en     km
en     km

ព្រះមហាក្សត្រយាងទស្សនកិច្ចនៅវៀតណាមបន្ទាប់ពីទស្សនកិច្ចរបស់សម្ដេចហ៊ុនសែន

Share

ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេចនរោត្តមសីហមុនី កាលពីព្រឹកថ្ងៃពុធទី១៩ធ្នូនេះបាន ទៅធ្វើទស្សនកិច្ចនៅវៀតណាមដែលជាទស្សនកិច្ចផ្លូវរដ្ឋ។ មួយ​ថ្ងៃ​មុន​យាង​ទៅ​កាន់​ប្រទេស​វៀតណាម ព្រះមហាក្សត្របាន​ផ្ញើ​ព្រះ​រាជសារ​ជូន​ជន​រួម​ជាតិ អំពីព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​របស់ព្រះអង្គហើយ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋ​មន្ដ្រី​នៃ​ប្រទេស​វៀតណាម ដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។

ព្រះរាជ​សារ​របស់​ព្រះ​មហា​ក្សត្រ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ធ្នូ ​ឲ្យដឹង​ថាដំណើរ​ ទស្សន​កិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​វៀតណាម​ មាន​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ពុធ​ រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២១ ​ខែធ្នូ ​ក្នុង​ទីក្រុង​ហាណូយ។​

នាយករដ្ឋ​មន្ដ្រី​ ង្វៀន សួនហ្វ៊ុក បាន​​អះអាង​ថា វៀតណាម​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ ដើម្បី​ទទួល​ព្រះ​រាជ​ទស្សនកិច្ច​របស់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ​។

កាលពី​ដើម​ខែធ្នូ​ឆ្នាំ​២០១៨​ លោក​ ហ៊ុន សែន​ ក៏បាន​ដឹក​នាំ​គណៈ​ប្រតិភូ​របស់​ខ្លួន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម​ ក្នុង​បំណង​ពង្រឹង​ពង្រីក​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើរ។​

អំឡុង​ទស្សន​កិច្ច​របស់​សម្ដេច ហ៊ុន​ សែន​ ទៅ​កាន់​ប្រទេស​វៀតណាម​នៅពេល​នោះ​ ​សម្ដេចបាន​ប្រាប់​ដល់​ភាគី​វៀតណាម​ថា​ កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យរ​ដ្ឋាភិបាល​បរទេស​ណាមួយ​បោះ​ទីតាំង​យោធា​ក្នុង​ទឹកដី​របស់​ខ្លួន​នោះ​ឡើយ។​

ការអះអាងរបស់សម្ដេច​ ​ហ៊ុន​ សែន ​ទៅកាន់​ប្រទេស​វៀតណាម​នៅពេល​នោះ ​ធ្វើឡើង​ក្រោយពី​សារ​ព័ត៌មាន ​The Asia Times​ ចុះ​ផ្សាយ​ថា ​កម្ពុជា​អាច​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​សង្គ្រាម​ត្រជាក់​ថ្មី​ ដោយសារ​កម្ពុជា​កំពុង​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ចិន​បោះ​ទីតាំង​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន​ក្នុង​ខេត្ត​កោះកុង។​

សម្ដេចខ​​ហ៊ុន សែន​ក៏បាន​ច្រានចោល​ដោយអះអាងថា ​កម្ពុជា​គ្មាន​ការ​ចាំបាច់​ណាមួយ​ដែល​ត្រូវការ​វត្តមាន​កងទ័ព​ប្រទេស​ដទៃ​នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​កម្ពុជា​នោះ​ដែរ។​

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​អះអាង​ថា​ព័ត៌មាន​អំពី​បញ្ហា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ចិន​នៅ​កម្ពុជា​អាច​ធ្វើឲ្យ​ប៉ះ​ទង្គិច​ដល់​សន្តិសុខ​តំបន់​ទាំងមូល

ជាការកត់សម្គាល់នៅ​ចុង​ឆ្នាំ​២០១៨​នេះ ថ្នាក់​ដឹក​នាំ​និង​មន្ដ្រី​ជាន់​ខ្ពស់​កម្ពុជា ​បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​។ ក្នុង​នោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស បានធ្វើ​ទស្សនកិច្ច​​នៅ​វៀតណាម ពីរ​ថ្ងៃ គឺកាលពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា និង​​ក្រោយ​មកទៀតសម្ដេច នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន អញ្ជើញ​ទៅ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៨ ដើម​ខែ​ធ្នូ​ឆ្នាំ២០១៨នេះ៕

 

Share

Image
Image
Image