en     km
en     km

ជីវិតស្ត្រីនៅភូមិបណ្ដែតទឹកកំពង់ឃ្នាស

Share

ផ្ទះតូចៗរាប់សិបខ្នងដែលសង់បន្តប់លើក្បូនឬស្សីនៅផ្ដុំគ្នាកើតបានជាភូមិបណ្ដែតទឹកមួយលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំក្បាលត្រាច​ ស្រុកក្រគ ខេត្តពោធិ៍សាត់ ។​ នោះជាភូមិបណ្ដែតទឹកដែលមានប្រវត្តិកកើតតាំងពីមុនឆ្នាំ១៩៦៥ ហើយមានមនុស្សរស់នៅតិចតួចប៉ុណ្ណោះ ។ប៉ុន្តែចាប់ពីឆ្នាំ១៩៨២មក ភូមិនេះក៍មានមនុស្សចូលមករស់នៅ កើនឡើងរហូតមកទល់នឹងបច្ចុប្បន្ន មានចំនួន៥៤គ្រួសារ និងប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងនោះស្ត្រីជាង៥០ភាគរយ។នេះជាភូមិបណ្តែតទឹកមួយដែលនៅឆ្ងាយដាច់ស្រយ៉ាលពីគេ ពិបាកទាំងការធ្វើដំណើរ និងពិបាកទាំងទំនាក់ទំនងជាមួយមជ្ឈដ្ឋានសង្គមខាងក្រៅ។

 

ជាភព្វសំណាងល្អ នៅឆ្នាំ២០០៩អង្គការមិត្តជនបទបាន ចូលមកដល់ភូមិបណ្តែតមួយនេះ ហើយបង្កើតជាសហគមន៍មួយឱ្យឈ្មោះថា សហគមន៍នេសាទកំពង់ឃ្នាស និងបានដាក់កម្មវិធីមួយចំនួនដើម្បីជួយជម្រុញជីវភាពរបស់ស្រ្តីនៅទីនេះ។

អ្នកស្រីសាំង សារឿន ជាបេឡាក្រុមស្ត្រីសហគមន៍នេសាទកំពង់ឃ្នាសបានបញ្ចាក់ថាៈ ក្រុមស្ត្រីយើងបានអង្គការមិត្តជនបទជួយដំបូងបង្អស់គឺសាលារៀន ក្បូនឫស្សីដាំបន្លែ ហើយផ្ដល់ជាថវិកាមួយគ្រួសារជាង១០០ដុល្លារឱ្យយកមកប្រកបមុខរបរ ដូចជា រាយម៉ង ដងស្ទូច ចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមត្រី។ថវិកាហ្នឹងអត់ឱ្យដាច់ទេគេប្រមូលទៅវិញ លុយឱ្យសន្សំក្នុង៥ខែសន្សំឱ្យបានពីរម៉ឺនប្រាំពាន់រៀល។ សន្សំក្នុងក្រុម​ស្ត្រីហ្នឹងទុកដោះស្រាយ ដូចជាឈឺថ្កាត់អីទៅ មានលុយមានកាក់ទៅពេទ្យ ទៅមណ្ឌលសុខភាព កើតកូនអីចឹង។

ថ្វីបើជីវិតរស់នៅជាអ្នកនេសាទ តែផលត្រីក្នុងទន្លេបានថយចុះយ៉ាងខ្លាំង។ដូច្នេះកម្មវិធីមុខរបរដែលកំពុងជម្រុញនិងអនុវត្តដោយស្ត្រីក្នុងសហគមន៍ ដូចជាការចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមត្រី បានរួមចំណែកបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយឱ្យជីវភាពអ្នកភូមិបានធូរធាមួយកម្រិត។

អ្នកស្រី ក្រូច គា៖ សម័យឥឡូវនេះ បទល្មើសច្រើនណាស់រកត្រីលែងបានហូបហើយ ម្លោះហើយចេះតែដាក់ជ្រូកចិញ្ចឹមទៅគ្រាន់លក់ទៅទិញបានរបស់អីបានធ្វើដើមទុនរកទៅមុខទៀត ។ខ្ញុំអត់មានថវិកាចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកក៍បានអង្គការមិត្តជនបទឱ្យខ្ចីមកហាសិបម៉ឺនរៀល ទិញមេមាន់បានប្រាំ ទិញជ្រូកបានពីរក៍ចិញ្ចឹមរហូតមក។ តាំងពីខ្ញុំចិញ្ចឹមមាន់ ចិញ្ចឹមជ្រូកមក ខ្ញុំទិញបាឡាបានមួយ ទិញម៉ាស៊ីនទូកពីរម៉ាស៊ីនបើករាល់ថ្ងៃនេះមួយ ហើយនិងជួសជុលផ្ទះសម្បែង ។

អ្នកស្រី លាន ចាន់រុំ៖ ខ្ញុំចិញ្ចឹមមាន់ហ្នឹងយកលុយពីអង្គការមិត្តជនបទ។យកមកដំបូងទិញមេចិញ្ចឹមប្រាំក្បាល រួចហើយកូនមកបន្តៗគ្នា ហើយចាប់លក់បានលុយហាសិបម៉ឺនរៀល ហើយនៅកូនទៀតអត់ទាន់ញាស់។បច្ចេកទេស គ្រូជួយចុះមកបង្ហាត់បច្ចេកទេស និងដាក់ថ្នាំពេលវាឈឺ។ បន្ទាប់ពីខ្ញុំ ចិញ្ចឹមមាន់បានមួយឆ្នាំមក ជីវភាពផ្លាស់ប្ដូរមករាងធូរធាជាងមុន។ លុយមាន់ខ្ញុំបានចំណាយទៅលើកូនរៀន និងទិញម្ហូប។

កត្តាសំខាន់មួយទៀតដែលរីកចំរើនជាទីគាប់ចិត្តរបស់អ្នកភូមិនៅទីនេះក្រៅពីផ្នែកសេដ្ឋកិច្ចគឺផ្នែកអប់រំសម្រាប់ កុមារជាកូនចៅរបស់ពួកគេ ដែលប្រមាណ១០ឆ្នាំមុនទីនេះគ្មានសាលារៀនសម្រាប់សិក្សារៀនសូត្រនោះទេ។
លោកសោម ច្រិប ប្រធានសហគមន៍នេសាទកំពង់ឃ្នាស សម្ដែងការរីករាយចំពោះសមិទិ្ធផលក្នុងភូមិរបស់ខ្លួនថាៈ

អង្គការចូលមកពី២០០៩ហ្នឹង គឺគាត់បានបង្កើតសាលាហ្នឹងឱ្យ ហើយពេលដែលមានសាលារៀន មានគ្រូក្របខណ្ខរបស់រដ្ឋច្បាស់លាស់ចឹងមក សិស្សហ្នឹងបានរៀនក្នុងកម្រិតយល់ដឹងបានច្រើន។ សង្កេតជារួមនៅក្នុងសហគមន៍ភូមិខ្ញុំនេះ ទី១គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៍វាផ្លាស់ប្ដូរតាំងពីអត់រហូតដល់ឥឡូវវាគ្រប់គ្រាន់ធូរធាខ្លះ ហើយកុមារអាចមានចំណេះដឹងខ្ពង់ខ្ពស់រៀនឡើងទៅអនុវិទ្យាល័យអស់ហើយ ក្រោយពីឪពុកម្ដាយមានកត្តាសេដ្ឋកិច្ចពេញលេញទៅ ក្មេងក៍អាចមានលទ្ធភាពរៀនគ្រប់គ្រាន់។

មិត្តជនបទជាអង្គការមួយដែលធ្វើសកម្មភាពផ្ដោតលើការលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការផ្ដល់អំណាចសេដ្ឋកិច្ចដល់ស្រ្តី ជាមួយកម្មវិធីជម្រុញ និងបង្កើតមុខរបរខ្នាតតូចនៅសហគមន៍។ ភូមិបណ្ដែតទឹកមួយចំនួនក្នុងខេត្តពោធិ៍សាត់ គឺជាតំបន់គោលដៅនៃគម្រោងរបស់អង្គការ ។

លោកស្រីចាន់ ធារ៉ា នាយិកាប្រតិបត្តិអង្គការមិត្តជន បទ បានឱ្យដឹងថាៈ ស្ថានភាពរួមនៅបណ្ដាភូមិបណ្ដែតទឺក គឺប្រជាពលរដ្ឋជាពិសេសស្ត្រី រស់នៅក្នុងភាពក្រីក្រ និងមានការលំបាកខ្លាំងជាងភូមិនៅលើទីគោក។ ដោយឡែកនៅភូមិបណ្ដែតសហគមន៍នេសាទកំពង់ឃ្នាស គឺប្រជាពលរដ្ឋរស់នៅក្នុងភាពលំបាកដោយសារមុខរបរនេសាទត្រីមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យអ្នកភូមិរស់នៅខ្វះខាតក្នុងជីវភាព ដែលនាំមកនូវបញ្ហាជាច្រើនដល់ស្រ្តីនិងកុមារ ដូចជា អំពើហិង្សាក្នុងគ្រួសារ កង្វះអនាម័យ ជំងឺដង្កាត់ ភាពអវិជ្ជា។ល។

លោកស្រីបានគូសបញ្ចាក់ទៀតថាៈ គោលបំណងរួមរបស់យើងគឺយើងជួយស្រ្តីដែលរស់នៅក្នុងទីជនបទដាច់ស្រយ៉ាល ឱ្យគាត់មានការងារធ្វើ ឱ្យ គាត់មានលទ្ធភាពចិញ្ចឹមកូនគាត់បាន ឱ្យគាត់ទទួលបានព័ត៌មានផ្សេងៗពីសង្គម ដូចជាការផ្សព្វផ្សាយអំពីសិទ្ធិ ការទទួលសេវាសុខភាព ឱ្យគាត់មើលឃើញថា សង្គមហ្នឹងត្រូវបានចូលរួមចំណែករំលែកទុក្ខលំបាករបស់គាត់ដែលរស់នៅដាច់ស្រយ៉ាលនៅលើទឹកហ្នឹង ដែលផ្នែកសង្គម ផ្នែករដ្ឋាភិបាលមិនសូវបានឃើញពួកគាត់ ដោយសារតំបន់គាត់រស់នៅឆ្ងាយ ហើយរស់នៅលើទឹកពិបាកធ្វើដំណើរទៅមក។

ការដាក់កម្មវិធីអភិវឌ្ឍទៅកាន់តំបន់ឆ្ងាយដាច់ស្រយ៉ាល ជាពិសសេសនៅតំបន់ភូមិបណ្ដែតទឹក ជាការឆ្លើយតបយ៉ាងមានប្រសិទិ្ធភាពនឹងគោលបំណងដែលចង់ឱ្យស្រ្តី និងកុមារនៅទីនោះទទួលបានសិទ្ធិរស់នៅដោយពេញលេញដូចប្រជាពលរដ្ឋដទៃទៀតនៅទួទាំងប្រទេស៕

Share

Image
Image
Image