loader

ជំនាញភាពអ្នកដឹកនាំអាចជួយស្រ្តីក្នុងការដោះស្រាយបញ្ហាគ្រួសារ និងសហគមន៍

ក្រុងបាត់ដំបង៖ ក្រុមស្រ្តីជាមេដឹកនាំឆ្នើមក្នុងសហគមន៍ខេត្តបាត់ដំបង បានលើកឡើងថា ជីវិតពួកគាត់បានកែប្រែស្ទើរទាំងស្រុង ពីស្រ្តីដែលធ្លាប់មានបញ្ហាផ្លូវចិត្ត ក្លាយជាស្រ្តីជាមេដឹកនាំក្នុងសហគមន៍ ជាពិសេស​ក្លាយជាស្រ្តីគំរូក្នុងការលើកកម្ពស់ស្រ្តីនៅក្នុង សហគមន៏ បន្ទាប់ពីពួកគាត់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមួយដែលរៀបចំដោយអង្គការបន្ទាយស្រី ក្រោមការគាំទ្រពីសហភាពអឺរ៉ុប។

ជាស្រ្តីឆ្នើមមួយរូបនៅក្នុងសហគមន៍ ហើយក៏ជាសមាជិកក្រុមប្រឹក្សានៃសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង អ្នកស្រី សុស រ៉ាហ្វូន បាននិយាយដោយទឹកមុខបង្ហាញពីភាពឈឺចាប់ថា អ្នកស្រី ធ្លាប់ជាស្រ្តីដែលមានបញ្ហាផ្លូវចិត្ត ដោយសារវិបត្តិគ្រួសារ បានធ្វើឱ្យជីវិតអ្នកស្រីក្លាយជាស្រ្តីម៉េម៉ាយចិញ្ចឺមកូនដោយភាពលំបាក។

រៀបរាប់ដល់ចំណុចនេះ អ្នកស្រី លើកឡើងថា៖«ចាស៎! រឿងបញ្ហាផ្លូវចិត្តហ្នឹង! បងកាលពីមុនមានបញ្ហាបែកបាក់គ្រួសារ ជាស្រ្តីម៉េម៉ាយរស់នៅចិញ្ជឹមកូន ហើយចិញ្ជឹមលោកឱពុកផង ម្តាយផង ហើយមួយថ្ងៃបងស្មុគ្រស្មាញរហូត! គ្មានទំនុកចិត្តលើខ្លូនឯង ពេលខ្លះចង់និយាយចេញក្រៅ តែមិនហ៊ាននិយាយខ្លាចខុស។»។  

ស្រ្តីជាក្រុមប្រឹក្សាឃុំសង្កាត់ ខ្មែរ-ឥស្លាម រូបនេះ បានបន្តថា អ្នកស្រីត្រូវបានក្រុមគ្រួសារ និង សមាជិកអង្គការបន្ទាយស្រី ជំរុញ និង លើកទឹកចិត្ត ឲ្យចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ក្នុងនោះ អ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដែលរៀបចំដោយអង្គការបន្ទាយស្រី ក្រោយមកអ្នកស្រីក្លាយជាមនុស្សស្រីដែលមានទំនុកចិត្ត លើខ្លួនឯង។

អ្នកស្រី សុស រ៉ាហ្វូន៖ ចាប់តាំងពីបងចូលជាមួយបន្ទាយស្រីមក ផ្លូវចិត្តបងសប្បាយច្រើនជាងមុន ក្នុងការងារក៏សប្បាយ! ហើយបងបានជួយស្រ្តីជាច្រើនដែលទទួលរងពីអំពើហឹង្សាហ្នឹងតាមរយៈផ្លូវច្បាប់! ហើយឥឡូវនេះ បងយល់ដឹងបានច្រើនជាងមុន ថាស្រ្តីក៏មានសិទ្ធិនៅក្នុងការបញ្ជេញមតិ និង ដឹកនាំដែរ មិនមែនតែមនុស្សប្រុសទេ។

មិនខុសគ្នានឹងការលើកឡើងនេះ ស្រ្តីជាសមាជិកផ្នែកឥណទាន និង សមភាពយ៉េនឌ័រ នៃសហគមន៍អភិវឌ្ឍន៍ចំរុះនៅ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អ្នកស្រី ជន សុជាតិ បានលើកឡើងថា អ្នកស្រីជាមនុស្សម្នាក់ដែលធ្លាប់មានបញ្ហាផ្លូវចិត្ត ពុំសូវចូលរួមកិច្ចការសង្គមណាមួយទាល់តែសោះមុនពេលដែលអ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាមួយអង្គការបន្ទាយស្រី។

អ្នកស្រីបន្តថា ចាប់តាំងពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនដែលរៀបចំដោយអង្គការបន្ទាយស្រី អ្នកស្រីក្លាយជាស្រ្តីឆ្នើមដោយ ជួយដោះស្រាយបញ្ហាវិបត្តិក្នុងគ្រួសាររបស់ស្រ្តីនៅក្នុងសហគមន៍ ដែលអ្នកស្រីថាបញ្ហាអំពើហឹង្សានៅក្នុងគ្រួសារនៅក្នុងសហគមន៍របស់អ្នកស្រី មានការថយចុះគួរឲ្យកត់សម្គាល់។

អ្នកស្រី ជន សុជាតិ៖ «នៅក្នុងសហគមន៍នីមួយៗ តែងមានណា អំពើហឹង្សានៅក្នុងគ្រួសារ ការដោះស្រាយជូនពួកគាត់ហ្នឹងគឺធ្វើឲ្យយើងមានទឹកចិត្តអាណិតអាសូរ។ អញ្ជឹង! យើងយកការគិតរបស់យើងហ្នឹងទៅរកដំណោះស្រាយជូនពួកគាត់ ហើយបងក្លាយជាស្រ្តីដែលមានភាពក្លាហាន លែងខ្លាចនៅក្នុងសង្គម ចេះដោះស្រាយបញ្ហា ដំណោះស្រាយដល់សង្គមគ្រួសារអញ្ជឹងហាណា៎!។»

យ៉ាងណា ក្រុមស្រ្តីនេះបានទទូចសុំឲ្យវគ្គបណ្តុះបណ្តាលនេះ ធ្វើឲ្យបានជាប់លាប់ និងបន្ថែមវគ្គបណ្តុះបណ្តាលជំនាញទន់ផងដែរ ដើម្បីជាប្រយោជន៍ក្នុងការបញ្ជ្រៀបចំណេះដឹង ស្តីពីភាពជាអ្នកដឹកនាំដល់ស្រ្តីនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា អង្គការបន្ទាយស្រី ក្រោមការគាំទ្រពី សហភាពអឺរ៉ុប ក្នុងគម្រោងវគ្គបណ្តុះបណ្តាលដល់ស្រ្តីនៅក្នុងសហគមន៍ក្នុងនោះមានដូចជា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលស្តីពីការប្រាស្រ័យទាក់ទងរបស់ស្រ្តី វគ្គបណ្តុះបណ្តាលស្តីពីការគៀងគរពលរដ្ឋ និង ការបញ្ជ្រៀបព័ត៌មានដល់ពលរដ្ឋ និង វគ្គបណ្តុះបណ្តាលផ្សេអៗទៀត។ គម្រោងនេះ មានរយៈពេល ៣ ឆ្នាំ រាប់ចាប់ពីឆ្នាំ​២០១៦ ដល់ ឆ្នាំ ២០១៨៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត