en     km
en     km

បទយកការណ៍៖ទំនាក់ទំនងយុវវ័យក្នុងសម័យបច្ចេកវិទ្យា

Share

MC៖ ក្នុងសម័យនៃប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចម្រើន បណ្តាញសង្គម បានក្លាយជាទីពេញនិយមសម្រាប់មហាជន ពិសេសស្រទាប់យុវវ័យក្មេងៗ។ ពួកគេបានប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយទំនាក់ទំនងការងារ ការសិក្សា ស្នេហា អានព័ត៌មាន ស្វែងយល់ចំណេះដឹងថ្មីៗ និងការកំសាន្តជាដើម។

ទាក់ទងក្នុងប្រើប្រាស់បណ្តាញសង្គមនេះ លោក កែវ សុខា បានចុះទៅសម្ភាសន៍យុវជន និងឳពុកម្តាយមួយចំនួនពីទម្លាប់នៃការប្រើប្រាស់បណ្តាញសង្គម និងទស្សនៈរបស់ពួកគេជុំវិញការប្រើប្រាស់បណ្តាញសង្គម។ ដើម្បីជ្រាបកាន់តែច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់ខ្លឹមសារទាំងស្រុងដូចតទៅ!

នេះជាទស្សនៈរបស់យុវជនជុំវិញការប្រើប្រាស់បណ្តាញសង្គម ក្នុងសកម្មភាពប្រាស្រ័យទាក់ទងគ្នា ការសិក្សា​ ការរកស៊ី និងការចែករំលែកចំណេះដឹងនានាជាដើម។

ក្នុងយុគសម័យបច្ចេកវិទ្យាកាន់តែទំនើប បណ្តាញសង្គមជាជម្រើសល្អ និងឆាប់រហ័សបំផុតក្នុងការទំនាក់ទំនងគ្នា ការធ្វើពាណិជ្ជកម្ម ជំនាញជួញដូរ និងការកំសាន្តនានារបស់ប្រជាជន ដោយគ្រាន់តែមានទូរស័ព្ទប្រភេទស្មាតហ្វូនក្នុងដៃជាមួយសេវាអ៊ីធើណែតតែប៉ុណ្ណោះ។

យុវតីកំពុងឆែករឿងរ៉ាងក្នុងបណ្តាញសង្គមហ្វេសប៊ុក។

តួយ៉ាងយុវជន យូ កទី ជាងធ្វើគ្រឿងអង្កាកានៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ សព្វថ្ងៃកំពុងប្រើប្រាស់បណ្តាញសង្គមមួយចំនួនដូចជា ហ្វេសប៊ុក យូធូប តេឡេក្រាម ដើម្បីទំនាក់ទំនងរឿងការងារ ស្នេហា អានព័ត៌មាននិងហេតុការណ៍ថ្មីៗ ស្វែងយល់ពីចំណេះដឹងប្លែកៗ និងការកំសាន្តខ្លះៗផងដែរ។

យុវជនរូបនេះបន្តថា ចាប់តាំងពីមានបណ្តាញសង្គមមក ការទំនាក់ទំនងផ្សេងៗកាន់តែមានភាពងាយស្រួល និងឆាប់រហ័សទាន់ចិត្ត ហើយការរកស៊ីរីកចម្រើនជាមុន។

«កាលខ្ញុំរៀននៅអនុវិទ្យាល័យ និងវិទ្យាល័យទាក់ទងគ្នាតាមសំបុត្រ គឺសរសេរសំបុត្រផ្ញើទៅមកចឹងទៅ ទម្រាំតែបានសំបុត្រពីសង្សារមួយអាទិត្យអីចឹងទៅ ព្រោះកាលហ្នឹងអត់ទាន់មានបណ្តាញសង្គមហ្វេសប៊ុកទេ គឺមានតែវិទ្យុ និងទូរទស្សន៍។ឥឡូវមានងាយស្រួលព្រោះមានបណ្តាញ ហ្វេសប៊ុក  តេឡេក្រាម និងមានអីៗច្រើន ពេលមានហ្វេសប៊ុកប្រើងាយស្រួលជាងពីមុន ព្រោះឥឡូវទាក់ទងគ្នារហ័សហើយការងារក៏លឿន»។

យុវជន យូ កទី ប្រើប្រាស់បណ្តាញសង្គមជាមធ្យោបាយទាក់ទងការងារ ស្នេហាជាដើម។

ដោយឡែកយុវតី ពោ គឹមសេង ជំនួយការក្រុមប្រឹក្សាឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និយាយថា ចាប់តាំងពីមានបណ្តាញសង្គមប្រើ ការទំនាក់ទំនងជាមួយថ្នាក់លើមានភាពឆាប់រហ័សជាងមុនច្រើន ហើយការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋក៏បានទាន់ពេល។ ក្រៅពីសម្រួលក្នុងសកម្មភាពការងារប្រចាំថ្ងៃ យុវតីរូបនេះបន្ថែមថា ការប្រើប្រាស់បណ្តាញសង្គមបានផ្តល់នូវការកំសាន្ត ការអប់រំ ព័ត៌មានថ្មីៗ និងបានដឹងសកម្មភាពការងារសង្គមផ្សេងៗរបស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផងដែរ។

«ផលប្រយោជន៍ដែល​​​​ខ្ញុំទទួលបានពីបណ្តេញសង្គមវាមានច្រើន ទី១ គឺខ្ញុំអាចឆែកព័ត៌មានដែលមិនសូវជាក់លាក់ឡើងវិញ។មួយទៀតខ្ញុំអាចឆែកមើលការប្រឡងចូលក្រសួងណាមួយចឹង ជាពិសេសឆែកមើលមេរៀនណាមួយដែលខ្ញុំឆ្ងល់ ខ្ញុំតែងចូលស្វែងរកមើល »។

យុវតី ពោ គឹមសេង យុវជនបង្គោលខេត្តកំពង់ធំ។

ទោះបីជាបណ្តាញសង្គមជាមធ្យោបាយទាក់ទង និងផ្សព្វផ្សាយដ៏ពេញនិយមក៏ដោយ តែការប្រើប្រាស់ច្រើនហួសហេតុ និងប្រើប្រាស់ក្នុងផ្លូវមិនល្អក៏អាចនាំទុក្ខទោសដល់អ្នកប្រើប្រាស់ផងដែរ។

ទាក់ទិនការព្រួយបារម្ភនេះ លោក រិទ្ធី វ័យ ៥០ ឆ្នាំរស់នៅរាជធានីភ្នំពេញ ទទួលស្គាល់ថា បណ្តាញសង្គមពិតជាបង្កភាពងាយស្រួលដល់ការទាក់ទង ការរកស៊ីលក់ដូរ ផ្តល់នូវព័ត៌មាន រឿងរ៉ាវប្លែកៗនិងចំណេះដឹងផ្សេងៗបានឆាប់រហ័ស។ ប៉ុន្តែលោកយល់ថា យុវវ័យបច្ចុប្បន្នបានចំណាយពេលច្រើនលើការប្រើប្រាស់បណ្តាញសង្គម តួយ៉ាងកូនរបស់លោកបានប្រើទូរស័ព្ទដៃចូលទៅក្នុងបណ្តាញសង្គមជាច្រើនម៉ោងក្នុងមួយថ្ងៃៗពេលខ្លះភ្លេចរៀនសូត្រក៏មាន។«កូនវាចំណាយពេលច្រើនដែលហ្នឹង យប់ឡើងម៉ោង ៩១០ បានចូលគេង។ មើលច្រើនវាល្អខ្លះ មិនល្អខ្លះ ក៏វាដឹងព័ត៌មានបានរីកចម្រើនដែរ តែបើវាលេងច្រើនពេកក៏វាខាតពេលវេលាការសិក្សារបស់វាដែរ។ខ្ញុំបានអប់រំណែនាំគាត់កុំឱ្យលេង[facebook]ច្រើនពេក ឱ្យវាខំរៀនខំសូត្រ»។

លោក រិទ្ធី តែងណែនាំកូនពេលលេងហ្វេសប៊ុកច្រើន។

ដោយឡែកអ្នកស្រី ជិន ច្រឹប អ្នកលក់នំមុខវិទ្យាល័យទួលទំពូងឱ្យដឹងថា អ្នកស្រីតែងតែណែនាំដល់កូនក្មួយជាប្រចាំនៅពេលពួកគេលេងហ្វេសប៊ុកច្រើន ពិសេសការចែកចាយរូបភាព ឬវីដេអូមិនសមរម្យក្នុងហ្វេសប៊ុក។ តែយ៉ាងណា អ្នកស្រីយល់ការប្រើប្រាស់បណ្តាញសង្គមពិតជាបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់យុវវ័យ​ នៅពេលពួកគេប្រើប្រាស់ក្នុងផ្លូវត្រឹមត្រូវ។«ពេលវាស្វ៊ែររូបអីដែលល្អយើងមិនថាអីទេ តែបើស្វ៊ែររូបមិនល្អ​យើងប្រដៅវាឱ្យចេះគិតឡើងពេលស្វ៊ែរ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្ញុំចង់ឱ្យបានត្រឹមត្រូវ តែយើងមិនអាចឃាត់គំនិតគេបានទេ មិនដឹងថាគាត់គិតម៉េច ​គាត់យល់ឃើញថាម៉េចគាត់និយាយចឹង។ ខ្ញុំគិតថាការប្រើហ្វេសប៊ុកកាន់តែច្រើន កាន់តែល្អហើយ គេមានអ្វីផ្សេង យើងមានអ្វីផ្សេងវាកាន់តែយល់ដឹងកាន់តែច្រើន»។

អ្នកស្រី ជិន ច្រឹប តែងតាមដានព័ត៌មានលើបណ្តាញសង្គមព្រោះមិនសូវមានពេលទំនេរមើលទូរទស្សន៍ ឬស្តាប់វិទ្យុ។

ក្រៅពីនេះបណ្ដាញ​សង្គម បាន​កំពុង​ធ្វើ​ឲ្យ​ទំនាក់​ទំនងជា​មួយក្រុម​គ្រួសារ បងប្អូន មិត្តភក្តិ ដែល​រស់នៅ​ឆ្ងាយ​ពីគ្នា​កាន់តែ​ជិតស្និត​។ មិត្តភក្តិ​ដែល​បែក​គ្នា​យូរ​ឆ្នាំ​បាន​ជួប និង​អាច​និយាយ​គ្នា​បាន​យ៉ាង​ងាយ​ស្រួលតាមរយៈការ​បង្កើត​ក្រុម​សន្ទនា (Group Chat) ។ ​មិនថាមិត្ត​រួម​ថ្នាក់ ឬ​អ្នកធ្វើការងារតាម​ក្រសួង​និង​ស្ថាប័ន​នោះទេ គឺ​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ទំនាក់ទំនង​ការងារ ជូនដំណឹង ចែករំលែក​ព័ត៌មាន និង​សកម្មភាព​ជាច្រើន​ទៀត​។

យុវវ័យមួយក្រុមកំពុងមើលហ្វេសប៊ុក។

គេហទំព័រ​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជាបញ្ជាក់​ថា ​គិតត្រឹម​ខែ​មេសា ឆ្នាំ​២០១៨​​ កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជិត​១១​លាន​នាក់ ​និង​​អ្នក​ប្រើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ប្រមាណ​ជា ​៧​លាន​នាក់។ ហើយបណ្តាញសង្គមដែលពលរដ្ឋកម្ពុជានិយមប្រើរួមមាន Facebook ,Twitter,  Line , WhatsApp , Instagram  និងតេឡេក្រាមជាដើម៕

 ​ផលិតដោយ

សហការឧបត្ថម្ភដោយ

Share

Image
Image
Image