en     km
en     km

អ្នកសង្កេតការណ៍៖ការប្រជុំសភាអាណត្តិថ្មីនេះទំនងមិនត្រូវបានពលរដ្ឋចាប់អារម្មណ៍ច្រើនទេ

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋសភាកម្ពុជា បានបញ្ជាក់ រដ្ឋសភាអាណត្តិទី៦ បានសម្រេចនូវកិច្ចប្រជុំមួយចំនួនហើយ នៅឡើយតែបន្តកិច្ចប្រជុំក្រោយៗទៀត។ យ៉ាងណា អ្នកសង្កេតការលើដំណើរការប្រជុំនៃរដ្ឋសភាថា លោកមិនទាន់មានការចាប់អារម្មណ៍ទៅលើកិច្ចប្រជុំរបស់សភាអាណត្តិនេះទេ ព្រោះជាសភាដែលមិនមានសម្លេងប្រឆាំង។ ដោយឡែក មជ្ឈដ្ឋានអ្នកវិភាគថា​ រដ្ឋសភាថ្មីអាណត្តិទី ៦នេះ មិនមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋនោះទេ។ លោក សោម លាភ រាយការណ៍៖

រដ្ឋសភាកម្ពុជាដែលចេញមកពីការបោះឆ្នោតកាលពីចុងខែកក្កដាកន្លងនេះគឺជារដ្ឋសភាមិនមានសម្លេងប្រឆាំងនោះទេ ពោល គឺសមាជិកសភាថ្មីនេះ មានតែសំឡេងមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ ធ្វើឱ្យមជ្ឈដ្ឋានមួយចំនួនមិនបានចាប់អារម្មណ៍ច្រើនឡើយទៅលើដំណើរការនៃប្រជុំរដ្ឋសភា។ នេះបើតាមអ្នកសង្កេតការណ៍សង្គមដែលវិទ្យុស្ត្រីសុំការយល់ឃើញ។  

ទោះបីជាបែបនេះក្ដី តាមរយៈអ្នកនាំពាក្យរដ្ឋសភាអាណត្តិនេះបានឱ្យដឹងថា រដ្ឋសភាកម្ពុជាបានសម្រេចនូវកិច្ចប្រជុំមួយចំនួនរួចហើយ​ ហើយរដ្ឋសភាកំពុងតែត្រៀមក្នុងការបើកកិច្ចប្រជុំផ្សេងៗដែលជាកាតព្វកិច្ចរបស់ស្ថាប័ននេះ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់វិទ្យុស្រ្តីនៅរសៀលថ្ងៃទី៣០ តុលានេះថា មកទល់ពេលនេះ រដ្ឋសភាបានប្រជុំលើកទី១ គឺប្រជុំប្រកាសសុពលភាពតំណាងរាស្រ្ត ប្រជុំបោះឆ្នោតជ្រើសរើសប្រធាន​ និងអនុប្រធានគណៈកម្មការ ព្រមទាំងប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រាជរដ្ឋាភិបាលជាដើម។

ជាងនេះ  ពាក់ព័ន្ធនឹងការប្រជុំលើកទី ២ គឺប្រជុំដើម្បីជ្រើសរើសសមាជិកគណៈកម្មការជំនាញ។

អ្នកនាំពាក្យរដ្ឋសភារូបនេះ មានប្រសាសន៍ទៀតថា រដ្ឋសភាត្រៀមនឹងប្រជុំលើសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបានបញ្ជូនមក។

ដោយឡែក លោក កង សាវាង្ស អ្នកសង្កេតការលើដំណើរការប្រជុំនៃរដ្ឋសភា  និងជាអ្នកជំនាញផ្នែកបោះឆ្នោតនៃអង្គការខុមហ្វ្រែល មានប្រសាសន៍ប្រាប់វិទ្យុស្រ្តីថា រដ្ឋសភាមិនទាន់មានការប្រជុំឱ្យបានធំដុំនោះទេ។

យ៉ាងណា លោកមិនបានធ្វើការសង្កេតទៅលើអាកប្បកិរិយាប្រជាពលរដ្ឋទូទៅថា ចាប់អារម្មចំពោះកិច្ចប្រជុំរបស់រដ្ឋសភាឬក៏អត់នោះទេ ព្រោះតែសភាកម្ពុជាអាណត្តិទី ៦នេះ មានតែគណបក្សមួយតែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តែងតែអះអាងប្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិថា រដ្ឋាភិបាលកម្ពុជាជារដ្ឋាភិបាលស្របតាមឆន្ទៈប្រជាពលរដ្ឋពិតប្រាកដ ដែលចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។

កាលពីថ្ងៃៗនេះ តំណាងរដ្ឋសភា អាណត្តិថ្មីដែលទៅ ចូលរួមប្រជុំសហភាពអន្តរសភា IPU បាន អះអាងពីឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលជ្រើសរើសតំណាងរបស់ខ្លួន រហូតជាង៨០ភាគរយ។ ប្រតិភូកម្ពុជាអះអាថាប្រាប់សភាអន្តរជាតិនេះថា ការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាគឺស្របច្បាប់ ព្រោះពលរដ្ឋខ្មែរបានបង្ហាញឆន្ទៈរបស់ពួកគេត្រឹមត្រូវហើយ។

យ៉ាងណា អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានប្រាប់វិទ្យុស្ត្រីថា ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាមជ្ឈដ្ឋានក្រៅប្រទេសជាដើម ហាក់ដូចជាមិនមានការគាំទ្រទៅលើនិន្នាការរបស់សភានីតិកាលទី ៦នេះច្រើនទេ។

កញ្ញា លី ស្រីស្រស់ យល់ថា ការគម្រាមដកការអនុគ្រោះពន្ធ EBA ការមិនទទួលស្គាល់សភាថ្មីកម្ពុជា ដោយ សហភាពអន្តរសភា IPU  គឺជាលទ្ធផលនៃការបង្ហាញជំហរមិនគាំទ្រដល់ការបោះឆ្នោតកាលពីចុងខែកក្កដា។

សភាកម្ពុជា បានឆ្លងកាត់ប្រាំអាណត្តិមកហើយ ។ កាលពីអាណត្តិទី១ មានបួនគណបក្ស អាណត្តិទី២ មាន៣គណបក្សអាណត្តិទីបីមាន ៣គណបក្ស និងអាណត្តិទីបួន មាន ៤គណបក្ស។

ដោយឡែកអាណត្តិទី៥មានពីរគណប្ស គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។ កន្លងមកគេសង្កេត ពលរដ្ឋជាច្រើន មានការចាប់អារម្មណ៍ខ្លាំងនៅពេលសភាប្រជុំពិភាក្សាដេញដោលរឿងបញ្ហាជាតិធំ៕

(អត្ថបទ៖លោក សោម លាភ)

Share

Image
Image
Image