loader

បទវិភាគ៖តើលោកសមរង្ស៊ី ត្រូវចូលគុកមែនទេ បើភ្នាល់ចាញ់សម្ដេចហ៊ុនសែន?

រលកកំដៅនយោបាយដ៏ភ្ញាក់ផ្អើលនិងអស់សំណើចដែលបានកំដរបរិយាកាសពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិមិនឱ្យភ្លេច គឺការភ្នាល់គ្នារវាងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងសម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីដ៏មានអំណាចនៅកម្ពុជា។

អ្នកនយោបាយទាំងពីររូបដ៏ល្បីល្បាញនេះ បានភ្នាល់គ្នា ដោយដាក់ជោគវាសនា ខ្លួនជាថ្នូរនឹងការដោះស្រាយនយោបាយ។ លោក សម រង្ស៊ីនិងសម្ដេចហ៊ុនសែនបានព្រមព្រៀងភ្នាល់នឹងគ្នាដោយយកករណីលោកកឹមសុខាធ្វើល្បែងភ្នាល់។ លោកសមរង្ស៊ីសន្យាចូលគុកបើលោក កឹម​ សុខាមិនត្រូវបានដោះលែងនៅដើមខែមិនាឆ្នាំ ២០១៩។ តែសម្ដេច ហ៊ុន សែន វិញ សន្យាចុះចេញពីតំណែង បើលោក​​ កឹម​  សុខា ត្រូវបានដោះលែងក្នុងពេលនេះដល់ថ្ងៃទី៣មិនាឆ្នាំ២០១៩។ តើលោក សម រង្ស៊ី ត្រូវចូលគុកមែនទេ បើចាញ់ក្ដី សម្ដេច​ ហ៊ុនសែន ?

លោក នួន បូរិន ជូនសេចក្ដីអត្ថាធិប្បាយដូចតទៅ៖

ពាក្យថា គុកឬពាក្យស្រាលបន្តិចថាពន្ធនាគារគឺជាកន្លែងលុតដុំ​ និងកែប្រែ។ គុកនៅសម័យខ្មែរក្រហមត្រូវគេប្រែថាជាមន្ទីរសន្តិសុខ​ជាកន្លែងធ្វើទារុណកម្មជនដែលក្បត់អង្គការ។ ប៉ុន្តែពាក្យថា គុកមួយម៉ាត់នេះ គឺមិនមែនជាឋានសួគ៌ាឡើយ គឺជាកន្លែងឃុំមនុស្សអោយបាត់ស្មារតីបាត់ សេរីភាពក្នុងការធ្វើអ្វីមួយតាមសម្បជញ្ញៈរបស់ខ្លួន។

ទណ្ឌិត និងពិរុទ្ធជន ត្រូវដាក់ឱ្យនៅក្នុងគុកបានដូចគ្នា។ ជនពីរប្រភេទនេះ គេច្រើនហៅថា រស់នៅក្នុងរនាំងដែក។ កាលណាជនណាមួយនិយាយ ថា ខ្លួនស្ម័គ្រចិត្តចូលគុកគឺជននោះ ត្រូវសន្មត់ខ្លួនឯងថា ត្រូវឱ្យគេឃុំសេរីភាពរបស់ខ្លួនហើយគឺជននោះត្រូវបែកពីកូនពីប្រពន្ធពីឪពុកម្ដាយ បងប្អូន និងមិត្តភក្តិជាទីស្រឡាញ់។ ជននេះហើយ ដែលត្រូវបានសាធារណជនហៅថា​​​ ជាទណ្ឌិតបើតុលាការកាត់អោយមានទោស។ អាយុជីវិតរបស់ជននោះក៏ងាយគ្រោះថ្នាក់ដែរព្រោះគុកមិនមែនជាមជ្ឈមណ្ឌលសុខភាពឡើយ។

តើលោក សម រង្ស៊ី ឆ្លងកាត់់បទពិសោធន៍អ្វីខ្លះ?

លោកសម រង្ស៊ី ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរយៈពេល ២ឆ្នាំ នៃរាជរដ្ឋាភិបាលសហនាយករដ្ឋមន្ត្រី​នៅអាណត្តិសភាទីមួយក្រោយបោះឆ្នោតដំបូងនៅឆ្នាំ១៩៩៣។

លោកត្រូវបានសម្ដេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវជាមួយ សម្ដេច ហ៊ុន សែន ដកតំណែងពីរដ្ឋមន្ត្រីនេះ។ការដកតំណែងរបស់លោកបន្ទាប់ពីលោក មានជម្លោះជាមួយឧកញ្ញាម្នាក់ ករណីលោករឹបអូសទំនិញរបស់ឧកញ្ញានោះដែលគេចមិនបង់ពន្ធ។ តែនៅពេលដកតំណែងលោកគឺ មិនមែនករណីនេះទេ​ គឺដោយសារលោកប្រើសិទ្ធិរដ្ឋមន្ត្រីមិនឆ្លងកាត់នាយករដ្ឋមន្ត្រី។

បន្ទាប់ពីបាត់បង់តួនាទីនេះ លោកសមរង្ស៊ី ជាបញ្ញាវ័ន្តមានជំនាញខាងសេដ្ឋកិច្ចមកពីប្រទេសបារាំងក៏បានសម្រេចបង្កើតគណបក្សប្រឆាំងដែលគេថា ជាបក្សប្រឆាំងដំបូងគេនៅ កម្ពជា គឺគណបក្សជាតិខ្មែរ ក្រោយមកមបក្សនេះត្រូវសហការីប្លន់យកទៅគ្រប់គ្រង ទើបលោកបង្កើតបក្សថ្មីទៀតគឺគណបក្សសមរង្ស៊ី ដែលជាឈ្មោះរបស់លោកតែម្ដង។ ពេលនោះហើយ ដែលអ្នកនយោបាយជំនាន់ក្រោយតពីឳពុកលោក មានឈ្មោះបោះសំឡេងជាខ្លាំង ព្រោះដំបូងបក្សនេះដណ្ដើមបានអាសនៈសភា ចំនួន១៥អាសនៈហើយអាណត្តិបន្តបន្ទាប់បក្សនេះកើនអាសនៈរហូត ។​

លុះដល់ឆ្នាំ ២០១២ លោកបានបង្កើតបក្សថ្មី គឺបក្សសង្រ្គោះជាតិជាមួយ លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស ដោយការរំលាយបក្ស សម រង្ស៊ី របស់លោក និងបក្សសិទ្ធិមនុស្សចូលគ្នា បង្កើតបក្សថ្មីនេះ។ បក្សប្រឆាំងនេះ ក្រោមការដឹកនាំរបស់លោក និងលោក កឹម សុខា បានហក់ចូលបោះឆ្នោតនៅឆ្នាំ ២០១៣ ដោយដំណ្ដើមបានអាសនៈ ៥៥ គឺជិតពាក់កណ្ដាល់អាសនៈរដ្ឋសភាទាំងមូល។ បច្ចប្បន្នបក្សនេះ ត្រូវបានតុលាការកំពូលរំលាយដោយសារមេបក្សនេះ គឺ លោក កឹម សុខា ត្រូវចោទករណីក្បត់ជាតិ។

លោក សម រង្ស៊ី មានទោសជាច្រើននិងឧបសគ្គសឹងដល់ជីវិត

បើរាប់ពីទោសទៅដកតម្រុញបង្គោលព្រំដែនជាមួយវៀតណាម និងទោសករណីបរិហាកេរ្តិ៍អ្នកនយោបាយបក្សកាន់អំណាច គឺជិតដប់ករណីមកទល់ពេលនេះ ហើយបើបូកសរុបទោស គឺយ៉ាងតិចណាស់ជិត ១០០ឆ្នាំ។ តែអ្នកនយោបាយនេះ មិនដែលស្គាល់អ្វីហៅថា ដេកក្នុងគុកមួយយប់ទេ ហើយមិន តែប៉ុណ្ណោះ លោកបានត្រឡប់មកពីនិរទេសខ្លួនវិញ ដោយការលើកលែងទោសពីព្រះមហាក្សត្រធ្វើឡើងតាមរយៈដំណោះស្រាយនយោបាយឈ្នះៗរបស់សម្ដេច ហ៊ុន សែន ដែលយ៉ាងតិចលោកទទួលបានការលើកលែងទោស ៤ដងហើយ។ តែទោសរបស់លោកសុទ្ធតែជារឿងនយោបាយ និងរឿងជាតិ។ ចំណែកឧបសគ្គវិញ បុរសវ័យជិត ៧០ឆ្នាំរូបនេះ បានជួបឧសគ្គច្រើនណាស់ ហើយពេលខ្លះសឹងអស់ជីវិត គឺដូចជាករណីវាយប្រហារដោយគ្រាប់បែក ចំនួនបួនគ្រាប់វាយលើរូបលោក និងហ្វូងបាតុករ កាលពីថ្ងៃទី ៣០មីនា ឆ្នាំ ១៩៩៧ ដោយសម្លាប់មនុស្​ស១៦នាក់ និងរបួសជាង ១០០នាក់។

បញ្ញាវ័ន្តមកពីប្រទេសបារាំងរូបនេះ បានធ្វើឱ្យខ្លួនធ្លាក់ក្នុងនយោបាយភ្នាល់ជាមួយសម្ដេចហ៊ុនសែនជាមេដឹកដ៏មានឥទិ្ធពលបំផុតនៅកម្ពុជា ហើយនៅពេលនេះករណីជោគវាសនារបស់លោកកឹមសុខា។

តើ សម្ដេច ហ៊ុន សែន ជានរណា?

សម្ដេច ហ៊ុន សែន ធ្លាប់ជាមេទ័ពម្នាក់នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ឥស្សរជនខ្មែររូបនេះហើយ ដែលបានដឹកនាំទ័ពរើបំរះប្រឆាំងរបបខ្មែរក្រហម។ ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិន វៀតណាម សម្ដេច ហ៊ុន សែន និងមេដឹកនាំជាច្រើនទៀតនៃគណបក្សប្រជាជនកម្ពុជាបានបង្កើតរណសិរ្យ ២ធ្នូ បើកសមរភូមិពីភូមិភាគអាគ្នេយ៌ មកវាយរំលំនិងរំដោះ ពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍នេះ បានដោយជោគជ័យ នៅថ្ងៃ ៧មករា ឆ្នាំ ១៩៧៩។

ភ្លាមៗ បន្ទាប់ពីទទួលបានជ័យជម្នះនេះ សម្ដេច ហ៊ុន សែន ត្រូវបានបក្ស និងរដ្ឋចាត់តាំងធ្វើរដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងវ័យ ២៧ឆ្នាំ។ រដ្ឋមន្ត្រី វ័យក្មេងរូបនេះហើយដែលសម្បូរទ្រឹស្ដី និងវោហាសាស្ត្រជាងគេក្នុងចំណោមសមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ទំនងដោយសារភាពវៃឆ្លាត សម្ដេចក៏ត្រូវបានបក្សបដិវត្តន៍ប្រជាជនកម្ពុជា និងរដ្ឋសភា កាលណោះ ដំឡើងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលសម័យនេះហៅថា នាយករដ្ឋមន្ត្រីនៅឆ្នាំ ១៩៨៥ បន្ទាប់ពី លោក ចាន់ ស៊ី ធ្វើមរណៈកាល។  

ភាពល្បីល្បាញចាប់ផ្ដើមដំបូងរបស់សម្ដេច គឺជាអ្នកប្រើវោហាសាស្ត្រខ្លាំងៗវាយប្រហារប្លុកសមាគមប្រជាជាតិអាស៊ីគ្នេយ៌ ដែលកាលនោះ ពិភព លោកធ្លាក់ក្នុងសង្រ្គាមត្រជាក់។

អ្វីដែលធ្វើឱ្យអតីតរដ្ឋមន្ត្រីការបរទេសខ្មែររូបនេះ ចាប់ល្បីឈ្មោះលើឆាកអន្តរជាតិកាន់តែខ្លាំង គឺការដើរតួជាតួឯកលិចធ្លោជាងគេតំណាងភាគីរដ្ឋកម្ពុជាចរចាជាមួយសម្ដេចឪ នរោត្តម សីហនុ និងភាគីពីរផ្សេងទៀតនៃចលនារដ្ឋាភិបាលចម្រុះត្រីភាគី។ ការចរចានេះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលជាង ២ទសវត្ស នៅកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏ត្រូវបានចាត់ទុកជាអ្នកនាំសន្តិភាពមកកាន់កម្ពជាដែរតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។

ចាប់តាំងពីការបោះឆ្នោតសភាដំបូងនៅឆ្នាំ ១៩៩៣ ទោះបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតក៏ដោយ តែសម្រាបសម្ដេចហ៊ុនសែន នៅតែមានលទ្ធភាពធ្វើជានាយករដ្ឋន្ត្រី។ 

ទោះបី ការបោះឆ្នោតបួនអាណត្តិមកទៀតស្ថិតក្នុងភាពចម្រូងចម្រាស់ដោយគេចោទថា មិនសូវមានភាពត្រឹមត្រូវនិងតម្លាភាពក៏ដោយ ក៏គណបក្សប្រជាជននៅតែឈ្នះឆ្នោត ហើយសម្ដេច ហ៊ុន សែន បានធ្វើនាយករដ្ឋមន្ត្រី រហូតដល់សព្វថ្ងៃ។ ដោយរាប់ពីឆ្នាំ ១៩៨៥ មកដល់ពេលនេះ សម្ដេច ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី៣៣ឆ្នាំហើយ។

មេដឹកនាំខ្មែរកាន់អំណាចដ៏យូរជាងគេនេះក៏ធ្លាក់ក្នុងល្បែងភ្នាក់នយោបាយនឹង លោក សម រង្ស៊ី ដែរ។ បើ លោក កឹម សុខា ត្រូវបានដោះលែងក្រោមសម្ពាធសហគមន៍អន្តរជាតិចាប់ពេលនេះ ដល់ថ្ងៃទី ៣មីនា ឆ្នាំ ២០១៩ គឺសម្ដេចនឹងលាលែងពីតំណែង។

តើល្បែងភ្នាល់នេះនឹងក្លាយជាការដោះដូរជោគវាសនាប្រទេសជាតិឬទេ?

ជាការពិតសម្រាប់ពលរដ្ឋ និងប្រជាជាតិកម្ពុជា ពិតជាពុំដែលមាន​ទេពីជំនាន់មុនៗមក។ សម្រាប់ពេលនេះ ល្បែងភ្នាល់នេះបានក្លាយជារបៀបវារៈខ្ពស់បំផុតនៅលើ បណ្ដាញសង្គម កម្ពុជា។ ពលរដ្ឋខ្មែរបានជក់ចិត្តនិងចាប់រម្មណ៍ល្បែងនេះជាខ្លាំង។ ពួកគេ ម្នាក់ៗ មានទស្សនៈដោយសេរី អ្នកខ្លះដែលគេគិតថា  អ្នកគាំទ្រលោកកឹមសុខា​បានរិះគន់លោកសមរង្ស៊ីថា ជាអ្នកនយោបាយអសីលធម៌ យកសេចក្ដីថ្លៃថ្នូររបស់ លោកកឹមសុខាមកលេងសើច។

អ្នកគាំទ្រ លោក កឹម ​សុខា ចាត់ទុកជាល្បិចរបស់លោក សម រង្ស៊ី ចង់បន្តទុកឱ្យលោក កឹម សុខា នៅក្នុងការឃុំខ្លួនដែលគ្មានសេរីភាព។ ករណីនេះសូម្បីតែសហមេធាវីរបស់ លោក កឹម សុខា ដែលមជ្ឈដ្ឋានខ្លះរិះគន់ថា ជាមេធាវីមិនចេះប្រើយុទ្ធសាស្រ្តវាយលុកចេះត្រឹមតែសុំឱ្យកូនក្ដីបាននៅក្រៅ ឃុំដើម្បីសេរីភាពបណ្ដោះអាសន្ន ក៏បានវាយប្រហារលោកសមង្សីដែរ។ ការណ៍នេះ នាំឱ្យអ្នកគាំទ្រលោក សម រង្ស៊ី វាយប្រហារវិញ ហើយចាត់ទុកក្រុមនេះ មិនយល់អ្វីជាតម្លៃជាតិ និងបុគ្គល។

ក្រុមនេះថា លោក សម រង្ស៊ី យកជោគវាសនា និងសេរីភាពរបស់ខ្លួនជាថ្នូរនឹងការចូលទៅដេកគុកនៅកម្ពជា គឺមិនធ្លាប់មានទេពីមុនមក។ ក្រុមនេះសរសើរវីរៈភាពរបស់លោក សម រង្ស៊ី ដោយចាត់ទុកថាជាចិត្តសាស្រ្តទាញ ករណី លោក កឹម សុខា អោយចាកផុតពីនីតិវិធីរបស់តុលាការ ហើយ ថា ឆន្ទានុសិទ្ធិចៅក្រម និងអំណាចតុលាការស្ថិតនៅលើគុណតម្លៃនយោបាយសម្រាប់លោក កឹម សុខា។ មិនត្រឹមតែប៉ុណ្ណោះមានអតីតតំណាងរាស្ត្រនិងក្រុមប្រឹក្សាឃុំ សកម្មជន គណបក្សសង្រ្គោះជាតិមួយចំនួនប្រកាសចូលដេកគុកជាមួយ លោក សម រង្ស៊ី បើលោក សម រង្ស៊ី ចាញ់ក្នុងការភ្នាល់ជាមួយ សម្ដេច ហ៊ុន សែន មែននោះ។ 

តើលោក សម រង្ស៊ី ត្រូវចូលគុកមែនទេ បើភ្នាល់ចាញ់សម្ដេចហ៊ុនសែន?

ត្រង់ចំណុចនេះ គេត្រូវសួរថាតើ លោក សម រង្ស៊ី ដែលមានទោសជាច្រើន រាប់សឹងមិនអស់ដែលធ្លាប់បានចូលគុកម្ដងហើយឬនៅ។ ចម្លើយគឺគ្មានទេ ។លោកសមរង្ស៊ី ជាអ្នកនយោបាយដែលអាមេរិក សហភាពអឺរ៉ុបនៅពីក្រោយ។ បើលោកសមរង្ស៊ីស័គ្រចិត្តឱ្យសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នាំទៅឃុំក្នុង គុក ទំនងនឹងក្លាយជាវីរៈជនតែមួយគត់សម្រាប់អ្នកទោសនយោបាយកម្ពុជាហើយ មិនតែប៉ុណ្ណោះនឹងធ្វើឱ្យអារម្មណ៍អ្នកគាំទ្រ ក្ដុកក្ដួលជាខ្លាំង។

តែរឿងនេះទំនងមិនអាចអោយលោកសមរង្ស៊ី ចូលគុកងាយៗនោះទេ។ បើតាមអ្នកសង្កេតការណ៍មួយចំនួនយល់ថា ករណីនេះ គឺសហគមន៍អន្តរ ជាតិនឹងប្រញាប់បញ្ចប់ការវិវាទរបស់លោកជាមួយសម្ដេច ហ៊ុន សែន ហើយបើអន្តរជាតិបណ្ដោយឱ្យ  លោក សម រង្ស៊ីមកកម្ពុជា ដើម្បីមកដេកគុកតាមការសន្យារបស់លោកដោយការចាញ់ល្បែងភ្នាល់នេះ គឺសហគមន៍អន្តរជាតិនោះក៏អាចនាំលោកសមរង្ស៊ីមកតែម្ដងគឺពេលនោះហើយ ស្ថានការណ៍នយោបាយអាចនឹងប្រែប្រួល។ ជារួមទៅចំពោះជោគវាសនារបស់អ្នកនយោបាយនេះ ជាមួយនឹងគុកគឺនៅតែនៅឆ្ងាយគ្នាខ្លាំងណាស់។

ចុះសម្ដេច ហ៊ុន សែន វិញបើចាញ់ភ្នាល់នឹងលោក សម រង្ស៊ី  សុខចិត្តលាលែងពីតំណែងឬទេ?

ចម្លើយដែលងាយរកឃើញគឺមិនអាចទៅរួចទេ។​ការចុះចេញពីតំណែង គឺជាឆន្ទៈរបស់បុគ្គលពិតមែន ប៉ុន្តែ បក្សក៏ជាអ្នកសម្រេចដែរគឺមានន័យថា បក្សមានវិន័យ បុគ្គលក៏មានវិន័យដែរ ហើយឆន្ទះអ្នកគាំទ្រសម្ដេចក៏កាន់តែមានឥទ្ធិពលដែរ។ ពួកគេនឹងមិនចង់ឃើញសម្ដេចបោះបង់ចោលតំណែងជានាយករដ្ឋមន្ត្រីដែរ។ ក្រៅពីនេះ នៅមានទឡ្ហីករណ៍មកធ្វើសំអាងច្រើនទៀត ដូចជា មាន សម្ដេច ហ៊ុន សែន គឺមានសន្តិភាពមានការអភិវឌ្ឍជាដើម។

ដូច្នេះ ល្បែងភ្នាល់នយោបាយដែល លោក សម រង្ស៊ី ជាអ្នកផ្ដើមគំនិតមុន សម្ដេច ហ៊ុន សែន គឺអាចជាយុទ្ធសាស្រ្តពីរដើរទន្ទឹមគ្នា។ យុទ្ធសាស្ត្រទីមួយ គឺលោក សម​ រង្ស៊ី ចង់ទាញសហគមន៍អន្តរជាតិឱ្យគិតកាន់តែខ្លាំងអំពីពេលវេលានៃការទម្លាក់ទណ្ឌកម្មEBA ដែលសហភាពអឺរ៉ុបបានដាក់ឱសានវាទហើយនោះ។  យុទ្ធសាស្ត្រទី២ គឺលោក សម រង្សី ទាញករណី លោក កឹម សុខា​ ឱ្យដើរចេញពីនីតិវិធីរបស់តុលាការ ហើយទាញទៅជារឿងនយោបាយទាំងស្រុង ដើម្បីបើកការចរចាជាមួយបក្សកាន់អំណាចដែលសម្ដេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជាប្រធានបក្ស៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖លោក សម រង្ស៊ី កាន់តែក្លាយជាវីរបុរសនៃអតីតបក្សសង្រ្គោះជាតិ បើលោក កឹម សុខានៅបន្តឃុំខ្លួន

បទវិភាគ៖ សកម្មភាព និងតួនាទីរបស់លោក សម រង្ស៊ី [...]

ប្រវត្តិសាស្ត្រ៖តើដោយសារព្រហ្មលិខិតមែនឬ ទើបស្ដេចកនចាញ់សង្រ្គាមនឹងព្រះបាទច័ន្ទរាជា?

សង្រ្គាមរវាងហ្លូងព្រះស្ដេចកន និងព្រះបាទច័ន្ទរ[...]

វិភាគ៖ឥទិ្ធពលនៃការដាក់ទណ្ឌកម្មរបស់អាមេរិកនាំឱ្យសេដ្ឋកិច្ចវេណេហ្សូអេឡាទៅរកការរលំរលាយ

ខណៈ អាមេរិកកំពុងបន្ថែមការដាក់ទណ្ឌកម្ម  ស្រាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត