en     km
en     km

មន្ត្រីរដ្ឋាភិបាល៖ កម្ពុជាមិនសា្វគមន៍ជំហរទូតថ្មីអាមេរិកចង់បន្ថែមដាក់ទណ្ឌកម្មលើកម្ពុជា(មានសំឡេង)

Share

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញជំហរមិនគាំទ្រចំពោះភាពមានះរបស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាដែលជំរុញ ឱ្យអាមេរិបន្ថែមការដាក់ទណ្ឌកម្មមកលើកម្ពុជា ។ លោក ផៃ ស៊ីផាន បានហៅវត្តមានរបស់លោក Patrick Murphy  ថា គ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា​ និងអាមេរិក។ តែអ្នកវិភាគថាអ្នកការទូតអាមេរិកជើងចាស់រូបនេះមានឥទ្ធិពលលើតំបន់អាស៊ីអាគ្នេយ៌។លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

លោក William A. Hedt  បានបញ្ចប់បេសកម្មរបស់ខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

បន្ទាប់ពីមានការបញ្ចប់អាណត្តិរបស់នរណាម្នាក់ គឺត្រូវមានអ្នកជំនួសតួនាទី និងដំណែងនេះ។ លោក Patrick Murphy  ជាបេក្ខជនដែលត្រៀមខ្លួនចូលមកជំនួសលោក William A. Hedt  ។ មុនពេលលោក Patrick Murphy  ចូលមកបំពេញបេសកម្មរបស់ខ្លួន មានដំណឹងថា លោក នឹងជម្រុញឱ្យអាមេរិកដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា ដើម្បីសា្ដរលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។

អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃទី ៥ ខែធ្នូនេះថា កម្ពុជានឹងមិនស្វាគមន៍នូវគោលជំហររបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះទេ ហើយការធ្វើបើបែបនេះគឺ វត្តមានរបស់​ឯកអគ្គរដ្ឋទូតរូបនេះ គឺគ្មានប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ។

លោក ផៃ ស៊ីផាន៖«បើសិនជាគាត់និយាយដូច្នេះមែន គាត់មិនមែនសម្ដៅលើទិដ្ឋភាពសហប្រតិបត្តិការណ៍នឹងទំនាក់ទំនងល្អនោះទេ គាត់គា្រន់តែមកជាខ្មាំងជាមួយកម្ពុជា ដូច្នេះវត្តមានរបស់លោកមិនមានបានប្រយោជន៍អីទេបាទចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងប្រជាជាតិទាំងពីរ។ បើសិនជាគាត់មានគោលជំហរអ៊ីចឹងមែនយើងអត់ស្វាគមន៍ទេ »។

លោក បញ្ជាក់ជាថ្មីថា កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនចាំបាច់ធ្វើតាមរដ្ឋផ្សេងឡើយ។ លោកថា កម្ពុជាមានសមត្តភាពគ្រប់បែបយ៉ាងក្នុងការដឹកនាំកម្ពុជាជាមួយនឹងសន្តិភាព ហើយអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅកម្ពុជានេះ នឹងមិនអាចធ្វើអ្វីឱ្យលើសពីតួនាទី និងភារកិច្ចរបស់ខ្លួននៅកម្ពុជាបានឡើយ។ 

កាលពីម្សិលមិញ គឺថ្ងៃទី ៤ ខែធ្នូ ក្នុងសវនាការរសួរដេញដោលផ្ទាល់មាត់ ពីគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិក លោក Patrick Murphy បានបង្ហាញជំហរគាំទ្រដល់អាមេរិកក្នុងការបន្ថែមការដាក់ទណ្ឌកម្មដល់កម្ពុជាយ៉ាងម៉ឺងម៉ាត់។

លោក Patrick Murphy បញ្ជាក់បែបនេះ មុនពេលដែលលោកនឹងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកពេញសមត្ថភាព ប្រចាំនៅកម្ពុជាជំនួសលោក William A. Heidt។

លោក Patrick ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា នឹងពិចារណាទៅលើការដាក់ទណ្ឌកម្មដល់កម្ពុជាពាក់ព័ន្ធនឹងការពង្រីកទិដ្ឋាការដល់ក្រុមមន្ត្រីបក្សកាន់អំណាចនៅកម្ពុជាជាដើម។

លោកបញ្ជាក់ថា លោកនឹងពិចារណាគ្រប់មធ្យោបាយទាំងអស់របស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មដល់របបដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ពោលគឺធ្វើយ៉ាងណា ដើម្បីឱ្យមានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងបើកសិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។

វិទ្យុអាស៊ីសេរី បានចុះផ្សាយកាលពីម្សិលមិញថា លោក Patrick បាន​ប្តេជ្ញាចិត្ត​ ក្នុង​ការ​បំពេញ​មុខងារ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិកប្រចាំនៅកម្ពុជានេះ ដោយ​បន្ត​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​រវាង​អ្នក​នយោបាយ​ខ្មែរ។ ​ជាងនេះ នឹងធ្វើឱ្យកម្ពុជា​គោរព​តាម​គោលការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​អធិបតេយ្យ​របស់​ប្រទេស​នេះ។

លោក Matrick នឹង​ជំរុញ​កម្ពុជា គោរពនិងអនុវត្ត​តាម​បទដ្ឋាន​ការងារ​អន្តរជាតិផងដែរ។ លោក ក៏នឹងបន្ត​យុទ្ធនាការក្នុងការ​ស្វែង​រុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​បាត់ខ្លួននៅកម្ពុជា។

អ្នកវិភាគនយោបាយ និងបញ្ហាសង្គមឯករាជ្យនៅកម្ពុជាប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានៅថ្ងៃដដែលថា កម្ពុជាអាចនឹងកើនឡើងនូវភាពតានតឹងផ្នែកទំនាក់ទំនងជាមួយអាមេរិក ព្រោះឯក​អគ្គរដ្ឋទូត​រូបនេះ បង្ហាញជំហរបែបនេះ គឺជាអ្វីដែលកម្ពុជាមិនពេញចិត្ត។

តែលោកថា វត្តមានរបស់លោក Patrick Murphy ក៏អាចធ្វើឱ្យកម្ពុជាមានការចរចាជាមួយអាមេរិក និងប្រកាសគោលនយោបាយមួយជាក់លាក់ដែរដោយសារអ្នកការទូតរូបនេះ មានបទពិសោធន៍ ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៌។

កញ្ញា​ កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងអតីត​អគ្គនាយករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ធ្លាប់បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ Patrick Murphy  ​​អំពី​ជំហាន​បន្ត​ដែល​សហរដ្ឋអាមេរិក​គួរ​ចាត់​វិធានការ​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

កូនស្រីរបស់លោក កឹម សុខា រូបនេះ បានអំពាវនាវឱ្យអាមេរិកសហការជាមួយប្រទេសជប៉ុន ដើម្បីចាត់វិធានការមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលកញ្ញាថា កម្ពុជាកំពុងមានវិបត្តិ។

ក្រោយពីមាន​ការ​រំលាយ​គណបក្សសង្គ្រោះជាតិ ដែលជាគណបក្ស​ប្រឆាំងដ៏ធំជាងគេនៅកម្ពុជាកាលពីចុងឆ្នាំ ២០១៧  និង​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្សនេះចំនួន ១១៨ ​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​រហូត​ដល់​ទៅ​ ៥ ​ឆ្នាំ សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​ឲ្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប​)។

បន្ទាប់​មក អាមេរិក​បាន​ប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​ប្រឆាំង​មន្ត្រី​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ព្រមាន​ចាត់​វិធានការ​បន្ថែម​ទៀត ខណៈ​សហភាព​អឺរ៉ុប​ក៏​បាន​ព្យួរ​ជំនួយ​ដល់ គ.ជ.ប សម្រាប់​រៀបចំ​ការ​បោះឆ្នោត​ដូច​គ្នា​។

សហរដ្ឋអាមេរិក ក៏បានបង្កកទ្រព្យសម្បត្តិ និងពង្រីកទិដ្ឋាការដល់មន្រ្តីរបស់បក្សកាន់អំណាចនៅកម្ពុជា ក្នុងនោះមានឈ្មោះនាយករដ្ឋមន្ត្រីកម្ពុជា គឺ​សម្ដេច ហ៊ុន សែន និងសម្ដេច ស ខេងថែមទៀតផង។

តែយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា តែងតែអះអាងថា ខ្លួនមិនដែលខ្វល់នឹងការដាក់ទណ្ឌកម្មទាំងនេះនោះទេ ព្រោះពួកលោក មិនមានទ្រព្យសម្បត្តិអ្វីនៅអាមេរិកនោះទេ។ ចំពោះការហាមឃាត់មិនឱ្យចូលទឹកដីអាមេរិក ក៏មន្ត្រីទាំងនេះមិនខ្វល់ដែរ ព្រោះលោកថា មិនមានការអ្វីដែលត្រូវទៅអាមេរិកទេ ហើយវាមិនអស់សោហុយទៅមកផង។

ដោយឡែក សហភាពអឺរ៉ុបកំពុងតែដំណើរការដកការអនុគ្រោះពន្ធមកលើកម្ពុជា បើកម្ពុជាមិនស្ដារលទ្ធិប្រជាធិបតេយ្យទេនោះ។

កន្លងមក នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ធ្លាប់ថ្លែងថា ការចង់ដកការអនុគ្រោះពន្ធពីកម្ពុជាដោយសហភាពអឺរ៉ុបនេះ គឺដោយសារកម្ពុជាមានការអភិវឌ្ឍច្រើហើយ៕

អត្ថបទ៖លោក សោម លាភ

Share

Image
Image
Image