loader

អ្នកនំាពាក្យក្រសួងការបរទេស៖នឹងកែលម្អការងាររបស់ខ្លួនឱ្យបានល្អប្រសើរជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ៖ អ្នកនំាពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី បានលើកទ្បើងថាលោកនឹងព្យាយាមកែលម្អការងាររបស់ខ្លួនទាក់ទងនឹងការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យទំនាក់ទំនងទំាងពីរមានភាពល្អប្រសើរ។ ការថ្លែងនេះធ្វើទ្បើងក្នុងវេទិកាអ្នកសារព័ត៌មាន និងអ្នកនំាពាក្យ នៅស្នាក់ការសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នំា២០១៨។

លោក ជួន អ្នកសារ៉េត រាយការណ៍ពីព័ត៌មាននេះ!

គេសង្កេតឃើញថាមានអ្នកនំាពាក្យស្ថាប័នរាជរដ្ឋាភិបាលខ្លះ មានភាពអសកម្ម ក្នុងការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដែលធ្វើឱ្យអ្នកសារព័ត៌មានមួយចំនួនពិបាកក្នុងការស្វែងរកការឆ្លើយតបពីអ្នកនំាពាក្យ។ ក្នុងនោះគេក៏សង្កេតឃើញមានក្រសួងការបរទេសមួយផងដែរដែលអ្នកពាក្យមិនសូវសកម្មនឹងការឆ្លើយតបពីអ្នកសារព័ត៌មាននោះទេ។  ការណ៍នេះទើបមានវេទិកាអ្នកសារព័ត៌មាន និងអ្នកពាក្យបានបង្កើតទ្បើង។

សាស្រ្តាចារ្យផ្នែកសារព័ត៌មាន លោក ឆាយ សុផល បានលើកទ្បើងថា អ្នកនំាពាក្យពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានទៅដល់អ្នកសារព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង។
តែលោកឆាយ សុផល អះអាងថាទន្ទឹមនឹងសារៈសំខាន់នេះ ការប្រាស្រ័យទាក់ទងរវាងអ្នកនំាពាក្យ ជាមួយអ្នកសារព័ត៌មាននៅមានកម្រិតនៅទ្បើយ។

 នៅមានកម្រិតដោយលោកថា អ្នកនំាពាក្យមួយចំនួននៅមានការរើសអើងចំពោះស្ថាប័នសារព័ត៌មាន ហើយសមត្ថភាពអ្នកនំាពាក្យខ្លះក៏នៅមានកម្រិត។ ការណ៍នេះលោកឆាយ សុផល សង្កត់ធ្ងន់ថាបើសម្រេចចិត្តធ្វើជាអ្នកនំាពាក្យគឺត្រូវមានចិត្តទូលាយចំពោះអ្នកសារព័ត៌មាន។

«អ្នកនំាពាក្យមួយចំនួនខ្ញុំមិននិយាយចំៗចំពោះបុគ្គលណាទេប៉ុន្តែមិនមែនតែម្នាក់ទេមានច្រើនគ្នាដែរ ដែលយើងតែសង្កេតឃើញមានចិត្តឆេវឆាវ​ធ្វើជាអ្នកនំាពាក្យគឺទាល់តែមានចិត្តទូលាយ ពីព្រោះកាលណាយើងភ្លេចខ្លួនតែមួយភ្លេតមិនប៉ះពាល់តែបុគ្គលយើងម្នាក់ឯងនោះទេ គឺវាធ្វើឱ្យខូចប្រយោជន៍ដល់ស្ថាប័នយើងទំាងមូល ទំាងស្ថាប័នជាតិ រដ្ឋ និងមិនមែនរដ្ឋអញ្ចឹងនេះជាទំនាក់ទំនង »។

ក្នុងអាជីពជាអ្នកសារព័ត៌មាន និងជាប្រធានស្ថានីយ៍វិទ្យុមួយ កញ្ញា យ៉ាន់ លីណា បានលើកទ្បើងថា អ្នកសារព័ត៌មាននៅតែជួបបញ្ហាប្រឈមនៅទ្បើយក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកនំាពាក្យ។ បញ្ហាប្រឈមនេះដោយកញ្ញាយល់ឃើញថាមកពីភាគីទំាងពីរមិនទាន់មានភាពយោគយល់ឱ្យគ្នាទៅវិញទៅមក។​ ត្រង់ចំណុចនេះកញ្ញា យ៉ាន់ លីណា ស្នើឱ្យអ្នកនំាពាក្យ និងអ្នកសារព័ត៌មានត្រូវតែអត់ធ្មត់និងអធ្យាស្រ័យឱ្យគ្នា ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីទំាងពីរឱ្យមានល្អប្រសើរ។

កញ្ញា យ៉ាន់ លីណា «ខ្ញុំសង្កេតមើលទៅ៥ឆ្នំាមុនមានបញ្ហាហ្នឹង ៥ឆ្នំាក្រោយ នៅតែមានបញ្ហាហ្នឹង វាអាចប្រសើរតិចតួចទៅលើស្ថានភាពនៃអ្នកនំាពាក្យក៏ប៉ុន្តែបញ្ហារបស់អ្នកនំាពាក្យហើយនឹងបញ្ហារបស់អ្នកសារព័ត៌មានគឺដូចគ្នា គឺនៅកើតទ្បើងដដែលសូមឱ្យអ្នកនំាពាក្យទំាងអស់មេត្តាយោគយល់ដល់អាជីពការងារ ហើយខាងអ្នកសារព័ត៌មានក៏ត្រូវយោគយល់និងអត់ធ្មត់នោះដែរ»។

ទាក់ទងរឿងនេះអ្នកនំាពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត ទទួលស្គាល់ថាអ្នកសារព័ត៌មានពិតជានៅមានបញ្ហប្រឈមនៅទ្បើយជាមួយអ្នកនំាពាក្យ។ លោក សុខ ឥសាន្ត បន្តថាអ្នកនំាពាក្យត្រូវប្រកាន់គោលជំហរនិយាយអ្វីដែលត្រង់ដើម្បីឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយទៅបានត្រឹមត្រូវ។

លោក សុខ ឥសាន្ត ពន្យល់ថាកត្តាដែលអ្នកសារព័ត៌មានពិបាកក្នុងការទាក់ទងអ្នកនំាពាក្យ នោះគឺមានចំណុចសំខាន់ៗដូចជា៖

លោក សុខ ឥសាន្ត«អ្នកនំាពាក្យឈ្មោះតែមួយ ក៏ប៉ុន្តែចិត្តខុសគ្នា ទីពីរការយល់ដឹងខុសគ្នា ជួនណាខ្លាចគេសួរមិនរួចអញ្ចឹងអត់ឆ្លើយតែម្តង មិនជួបតែម្តង យើងមិនចង់ឮបញ្ហាថាទូរស័ព្ទហើយមិនលើក​ ទូរស័ព្ទច្រើនដងមិនលើក ឬមួយទូរស័ព្ទច្រើនដងលើកហើយតែមិនឆ្លើយ។ អញ្ចឹងសូមតម្កល់ចិត្តទុកចិត្តថាសូរត្រូវតែឆ្លើយ ក៏ប៉ុន្តែអារឿងដឹងឆ្លើយថាដឹង រឿងមិនដឹងឆ្លើយថាមិនដឹង អានេះវាអស់ចិត្តសម្រាប់អ្នកសួរ»

លោក សុខ ឥសាន្ត បានដាស់តឿនទៅដល់មន្រ្តីអ្នកនំាពាក្យក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងថា ប្រសិនបើ ព្យាយាមគេចពីការសាកសួររបស់អ្នកសារព័ត៌មាននោះអ្នកដែលខាតបង់ធ្ងន់ធ្ងរណាស់។

ការណ៍នេះលោកផ្តល់ជាអនុសាសន៍ថាក្នុងនាមជាអ្នកនំាពាក្យត្រូវព្យាយាមមផ្តល់ព័ត៌មានទៅដល់អ្នកសារព័ត៌មានតាមតែអាចធ្វើទៅបាន ដើម្បីជាចំណែកក្នុងការផ្សព្វផ្សាយពីអ្វីដែលខ្លួបានដឹងទៅសាធារណៈជនតាមរយៈការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន។

«ក្នុងនាមជាមន្រ្តីរបស់គណបក្សក៏ដូចជារបស់រាជរដ្ឋាភិបាលកាលណាយើងគេចមុខខាតបាត់ ខាត១០០%តែម្តងពីថ្ងៃនេះទៅខ្ញុំសូមដាក់ខ្លួន ដាក់កាយ ជូនអ្នកសារព័ត៌មានចង់សួរអី បើកម៉ាសេរី ហើយខ្ញុំមានតែលើកទឹកចិត្តថាក្មួយឯងសួរសង្កត់កពូឱ្យជាប់ រកវិធីណាសង្កត់កពូឱ្យជាប់ពូសប្បាយចិត្ត»

ជុំវិញរឿងនេះដែរ អ្នកនំាពាក្យក្រសួងការបរទេស នឹងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ដែលគេសង្កេតឃើញថាពិបាកក្នុងការទាក់ទងនោះបានលើកទ្បើងថា ការចូលរួមវេទិកានេះពិតជាមានសារៈសំខាន់សម្រាប់អ្នកនំាពាក្យ និងអ្នកសារព័ត៌មានដើម្បីបង្កើតទំនាក់ទំនងរវាងភាគីទំាងពីរឱ្យល្អប្រសើរ។

អ្នកនំាពាក្យក្រសួងការបរទេសរូបនេះក៏ទទួលស្គាល់ដែរថា​ការផ្តល់កិច្ចសហការរបស់អ្នកនំាពាក្យពិតជាមានបញ្ហាប្រឈមជាមួយគ្នានៅទ្បើយក្នុងការផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន។ បញ្ហាប្រឈមនោះដោយលោកអះអាងថាកម្រិតនៃការផ្តល់ព័ត៌មានរបស់អ្នកនំាពាក្យមួយចំនួនគឺមានកម្រិត។

តែទោះជាយ៉ាងលោកថានឹងយកបទពិសោធន៏ក្នុងវេទិកានេះទៅកែលម្អនៅក្នុងកិច្ចការរបស់លោក។ «ពេលខ្លះទំនាក់ទំនងនេះវាក៏បានសម្តែងចេញក្រោមរូបភាពទំនាក់ទំនងនៃការប្រឈមមុខគ្នារវាងបុគ្គលអ្នកកាសែត និងបុគ្គលអ្នកនំាពាក្យដូច្នេះជារួមមកយើងឃើញថាទំនាក់ទំនងរវាងអ្នកសារព័ត៌មាននឹងអ្នកនំាពាក្យមានការកែប្រែប្រួល ខ្លួនខ្ញុំជាអ្នកនំាពាក្យខ្ញុំនឹងយកបទពិសោធន៏ល្អសម្បូរបែបទំាងនេះទៅពិចារណា ដើម្បីធ្វើការងារប្រចំាថ្ងៃរបស់ខ្ញុំបាទជាអ្នកនំាពាក្យ»

គួរជម្រាបថា នេះជាលើកទីមួយហើយដែលមានវេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យបានជួបគ្នា។

វេទិកាអ្នកសារព័ត៌មាន និងអ្នកនំាពាក្យ ដែលជាជំនួបប្រចំាឆ្នំាលើកដំបូង នេះមានការចូលរួមពីអ្នកនំាពាក្យក្រសួងស្ថាប័នសំខាន់ៗ ដូចជា ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស រួមទំាងតំណាងស្ថានទូតសំខាន់ៗមួយចំនួនផងដែរ។

តែវេទិកានេះ ធ្វើឡើងនៅមុន សម្ដេចនាយករដ្ឋមន្ត្រី បើកវេទិកាជាមួយសារព័ត៌មាននៅថ្ងៃទី២១មករា នៅវិមានសន្តិភាព៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនឱសថអឺរ៉ុបបន្ថយការស្លាប់ដោយសារឱសថក្លែងក្លាយនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនអ៊ឺរ៉ុបបើកក្រុមហ៊ុនឱសថផ្គត់[...]

អ្នកបើកបរយន្តហោះម្នាក់ទាមទារឱ្យស្រាវជ្រាវយន្តហោះ Boeing 370សង្ស័យធ្លាក់នៅកម្ពុជា

នៅរយៈពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសជ[...]

លោក ស៊ុន ចាន់ថុល អំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនកុំដឹកទំនិញហួសទម្ងន់កំណត់(មានសំឡេង)

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីសាធារណការនិងដឹកជញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត