលក់ចែកចាយទៅម៉ូយនៅក្រុងភ្នំពេញ ដែលត្រូវផ្ញើតាមឡានរៀងរាល់ព្រឹកជាប្រចាំ។

លោក ហន សុខឃីន ជាឈ្មួញទិញលក់ផលនេសាទពីពលរដ្ឋក្នុងស្រុកបារាយណ៍ ចែកចាយទៅម៉ូយនៅភ្នំពេញ។ រូបភាព ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ

លោក សុខឃីន បន្ថែមថា លោកអាចរកប្រាក់ចំណូលពីរបរនេះប្រហែល ១០ ម៉ឺនរៀលក្នុងមួយថ្ងៃ។ របរនេះបានជួយកែប្រែជីវភាពរបស់ក្រុមគ្រួសារលោកបានធូធារប្រសើរឡើងជាងមុនទាំងការហូបចុក ការស្លៀកពាក់ របស់ប្រើប្រាស់ និងការសិក្សារបស់កូនៗផងដែរ៕

ខាងក្រោមនេះជារូបភាពសកម្មភាពទិញលក់របស់ប្តីប្រពន្ធលោក ហន សុខឃីន។

អត្ថបទខ្លីសរសេរដោយ ហុក ដេប៉ូ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image