loader

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំងស្បែកនៃស្រុកពញាឮ លុះដល់ឆ្នាំ ១៨៤៧ ទើបទ្រង់ត្រូវបានអភិសេកឲ្យឡើងសោយរាជ្យ ជា ព្រះមហាក្ស ត្រនៅឧដុង្គ ក្នុងនាមជាព្រះរាជាដែលគិតដល់អាយុជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំងនៅពេលទ្រង់ជ្រាបថា ទឹកដីខ្មែរ    ជាច្រើនបាត់បង់ទៅសៀម និងអាណ្ណាម។ ដើម្បីរំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់អាណ្ណាម និងសៀម មានតែមធ្យោបាយមួយគឺពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។

លោក នួន បូរិន ជូនសេចក្ដីអត្ថាធិប្បាយដូចតទៅ៖

ព្រះបាទអង្គឌួងដែលត្រូវបានព្រះចៅសៀមយកទៅចិញ្ចឹមបីបាច់ថែរក្សាតាំងពីកុមារនោះ​បានគ្រងរាជ្យនៅរវាងឆ្នាំ១៨៤៨ -១៨៥៩។ ការឡើងគ្រងរាជ្យរបស់ព្រះអង្គ តាមរយៈការព្រមព្រៀងមួយរវាងក្រុងបាងកក និងក្រុងHue (ព្រះចៅ Thieu Tri) ។

ការព្រមព្រៀងនេះ គឺជាការបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរនៅលើទឹកដីខ្មែរ។ ប្រទេសទាំងពីរ គឺ អាណ្ណាម និងសៀម តែងតែប្រើឥទ្ធិពលដើម្បីកាន់កាប់ និងបែកចែកទឹកដីខ្មែរ។

ព្រះអង្គយល់ឆ្វេងឃើញច្បាស់ថា នឹងមានគ្រោះថ្នាក់ដល់ប្រ​​ទេសជាតិទើបព្រះអង្គសំរេចព្រះទ័យស្វែងរកចំណងមិត្តភាពជាមួយប្រទេសបារាំង តាមរយៈក្រុមសាសនាកាតូលិកដែលមកធ្វើការផ្សព្វផ្សាយគ្រិស្ទសាសនានៅព្រះរាជាណាចក្រកម្ពុជា។

ដើម្បីអនុវត្តគំរោងការដ៏ពិបាកនេះ (ត្បិតព្រះអង្គត្រូវមន្រ្ដីសៀមកឃ្លាំមើលជាប្រចាំ) ព្រះអង្គបា​នសរសេរលិខិតមួយច្បាប់នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៨៥៣ ទៅព្រះចៅ Napoleon III ដើម្បីសុំចងមិត្តភាពជាមួយសាធារណរដ្ឋបារាំង។ លិខិតនេះ គេពុំដឹងច្បាស់ថា មានឃ្លោងឃ្លាដូចម្ដេចទេ តែគេអាចយល់បានតាមរយៈលិខិតទីពីរចុះថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ១៨៥៦ គឺព្រះអង្គសរសេរ ៣ឆ្នាំក្រោយ មកដើម្បីរំលឹកពីសំណើរបស់ព្រះអង្គពីលើកមុន។

-លិខិតទីមួយនេះ ព្រះអង្គផ្ញើតាមព្រះសង្ឃព្រះនាម Miche ដោយមានអំណោយមួយចំនួនថ្វាយព្រះអធិរាជបារាំងផង។ នៅបណ្ដាដ្ឋានរបស់បារាំង គេរកពុំឃើញលិខិតនេះទេ ហើយគេស្មានថា ប្រហែលជាបានត្រូវឆេះនៅក្នុងអគ្គិភ័យនៅអាគារ Tuileries នៅទីក្រុង Paris ក្នុងសម័យបដិវត្តបារាំងឆ្នាំ ១៨៧១ ។

-លិខិតទី២ ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ១៨៥៦ ព្រះអង្គបានផ្ញើនៅពេលដែលព្រះសង្ឃ Montigny បានបំពេញបេសកកម្មនៅចុងបូពាហ៍ប្រទេស(ថៃ-កម្ពុជា-កូសាំងស៊ីន-ចិន) គឺនៅឆ្នាំ ១៨៥៦ ។

សូមបញ្ជាក់ថា Montigny មិនបានជួបពិភាក្សាសន្ធិសញ្ញាជាមួយព្រះអង្គឌួងទេ ត្បិតសៀមមិនរាជានុញ្ញាតិ អោយព្រះអង្គយាងចេញពី Oudong ទៅកំពត ដើម្បីជួប ហើយលុះដល់ Montigny ផ្ញើលិខិតបេសកកម្មមកគាល់ព្រះអង្គនៅ Oudong ហើយមន្រ្ដីសៀមនៅជាមួយព្រះអង្គក៏តាមឃ្លាំមើលទៀត។ ដូចនេះ សន្ធិសញ្ញាសន្ដិភាព បារាំង-កម្ពុជា មិនអាចធ្វើបានឡើយនាពេលនោះ។

ក្នុងគំរោងសន្ដិសញ្ញាសន្ដិភាព ឈ្មោះសន្ធិសញ្ញាពាណិជ្ជកម្ម និងសាសនា ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៨៥៦ ដែលដាក់ថ្វាយព្រះអង្គឌួងចុះព្រះហត្ថ លេខានោះ មានឧបសម្ព័ន្ធមួយស្ដីពីកោះត្រល់ ដែលព្រះអង្គឌួងលើកស្នើប្រគល់អោយព្រះចៅ Napoleon III កាន់កាប់ដើម្បីជៀសវាងកុំអោយព្រះចៅ Hue មកបោះទីតាំងនៅបាន(សូមមើលផ្នែកកោះត្រល់)។

២.ខ្លឹមសារព្រះរាជលិខិតព្រះអង្គឌួង

យើងព្រះចៅក្រុងកម្ពុជាធិបតី ។

ទួលបង្គមានចិត្តស្វាម៉ីភ័ក្ដជាខ្លាំងចំពោះព្រះចៅ Napoleon III ព្រះអធិរាជនៃប្រជារាស្រ្ដបារាំង និងចំពោះប្រជាជាតិបារាំងដ៏ស្មោះស្ម័គ្រ។

ព្រះបាទសម្ដេច ព្រះចៅអធិរាជបានបង្ហាញនូវការស្រឡាញ់ពេញចិត្តចំពោះទូលបង្គំដោយបានរាជានុញ្ញាតិអោយលោក Montigny ធ្វើដំណើរឆៀងចូលមកកម្ពុជា។

ដើម្បីសំដែងកត្តញូតាធម៌ទូលបង្គំបានបញ្ជូនរដ្ឋមន្រ្ដី ៣រូប និងមន្រ្ដីជាន់ខ្ពស់ ១៥រូបទៀត ដើម្បបីទៅទទួល និងថ្លែងអំណរគុណនៅកំពត។ ជាច្រើនឆ្នាំកន្លងមកហើយ បេសកជនសាសនិកជាច្រើនបានសំដែងការសរសើរចំពោះប្រទេសបារាំង។

ព្រះមហាអធិរាជបារាំង និងប្រជារាស្រ្ដបារាំងដែលប្រកាន់សាសនាកាតូលិកមានសណ្ដានចិត្តល្អប្រពៃ យកអាសារអ្នកដទៃពីទុក្ខព្រួយនានា​ និងមិនបៀតបៀន ឈ្នានីស រំលោភបំពានលើប្រយោជន៍អ្នកដទៃឡើយ។ ផ្ទុយទៅវិញ ព្រះអង្គតែងតែយកព្រះទ័យជួយអ្នកក្រខ្សត់ និងផ្ដល់ប្រយោជន៍ និងភាពសំបូរសប្បាយទៀតផង។

ព្រះចៅអធិរាជបារាំងពិតជាមានព្រះទ័យល្អមែន គឺផ្ទុយពីរដ្ឋាភិបាលជាតិ អឺរ៉ុបខ្លះ ដែលពូកែខាងបំពុល និងបំផ្លិចបំផ្លាញ។

ការរំលឹកពីខ្លឹមសារនៃព្រះរាជសារលិខិតទី១

ទូលបង្គំសុំព្រះរាជអនុញ្ញាតិទូលថ្វាយអោយបានជ្រាបថា កាលពីដើមព្រះរាជាណាចក្រកម្ពុជា មានទឹកដីធំទូលាយល្វឹងល្វើយណាស់។ តែជាតិអាណា្ណមដែលមានចិត្តមិនស្មោះត្រង់ ក្រោយពីបានចងមិត្តភាពជាមួយកម្ពុជាហើយក៏បានលុកលុយយកខេត្តខ្មែរម្ដងមួយៗ។

ពេលដែលព្រះចៅ Gialong ឈ្លោះដណើមរាជជាមួយតៃសុន Gialong បានទៅពឹងសៀម។ នៅទីនោះ Gialong បានជួប និងព្រះរាជបិតារបស់ខ្ញុំ (ព្រះអង្គអេង) ហើយក៏សុំចងសម្ព័ន្ធមិត្តជាមួយគ្នា។ Gialong ត្រឡប់មកវិញ ដោយមានទ័ពសៀម និងខ្មែរជួយច្បាំងដណ្ដើមយករាជពីតៃសុនបានមកវិញ ហើយក៏័ឡើងគ្រងរាជ្យនៅកូសាំងស៊ីនទៅ។

Gialong ជំពាក់គុណខ្មែរនៅខេត្តព្រះត្រពាំង ដែលជួយច្បាំងខ្លួនក៏សុំកុំអោយព្រះបិតាខ្ញុំយកពន្ធពីខេត្តនេះ ព្រះបិតាខ្ញុំក៏យល់ព្រម​ ក្នុងនាមជាមិត្ត។ ក្រោយមក Gialong ក៏យកខេត្តនោះតែម្ដងទៅ។ ក្រោយមកទៀត នៅពេលដែលបងខ្ញុំ ទៅសុំអោយ Gialong ជួយម្ដងវិញ ហើយពេលនោះខ្ញុំថយទៅនៅថៃ ព្រះអង្គម្ចាស់ Ming Mang ជាកូនបានជីកទន្លេវិញតេ កាត់យកដីខ្មែរ ពីពាមមកមាត់ជ្រូក ហើយដាក់រដ្ឋបាល និងនិគមជនអាណ្ណាមកាន់កាប់នៅទីនោះ។

បងរបស់ខ្ញុំសុតតទៅដោយគ្មានព្រះរាជបុត្រស្នងរាជានោះទេ Ming Mang ក៏បង្ខាំងទុកព្រះរាជបុត្រីទាំងអស់ព្រមទាំងព្រះរាជមាតានៅព្រៃនគរ ហើយបានធ្វើអោយព្រះរាជបុត្រីមួយអង្គសុគតទៀតផង។

ចំពោះប្រជារាស្រ្ដខ្មែរ ដែលនៅដំបងទាំងនោះ ក្សត្រនេះបានបំបែករាស្រ្ដ និងមន្រ្ដី ហើយពង្រាយលើកោះនានាព្រមទាំងបំបរបង់ទៅដល់ខេត្តខាងជើងជាប់នឹងប្រទេសចិន។ ប្រជារាស្រ្ដនៅពេលនោះ ដោយពុំអាចទ្រាំទ្របាន និងដោយមានរងគ្រោះច្រើនផង ក៏អំពាវនាវអោយខ្ញុំត្រឡប់ពីសៀមមកគ្រប់គ្រងវិញ។ សម្ដេចព្រះ ណងក្លាវ ព្រះចៅក្រុងសៀមបានអោយតេជោ បូឌឹន នាំទ័ពចំនួនជាងប្រាំពាន់នាក់ ប្រកបដោយចំណាយជាច្រើន​ ដើម្បីមកជួយច្បាំងខ្មែរប្រឆាំងនិងអាណា្ណមដែលរហូតមកទល់ពេលនេះ ពុំទាន់បានភ្ជាប់ខេត្តទាំងនោះបានជាស្ថាពរនៅឡើយទេ។

ក្រោយពីសង្រ្គាមជាងប្រាំបីឆ្នាំមក ព្រះចៅកូសាំងស៊ីនបានសុំសន្ដិភាពហើយបានសន្យាថានឹង ៖

-ទី១-នាំព្រះរាជមាតារបស់ខ្ញុំ និងព្រះរាជបុត្រីរបស់ម្ចាស់បងរបស់ខ្ញុំមកវិញ

-ទី២-ព្រមទាំងមន្រ្ដី និងប្រជានុរាស្រ្ដខ្មែរឯទៀតដែលនៅរាយពាសពេញទីកន្លែងនៅអាណ្ណាម

-ទី៣-ទទួលស្គាល់ទូលបង្គំជាខ្ញុំ ជាមហាក្សត្រខ្មែរដោយប្រគល់មកអោយខ្ញុំនូវត្រាអណា្ណមដែលជាសញ្ញានៃអធិបតេយ្យភាព។

សារលិខិតបានបញ្ជាក់ទៀតថា​ព្រះចៅ Ming Mang បានសន្យាទៀតថា នឹងប្រគល់អាណាខេត្តខ្មែរដែលអាណា្ណមបានកាត់យកទៅនោះអោយមកខ្មែរវិញទាំងអស់។

ឃើញដូចនោះ តេជោ បូឌឹន ក៏ឆ្លើយថា បើដូចនេះមែនក៏ល្មមនឹងធ្វើសន្ដិភាពហើយ។ កិច្ចព្រមព្រៀងសន្ដិភាពក៏បានធ្វើមែន ប៉ុន្ដែនៅចុលសករាជ ១២០៨ គឺចាប់ពីគ.ស ១៨៤៦ មក ព្រះចៅកូសាំងស៊ីនប្រកាសថា អាណាខេត្តដែលកាត់យកពីកម្ពុជាមកមិនត្រូវទទួលបញ្ជាពីទូលបង្គំទៀតទេ ហើយក៏មិនត្រូវបង់ពន្ធអាករមកអោយខ្ញុំដែរ។

ម្យ៉ាងទៀត ព្រះចៅនេះ ថែមទាំងបានហាមមិនអោយកម្ពុជាធ្វើពាណិជ្ជកម្មអ្វីទាំងអស់ជាមួយខ្លួន និងតាមកំពង់ផែខ្លួននានាទៀតផង។ នេះគឺជាទិដ្ឋភាពនៃព្រះរាជាណាចក្រកម្ពុជារបស់ទូលបង្គំ។

ទូលបង្គំសុំអោយព្រះចៅអធិរាជស្គាល់នូវឈ្មោះខេត្តដែលព្រះចៅអាណ្ណាមបានកាត់យកទៅ គឺខេត្ត ដួងណៃ ដែលអាណ្ណាមបានមកកាន់កាប់ជាង ពីរយឆ្នាំមកហើយ និងខេត្តមួយចំនួនទៀតដែលអាណ្ណាមទើបនឹងចូលមកកាន់កាប់ក្នុងពេលថ្មីៗនេះ គឺ ព្រៃនគរ ឡុងហោ ផ្សារដែក មីថ ព្រះត្រាំង អូងម៉រ ក្រមួនស ទឹកខ្មៅ ពាម កោះត្រល់ និងកោះត្រឡាច។

រាជសារព្រះអង្គឌួងថ្វាយព្រះចៅ Napoleon III បានបញ្ជាក់ទៀតថាបើសិនជាចៃដន្យ អាណ្ណាមលើកយកខេត្តណាមួយក្នុងចំណោមខេត្តទាំងអស់នេះមកថ្វាយព្រះអង្គ នោះទូលបង្គំសុំព្រះរាជាអនុញ្ញាតិកុំទទួលយក ត្បិតអាណាខេត្តទាំងនេះជារបស់កម្ពុជាទេ។

ទូលបង្គំសុំអោយព្រះចៅអធិរាជមានចិត្តអាណិតអាសូរដល់ខ្ញុំ និងប្រជារាស្រ្ដរបស់ខ្ញុំ ដើម្បីអាចអោយយើងខ្ញុំបានបញ្ចប់ជាស្ថាពរនូវការខាតបង់ទឹកដីត្រឹមប៉ុណ្ណេះ និងដើម្បីកុំអោយយើងខ្ញុំរួញថប់នៅក្នុងដែនព្រះរាជាណាចក្រដ៏តូចចង្អៀតនេះ។

បើសិនណាជាយើងខ្ញុំបានទទួលផលតាមសំណូមពរនេះ យើងខ្ញុំនឹងបានឃើញកាន់តែច្បាស់ថា ព្រះរាជកិត្តិស័ព្ទរបស់ព្រះអង្គពិតជាល្អត្រឹមត្រូវមែន​ ហើយពេលនោះប្រជារាស្រ្ដបារាំង និងប្រជារាស្រ្ដកម្ពុជា នឹងស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងធ្វើការ ទំនាក់ទំនដ៏ល្អខាងពាណិជ្ជកម្មតទៅអនាគត។

លិខិតព្រះបាទ អង្គឌួង នេះបានធ្វើនៅរាជធានីឧត្តុង នៅថ្ងៃទី២៥វិច្ឆិកា ១៨៥៦ ។ឯកសារនេះ ស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធ ឃឹម ឈុន អ៊ី ។ ឯកសារនេះ មានដំកល់ទុកនៅបណ្ណាល័យជាតិបារាំងនិងបណ្ណាល័យជាតិកម្ពុជា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុ[...]

កម្ពុជា​ប្រារព្ធ​ខួប​ ១៤​ឆ្នាំ​ នៃ​ការ​ឡើង​គ្រងរាជ្យ​ស​ម្ប​តិ្ត​ព្រះបាទ​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​

នៅ​ថ្ងៃ​ច័ន្ទ​ ទី​២៩​ ខែតុលា​ឆ្នាំ​២០១៨​នេះ​ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត