en     km
en     km

សម្ដេច ហ៊ុន សែន៖ បក្សប្រឆាំងបំផុសព័ត៌មានមិនពិតទាញឱ្យកម្ពុជាមានសង្រ្គាម

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេច ហ៊ុន សែន សរសេរសារលិខិតមួយ ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា​ស្ដីពី«ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» ។ សម្ដេច ហ៊ុន សែន តាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងតែប្រឈមមុខខ្លាំង និងក្ដៅគគុកជាមួយព័ត៌មានក្លែងក្លាយដែលបំពុលបរិកាសកម្ពុជា ដែលបំផុសឡើងដោយក្រុមអ្នកនយោបាយប្រឆាំង និងអ្នកឆ្លៀតឱកាសជាដើម ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា ព័ត៌មានក្លែងក្លាយ (Fake News) ពិតជាមានផលអវិជ្ជមានខ្លាំងនៅកម្ពុជា។

រាយការណ៍ដោយលោក សោម លាភ

នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៨ ក្លឹបអ្នកកាសែតកម្ពុជា បានប្រារព្ធកម្មវិធីវេទិកានិពន្ធនាយកលើកទី ១៥ ក្នុងគោលបំណង«ពង្រឹងតួនាទីសារព័ត៌មានអាជីព ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។

នាឱកាសនោះ លោក មាស សុភ័ណ្ឌ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានអានសារលិខិតគាំទ្រវេទិកានេះរបស់សម្ដេច ហ៊ុន សែនថា សម្ដេចមានសេចក្ដីសោមនស្សរីករាយ ចំពោះវេទិការនេះណាស់។

លិខិតរបស់សម្ដេចសម្ដេចហ៊ុនសែន បន្ថែមថា បញ្ហាទាក់ទងនឹងព័ត៌មានមិនពិតនេះ គឺជាបញ្ហាមួយធំដែលចាំបាច់ត្រូវតែដោះស្រាយឱ្យខានតែបាន។

ជាក់ស្ដែង សម្ដេចថា វេទិកានេះមានសារៈសំខាន់ខ្លាំងណាស់ ចំពោះក្នុងការស្វែងរកដំណោះស្រាយ ព្រមទាំងរៀបចំយន្តការសម្រាប់ការអនុវត្តន៍ ដើម្បីជាការលើកស្ទួយនូវសិទ្ធិសេរីភាពក្នុងសារព័ត៌មានតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ពង្រឹងគុណភាព ការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈ  និងប្រឆាំងជាមួយនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

សម្ដេច បន្ថែមថា វេទិការនេះ ក៏ជាចំណែកមួយក្នុងការទប់ទល់នូវព័ត៌មានមិនពិត ដែលអាចបង្ករចលាចលក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ ទំនាក់ទំនងជាមួយប្រទេសជិតខាងជាដើម។

សារលិខិតសម្ដេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន កំពុងប្រឈមមុខយ៉ាងក្ដៅគគុកនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយបំពុលបរិកាសសង្គម ដែលបង្កឡើងដោយក្រមអ្នកនយោបាយបក្សប្រឆាំង ដែលអូសទាញកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាម។

សូមស្ដាប់សាររបស់សម្ដេច ហ៊ុន សែន ដែលអានដោយ លោក មាស សុភ័ណ្ឌ៖ ជាមួយគ្នានេះដែរ ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងប្រឈមយ៉ាងក្ដៅគគុក ទៅនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសសង្គម ដែលបង្កឡើងដោយក្រុមអ្ននយោបាយបក្សប្រឆាំង និងពួកឱកាសនិយម ក្នុងគោលបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការធ្វើបដិវត្តន៍ពណ៌ បំផ្លាញការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយអូសទាញប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ឆតាលោភលន់របស់ពួកគេ ដែលមានជនបរទេសនៅពីក្រោយ។

សម្ដេច ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះការលើកតម្កើងសិទ្ធិ និងសេរីភាពខាងអ្នកសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ ដែលមានការពារដោយរដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ព្រមទាំងច្បាប់ស្ដីពីរបបសារព័ត៌មានផងដែរ។

វេទិការនិពន្ធនាយកព័ត៌មានកម្ពុជា ហៅកាត់ថា វ.ន.ស.ក បានចេញឯកភាពចំពោះសេចក្ដីប្រកាសរួមដែលមាន ១២ ចំណុច។

លោក ប៉ែន បូណា បានសង្ខេបខ្លីនូវខ្លឹមសារទាំង ១២ ចំណុចនោះថា៖ ក្រោយពីកិច្ចពិភាក្សាអស់ជាងមួយព្រឹកនេះ វេទិការនិពន្ធនាយកសារព័ត៌មានកម្ពុជារបស់យើង បានចេញសេចក្ដីថ្លែងការណ៍រួមដែលមាន ១២ ចំណុច ហើយក្នុង១២ ចំណុចនេះ គឺយើងផ្ដោតសំខាន់ៗ ទៅលើការប្រើប្រាស់តួនាទីសារព័ត៌មាន និងតួនាទីរបស់អ្នកកាសែត ដើម្បីធ្វើម៉េចចូលរួមទប់ស្កាត់ បន្សាប ហើយនឹងប្រយុទ្ធប្រឆាំង ជាមួយនឹងព័ត៌មានក្លែងក្លាយ។  អ៊ីចឹងក្នុងចំណុចនីមួយៗ យើងដែលចង់សង្កត់ធ្ងន់នឹង សំខាន់បំផុតនឹងគឺថា ការពង្រឹងអាជីពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានយើង ធ្វើម៉េចយើងផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ ដើម្បីឱ្យមហាជនគាត់ ជឿទុកចិត្តបាន ហើយនៅទីបំផុត គាត់នឹងយល់ថា ដើម្បីបានព័ត៌មានពិតត្រូវតែពឹងលើសារព័ត៌មានអាជីព។ នេះហើយជាទីតាំងដ៏រឹងមាំ ដែលអ្នកសារព័ត៌មានអាជីពត្រូវឈរជើង។ 

ប្រធានក្លឹបអ្នកកាសែតកម្ពុជារូបនេះបញ្ជាក់ទៀតថា ភាគច្រើននៃព័ត៌មានក្លែងក្លាយ គឺកើតចេញពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដូចជាហ្វេសបុកជាដើម។ លោក ថា អ្នកសារព័ត៌មានអាជីពពេលខ្លះក៏ធ្លាក់ក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយដែរ ដូច្នេះ លោកអំពាវនាវឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ។

បញ្ហាពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ មិនមែនមាននៅតែកម្ពុជានោះ ទេ ពោលគឺមាននៅគ្រប់ប្រទេសលើសកលលោក។ យ៉ាងណា ព័ត៌មានប្រភេទនេះ គឺមានច្រើនជាព័ត៌មានដែលមានវិជ្ជាជីវៈ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image