loader

ICRC​ កម្ពុជា​ និង​ស្វី​ស​ ប្រកាស​រៃ​អង្គាសប្រាក់​ សាងសង់​ដំបូល​ហាត់​បាល់​ សម្រាប់​ក្រុមកីឡា​បាល់បោះ​នារី​ពិការ​

​ភ្នំពេញ​ ៖​ គណៈកម្មាធិការ​អន្ដរជាតិ​ នៃ​កាកបាទក្រហម​ (ICRC)​ ប្រចាំ​ទេស​កម្ពុជា​ និង​នៅ​ទីស្នាក់ការ​កណ្ដាល​ ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ បាន​រួម​គ្នា​បង្កើត​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ ដើម្បី​កសាង​ដំបូល​ថ្មី​មួយ​ នៅ​ទីតាំង​ហាត់​បាល់បោះ​ ក្នុង​ខេត្ដបាត់ដំបង​។​ ការ​សាងសង់​ដំបូង​នេះ​ គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ ដល់​ក្រុមកីឡា​ការិនី​បាល់បោះ​ ដែល​ជា​ជន​ពិការ​។​ យុទ្ធនាការ​នេះ​ នឹង​ធ្វើ​រយៈពេល​ ៤៥​ថ្ងៃ​ ហើយ​គឺ​ត្រូវការ​ទឹកប្រាក់​ប្រមាណ​ជាង​ ៩​ម៉ឺន​ដុល្លារ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ គណៈកម្មាធិការ​អន្ដរជាតិ​ នៃ​កាកបាទក្រហម​ ហៅ​កាត់​ថា​ (ICRC)​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ បញ្ជាក់​ថា​ នេះ​ជា​យុទ្ធនាការ​ រៃ​អង្គាសប្រាក់​ ដើម្បី​សាងសង់​ដំបូល​ សម្រាប់​ក្រុមកីឡា​ការិនី​បាល់បោះ​ ជា​ជន​ពិការ​ របស់​កម្ពុជា​ ក្នុង​ការ​ហាត់​បាល់​។​ យុទ្ធនាការ​នេះ​ គឺ​ធ្វ​ឡើង​ត្រឹមតែ​រយៈពេល​ ៤៥​ថ្ងៃ​ប៉ុណ្ណោះ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​ ការ​សាងសង់​ដំបូល​សម្រាប់​ឲ្យ​ក្រុមកីឡា​ការិនី​ពិការ​ ហាត់​បាល់បោះ​នេះ​ ត្រូវការ​ទឹកប្រាក់​ចំនួន​ ៩​ម៉ឺន​ ៥​ពាន់​ដុល្លារ​។​ ទីតាំង​ដែល​ត្រូវ​សាងសង់​ គឺ​ស្ថិត​ក្នុង​ប​ណ្ឌ​ល​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ នៅ​ក្នុង​ខេត្ដបាត់ដំបង​។​

​លោកស្រី​ ចាន់​ ផល្គុណ​ មន្ដ្រី​ទំនាក់ទំនង​ ICRC​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ គណៈកម្មាធិការ​អន្ដរជាតិ​ នៃ​កាកបាទក្រហម​ មាន​គម្រោង​គាំទ្រ​ដល់​ជន​ពិការ​ ពិសេស​ស្ដ្រី​ នៅ​ខេត្ដ​ជុំវិញ​បឹង​ទន្លេសាប​។​ បច្ចុប្បន្ន​នេះ​ ICRC​ បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ស្ដ្រី​ជា​ជន​ពិការ​ ហើយ​មាន​ចំណង​ហាត់​បាល់បោះ​នេះ​ នៅ​ខេត្ដបាត់ដំបង​ និង​ខេត្ដកំពង់ស្ពឺ​ ៖«​សព្វថ្ងៃ​ហ្នឹង​គាត់​មាន​ពីរ​ក្រុម​ ក្រុម​មួយ​គឺ​នៅ​ខាង​បាត់ដំបង​ហ្នឹង​ ហើយ​មួយ​ក្រុម​ទៀត​គឺ​នៅ​ខាង​កំពង់ស្ពឺ​។​ ដោយសារ​តែ​ ICRC​ យើង​មាន​គម្រោង​មួយ​ គេ​ហៅ​ថា​ គម្រោង​ ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ យើង​ធ្វើ​ទៅ​លើ​ជន​ពិការ​យើង​ផ្ដល់​ជា​រណប​ជើងសិប្បនិម្មិត​ ហើយ​និង​ការ​ព្យាបាល​ជូន​ដល់​ពួក​គាត់​។​ អ​ញ្ចឹ​ង​ទៅ​យើង​មានកម្ម​វិធី​តូច​មួយ​ផ្សេង​ទៀត​ សម្រាប់​ដាក់​ចូល​ពិការ​ភាព​របស់​ពួក​គាត់​ចូល​ទៅ​ក្នុង​សង្គម​។​ ដើម្បី​ឲ្យ​ពួក​គាត់​ មានឱកាស​ បាន​ចូលរួម​ក្នុង​សង្គម​តាម​រូបភាព​ផ្សេងៗ​។​ ឧទាហរណ៍​ដូច​កីឡា​អ​ញ្ចឹ​ង​»​។​

​ក្រុមកីឡា​បាល់បោះ​រទេះ​នារី​កម្ពុជា​ មាន​សមាជិក​សរុប​ទាំងអស់​ ទាំង​នៅ​បាត់ដំបង​ និង​កំពង់ស្ពឺ​ គឺ​មាន​ចំនួន​ ២២​រូប​ ដែល​ក្នុង​នោះ​មាន​អាយុ​ចាប់ពី​ ២២​ឆ្នាំ​ ដល់​ ៣៥​ឆ្នាំ​។​ សមាជិក​ខ្លះ​ពិការ​ដោយសារ​គ្រាប់​មីន​ ខ្លះ​ទៀត​ពិការ​ដោយសារ​ជំងឺ​ ឬ​ហៅ​កាត់​ថា​ ប៉ូ​លី​យ៉ូ​ ដោយសារ​តែ​កង្វះ​ការ​ទទួល​បាន​វ៉ា​ក់​ស៊ាំ​ង​ក្នុង​ប្រទេស​កម្ពុជា​។​

​កីឡាបាល់បោះ​នេះ​ បាន​កែប្រែ​ជីវិត​របស់​ក្រុម​ស្ដ្រី​ជា​ជន​ពិការ​ ឲ្យ​មាន​ក្ដី​សង្ឃឹម​ និង​ការ​ខិត​ក្នុង​ជីវិត​ឡើង​វិញ​។​ កីឡាការិនី​រទេះ​ ដែល​ជា​ជន​ពិការ​ ទាំង​ ២២​រូប​នេះ​ ពួក​គាត់​ បាន​បង្ហាញ​សមត្ថភាព​ និង​ទេព​កោសល្យ​ដែល​ម្នាក់ៗ​មាន​ ដើម្បី​លេង​បាល់បោះ​នេះ​។​ ពួក​គាត់​ គឺ​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ដ​ ហើយ​មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​។​ ក្រុមកីឡា​ការិនី​បាល់បោះ​រទេះ​នេះ​ បាន​ខិតខំ​ក្នុង​ការ​ហ្វឹកហាត់​ជា​រៀងរាល់ថ្ងៃ​ ប៉ុន្ដែ​បញ្ហា​អាកាសធាតុ​គឺ​បញ្ហា​ចម្បង​រារាំង​ដល់​សកម្មភាព​របស់​ពួក​គាត់​។​

​ក្រោយ​ពិនិត្យ​ឃើញ​ថា​ ពួក​គាត់​បាន​ជួប​ផល​លំបាក​ក្នុង​ការ​ហាត់​ នៅ​ហាលវាល​ ដែល​ប្រឈម​និង​អាកាសធាតុ​ ទន្ទឹម​និង​កាយ​សប្ប​ទា​ពួក​គាត់​ មិនល្អ​ ផង​ទើប​ គណៈកម្មាធិការ​អន្ដរជាតិ​ នៃ​កាកបាទក្រហម​ ហៅ​កាត់​ថា​ (ICRC)​ ផ្ដួចផ្ដើម​ យុទ្ធនាការ​រៃ​អង្គាសប្រាក់​ ដើម្បី​សាងសង់​ដំបូល​ ហាត់​បាល់​សម្រាប់​ពួក​គាត់​។​ លោកស្រី​ ចាន់​ ផល្គុណ​ មាន​ប្រសាសន៍​ថា​ បើ​ទោះជា​ការ​រួមចំណែក​តិច​ក្ដី​ច្រើន​ក្ដី​ ក៏​ប្រជាពលរដ្ឋ​គ្រប់​រូប​គួរតែ​ចូលរួម​ ដើម្បី​ជា​ការ​លើកទឹកចិត្ដ​ដល់​ជន​ពិការ​ ពិសេស​ពួក​គាត់​ជា​ស្ដ្រី​ថែម​ទៀត​ ៖«​អ្វី​ដែល​ខ្ញុំ​ចង់​អំពាវនាវ​ គឺ​ចង់​ឲ្យ​មហាជន​ទូទៅ​គាត់​ យល់​ដឹង​បន្ថែម​ពី​ក្រុម​នារី​បាល់បោះ​ហ្នឹង​។​ ពីព្រោះ​តែ​រាល់​ថ្ងៃនេះ​ គឺ​ពួក​គាត់​ខំប្រឹង​លេង​ណាស់​ អ​ញ្ចឹ​ង​ពួក​គាត់​ចង់​ក្លាយជា​មនុស្ស​មាន​តម្លៃ​សម្រាប់​ជាតិ​ដែរ​។​ អ​ញ្ចឹ​ង​ស្រប​ពេល​ដែល​ពួក​គាត់​ខំប្រឹង​ហ្នឹង​ យើង​ទាំងអស់​គ្នា​គួរ​ឲ្យ​តម្លៃ​គាត់​ និង​ លើកទឹកចិត្ដ​ពួក​គាត់​។​ ឥឡូវ​អ្វី​ដែល​ពួក​គាត់​កំពុង​ជួប​ប្រទះ​ គឺ​អត់​មាន​ដំបូល​ហាត់​ឲ្យ​ត្រឹមត្រូវ​ អ​ញ្ចឹ​ង​អ្វី​ដែល​យើង​អាច​រួមចំណែក​ជួយ​បាន​ សុំ​ឲ្យ​ជួយ​ទាំងអស់​គ្នា​»​។​

​ក្រុម​បាល់បោះ​រទេះ​នារី​កម្ពុជា​ ទាំង​ ២២​រូប​នេះ​ ទើបតែ​បាន​បញ្ចប់​ការ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្ដរជាតិ​ អាស៊ាន​ ប៉ា​រ៉ា​ហ្គេ​ម​ នៅ​ទី​ក្រុ​ហ្សា​កា​តា​ ប្រទេស​ឥណ្ឌា​ កាល​ពេល​ថ្មីៗ​នេះ​។​ ពួក​គាត់​មាន​ក្ដី​ស្រមៃ​ រំពឹង​ថា​ នឹង​អាច​បាន​ចូលរួម​ប្រ​កូត​ជា​ថ្មី​ទៀត​ កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម​ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ក្នុង​ឆ្នាំ​២០២០​ ខាង​មុខ​។​

​លោក​ ឌែ​ន​វើ​រ័​ ក្រា​ហាម​ ប្រធាន​គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​រៃ​អង្គាស​នេះ​ នឹង​ផ្ដល់​ជា​ធនធាន​មួយ​នៅ​ក្នុង​ការ​ជួយ​ជម្រុញ​ពួក​គាត់​ ឲ្យ​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ដ​ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​នេះ​ ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​របស់​ពួ​គេ​ ដែល​ចេញ​ទៅ​ប្រកួត​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេ​ម​ នៅ​ទីក្រុង​តូ​ក្យូ​ នៅ​ឆ្នាំ​២០២០​។​

​បើ​ទោះបីជា​គោលបំណង​ចម្បង​ គឺជា​ការ​រៃ​អង្គាសប្រាក់​ពី​អ្នកគាំទ្រ​ និង​អ្នក​ឧ​ប​ត្ថ​ម​ថ្មីៗ​ក៏​ដោយ​ ក៏​ ICRC​ ចង់​ឆ្លៀត​យក​ឱកាស​នេះ​ បំភ្លឺ​បង្ហាញ​អំពី​ទុក្ខ​លំបាក​ដែល​ស្ដ្រី​ មាន​ពិការ​ភាព​បាន​ជួប​ប្រទះ​ក្នុង​ប្រទេស​កម្ពុជា​ និង​ជុំវិញ​សកលលោក​។​

​ជាមួយ​គ្នា​នេះ​លោក​ រ៉ូ​ម៉ា​ន់​ ប៉ា​រ៉ា​មូ​ណូ​វ​ ប្រធាន​បេសកកម្ម​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ នេះ​គឺជា​លើក​ដំបូង​ហើយ​ ដែល​ ICRC​ បាន​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ជាស​កល​បែប​នេះ​ សម្រាប់​ប្រទេស​កម្ពុជា​។​ លោក​បន្ដ​ថា​ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺជា​ការ​លើក​ស្ទួយ​ដល់​ការ​ដាក់​បញ្ចូល​ពិការ​ភាព​ទៅ​ក្នុង​សង្គម​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មានឱកាស​ធ្វើ​សមាហរណកម្ម​ក្នុង​សង្គម​ ហើយ​លើកទឹកចិត្ដ​ពួក​គេ​ឲ្យ​ចូលរួម​កាន់តែ​ច្រើន​។​

​លោកស្រី​ ចាន់​ ផល្គុណ​ ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ប្ដូរ​ផ្នត់គំនិត​ដែល​ធ្លាប់តែ​គិត​ថា​ ជន​ពិការ​មិន​អាច​ធ្វើ​អ្វី​បាន​ មក​ចូលរួម​គាំទ្រ​លើកទឹកចិត្ដ​ និង​ផ្ដល់​កម្លាំងចិត្ដ​ដល់​ពួក​គាត់​វិញ​។​ លើស​ពី​នេះ​លោកស្រី​ ស្នើ​ឲ្យ​ស្ដ្រី​គ្រប់​រូប​ ខិតខំ​ដោយ​ការ​តាំងចិត្ដ​ និង​ព្យាយាម​ ដូច​ក្រុមកីឡា​បាល់បោះ​រទេះ​នារី​កម្ពុជា​ មួយ​ក្រុម​នេះ​ ក្នុង​ការ​បង្ហាញ​សមត្ថភាព​ នៅ​ក្នុង​សង្គម​ ៖«​ចាស​ ខ្ញុំ​ចង់​ឲ្យ​នារី​ផ្សេងៗ​ទូទៅ​ គឺថា​ អាច​យក​ពួក​គាត់​ហ្នឹង​ជា​គំរូ​ក៏​ថា​បាន​ តែបើ​ទោះជា​មិនមែន​ជា​គំរូ​អី​ណាស់ណា​ ក៏​ប៉ុន្ដែ​គឺ​ការ​តាំងចិត្ដ​ និង​ការ​ព្យាយាម​។​ គឺ​យើង​មើលទៅ​ឃើញ​ពួក​គាត់​លំបាក​ ប៉ុន្ដែ​ពួក​គាត់​អាច​ក្លាយជា​ជន​មួយ​ដែល​គំរូ​ថ្នាក់​ជាតិ​ សម្រាប់​នារី​ទូទៅ​ ថា​ ពួក​គាត់​អាច​ធ្វើ​បាន​។​ អ​ញ្ចឹ​ង​ស្ដ្រី​ផ្សេង​ទៀត​ ដែល​ចង់​ឲ្យ​ក្ដី​ស្រមៃ​របស់​ពួក​គាត់​ក្លាយជា​ការ​ពិត​ ចាំបាច់​គឺ​ត្រូវ​មាន​ក្ដី​តាំងចិត្ដ​ ការ​ព្យាយាម​ហ្នឹងឯង​»​។​

​សូម​ជម្រាប​ថា​ គណៈកម្មាធិការ​អន្ដរជាតិ​ នៃ​កាកបាទក្រហម​ ហៅ​កាត់​ថា​ (ICRC)​ គឺ​មាន​វត្ដមាន​ និង​បាន​ចុះ​ប្រតិបត្ដិការ​សកម្មភាព​មនុស្សធម៌​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​ ៣៨​ឆ្នាំ​មក​ហើយ​ ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បញ្ចប់​ (​ប៉ុ​ល​ពត​)​។​ ក្នុង​ចំណោម​បេសកកម្ម​ចម្បង​របស់​ ICRC​ គម្រោង​ស្ដារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ គឺជា​គម្រោង​ដ៏​ចម្បង​មួយ​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​បរិ​ច្ចាក​ប្រាក់​ ដល់​ការ​សាងសង់​ដំបូល​ ហាត់​បាល់បោះ​ របស់​ក្រុមកីឡា​ការិនី​ ដែល​ជា​ជន​ពិការ​នេះ​ អាច​ទូរស័ព្ទ​សាកសួរ​ព័ត៌មាន​បន្ថែម​ទៅ​លោកស្រី​ ចាន់​ ផល្គុណ​ តាម​រយៈ​លេខ​ 017​ 940​ 036​ ឬ​អ៊ី​ម៉ែ​ល​ (Email)​ ៖​ pchan@icrc.org​ និង​មួយវិញទៀត​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូ​វ​ការ​ រៃ​អង្គាសប្រាក់​ របស់​ គណៈកម្មាធិការ​អន្ដរជាតិ​ នៃ​កាកបាទក្រហម​ ហៅ​កាត់​ថា​ (ICRC)​ www.crowdfunding.icrc.org ៕​

ព័ត៌មានទាក់ទង

​តុលាការ​សាកសួ​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ជំនួស​

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស[...]

អង្គការ​សីល​ការ​សម្ភោ​ធ​គម្រោង​លើកកម្ពស់​យេ​ន​ឌ័​រ​ ដើម្បី​បំពេញបន្ថែម​លើ​ការងារ​រាជរដ្ឋាភិបាល​

អង្គការ​សីល​ការ​ សម្ភោ​ធ​គម្រោង​ដើម្បី​អនុវត្[...]

ស្រ្តីមេដឹកនាំសហគមន៍មួយនៃខេត្តសៀមចាប់ផ្ដើមមានឥទ្ធិពលក្នុងការប្រាស់សិទ្ធិរបស់ពួកគេ

ក្រុងសៀមរាប៖ ក្រុមស្រ្តីជាអ្នកដឹកនាំនៅក្នុងសហ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត