loader

EU គ្រោងផ្តល់ថវិកា១២០លានយូរ៉ូគាំទ្រការគ្រប់គ្រងធនធានជលផលតាមសហគមន៍នេសាទ

ភ្នំពេញ៖ ទឹកប្រាក់១២០លានយូរ៉ុប ឬស្មើប្រមាណ១៣៨លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវចំណាយលើការគាំទ្រ ការការពារធនធានជលផល និងការលើកស្ទួយកម្រិតជីវភាពសហគមន៍នេសាទ តាមរយៈជំនួយរបស់សហភាពអឺរ៉ុបផ្តល់ដល់កម្ពុជារយៈពេល៥ឆ្នាំខាងមុខទៀត ។ នេះបើតាមការគូសបញ្ជាក់ពីមន្រ្តីសហភាពអឺរ៉ុបផ្នែកជលផលក្នុងកម្មវិធីសហភាពអឺរ៉ុប ក្នុងកិច្ចអភិវឌ្ឍរបស់វិទ្យុស្រ្តីនៅថ្ងៃទី០៥កញ្ញានេះ។

 

វាគ្មិនចូលរួមកម្មវិធីនៅវិទ្យុស្រ្តី។ពីឆ្វេងទៅស្តាំ កញ្ញា យី លុយហ៊ាង អ្នកសម្របសម្រួលកម្មវិធី, លោក ម៉ាក សិទ្ធីរិទ្ធិ មន្ត្រីកម្មវិធីវិស័យជលផល ប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក លីវុទ្ធី នាយក នៃនាយកដ្ឋានអភិវឌ្ឍន៍នេសាទ នៃរដ្ឋបាលជលផល,លោកស្រី ផាន សុដាវី នាយកអង្គការ Agriculture Technology and Social Action(ATSA)។

 

ដើម្បីការពារធនធានជលផល លើកកម្ពស់កម្រិតជីវភាពប្រជាសហគមន៍នេសាទ ជំរុញការច្នៃផលិតផលនេសាទនិងរកទីផ្សារផលនេសាទ ពិសេសការគាំទ្រសកម្មភាពទប់ស្កាត់បទល្មើសនេសាទ សហភាពអឺរ៉ុបនឹងបន្តផ្តល់ថវិកាចំនួន១២០លានយូរ៉ូ ស្មើប្រមាណ១៣៨លានដុល្លារអាមេរិក សម្រាប់ដំណើរការអនុវត្តគម្រោងមួយចំនួនជាមួយរដ្ឋាភិបាលកម្ពុជា និងដៃគូអង្គការសង្គមស៊ីវិល។ នេះបើតាមការគូសបញ្ជាក់ពីមន្រ្តីសហភាពអឺរ៉ុបផ្នែកជលផល។

លោក ម៉ាក សិទ្ធីរិទ្ធិ មន្ត្រីកម្មវិធីវិស័យជលផល ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាមានប្រសាសន៍ថា ការផ្តល់ជំនួយរបស់សហភាពអឺរ៉ុបមកកម្ពុជាលើផ្នែកជលផលនេះ ចែកចេញជា២ផ្នែកទី១ គម្រោងជំរុញការចិញ្ចឹមត្រីតាមបែបវប្បកម្ម និងការគ្រប់គ្រងធនធានជលផល។ លោកបន្ថែមថា​ ជំនួយរបស់សហភាពអឺរ៉ុបលើវិស័យជលផលនេះ នឹងជួយជំរុញកម្រិតជីវភាពប្រជាសហគមន៍នេសាទតាមរយៈការបណ្តុះបណ្តោលការចិញ្ចឹមត្រីតាមបែបវប្បកម្ម ការកែច្នៃផលិតផលត្រីរបស់សហគមន៍នេសាទដើម្បីរកទីផ្សារជាដដើម។ មួយវិញទៀត ជំនួយរបស់សហភាពអឺរ៉ុបនេះ ក៏ផ្តោតសំខាន់លើការអភិរក្សធនធានធម្មជាតិ តាមរយៈការសហការជាមួយរដ្ឋបាលជលផលដើម្បីទប់ស្កាត់បទល្មើសនេសាទ។

លោក ម៉ាក សិទ្ធីរិទ្ធិ៖«គម្រោងនេះផ្តោតទីមួយ ការគ្រប់គ្រងធនធានជលផល ការអនុវត្តច្បាប់ ការបង្រ្កាបបទល្មើស ហើយគម្រោងនេះនឹងធ្វើកិច្ចការផ្តល់ដោយរដ្ឋបាលជលផល ហើយផ្នែកទី២ នៃគម្រោងនេះនិយាយអំពីការកែច្នែទីផ្សារធ្វើយ៉ាងម៉េចឱ្យសហគមន៍ហ្នឹងអាចមានលទ្ធភាពច្នៃ ហើយរកទីផ្សារលក់បាននិងផ្នែកទី៣ គឺផ្តោតលើកការចិញ្ចឹមជីវិតរបស់សហគមន៍ជួយសហគមន៍ធ្វើម៉េចឱ្យគាត់មានចំណូលបន្ថែមសម្រាប់ការរស់នៅ»។

សហគមន៍នេសាទ គឺជាក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិមួយឬច្រើន រួមគ្នាដោយស្មោះចិត្តចូលរួមគ្រប់គ្រង ថែរក្សា អភិរក្ស ការពារ និងអភិវឌ្ឍន៍ ធនធានជលផលនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមាននិរន្តភាព ដើម្បីលើកស្ទួយកម្រិតជីវភាពពលរដ្ឋក្នុងសហគមន៍នោះឱ្យល្អប្រសើរឡើង។ប្រជាពលរដ្ឋអាចស្នើសុំបង្កើតជាសហគមន៍នេសាទបាន នៅពេលដែលពលរដ្ឋយល់ថា តំបន់ដែលពួកគេរស់នៅមានធនធានជលផលចាំបាច់សម្រាប់រក្សាឬគ្រប់គ្រងឱ្យបានគង់វង្ស។ នេះបើតាមលោក លី វុទ្ធី នាយក នៃនាយកដ្ឋានអភិវឌ្ឍន៍នេសាទ នៃរដ្ឋបាលជលផល។

                                            សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទរបស់រដ្ឋបាលជលផល និងសហគមន៍នេសាទ។

 

លោក លី វុទ្ធី ឱ្យដឹងទៀតថា រហូតមកដល់ពេលបច្ចុប្បន្នសហគមន៍នេសាទនៅទូទាំងប្រទេសមានចំនួន៥១៦សហគមន៍ ក្នុងខេត្តចំនួន២០។ ក្នុងនោះសហគមន៍នេសាទតំបន់ទឹកសាបមានចំនួន ៤៧៥សហគមន៍ស្ថិតនៅក្នុងខេត្តចំនួន១៦។រីឯសហគមន៍ទឹកប្រៃវិញមានចំនួន៤១សហគមន៍នេសាទស្ថិតក្នុងខេត្តចំនួន៤នៅតំបន់ឆ្នេរសមុទ្រ។ លោកបន្ថែមថា ការបង្កើតឱ្យមានសហគមន៍នេសាទឡើង គឺបានពង្រឹងសិទ្ធិអំណាចដល់សហគមន៍ ឱ្យពួកគេយល់ពីសារប្រយោជន៍ធនធានត្រី ចេញការពារធនធានជលផល ជួយទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់ដេលគាត់រស់នៅជាដើម។

លោក លី វុទ្ធី ឱ្យដឹងថាជំនួយរបស់សហភាពអឺរ៉ុបជួយក្នុងវិស័យជលផលនេះ គឺបានលើកទឹកចិត្តដល់រដ្ឋបាលជលផលថ្នាក់ក្រោមជាតិក្នុងការបង្រ្កាបបទល្មើសនេសាទ និងការរៀបចំសហគមន៍នេសាទឱ្យមានប្រសិទ្ធភាព។

លោក លី វុទ្ធី៖«បើសិនជាសហគមន៍នេសាទដំណើរការទៅប្រកបដោយប្រសិទ្ធភាព ផលប្រយោជន៍នឹងបានច្រើនដល់ប្រជាពលរដ្ឋ ទីមួយជំនឿជាក់របស់គាត់លើសហគមន៍នេសាទតាមរយៈផលត្រីកើនឡើងតាមរយៈផលប្រយោជន៍ផ្សេងៗ ពីអង្កការនានា ឧទាហរណ៍ក្រុមសន្សំ ការលើកទឹកចិត្តនានាទៀត ពិសេសសិទ្ធជាម្ចាស់គឺត្រីហ្នឹងជាត្រីរបស់គាត់ ព្រោះគាត់ជាអ្នកប្រើប្រាស់ អញ្ចឹងធនធានទាំងនោះជាបង្អែករបស់គាត់ ប្រសិនបើអ្នកក្រៅមកបំផ្លាញ់គឺប្រៀបបានបំផ្លាញ់របស់គាត់»។

រីឯលោកស្រី ផាន សុដាវី នាយកអង្គការ Agriculture Technology and Social Action(ATSA) មានប្រសាសន៍ថា អត្ថប្រយោជន៍នៃការបង្កើតសហគមន៍នេសាទ គឺប្រជាសហគមន៍នេសាទសិទ្ធិដែលទទួលស្គាល់ដោយច្បាប់ពេញលេញ ដើម្បីការពារធនធានដែលមានក្នុងតំបន់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

លោកស្រី ផាន សុដាវី៖«ប្រសិនបើគាត់មានជាផ្លូវច្បាប់​ គាត់មានទឹកចិត្តក្នុងការចូលរួមជួយ ហើយហ្នឹងគាត់អាចយកអាហ្នឹងទៅពិភាក្សាជាមួយអាជ្ញាធរក្នុងភូមិ ឃុំ ស្រុក ក្នុងដែនរបស់គាត់ហ្នឹង ដើម្បីឱ្យអាជ្ញាធរជួយថែរក្សា ក៏ដូចជាផ្តល់ជាយោបល់ក្នុងការចូលរួមធនធានជលផលរបស់សហគមន៍គាត់»។

រដ្ឋាភិបាលកម្ពុជាពុំដែលបានបំភាយថវិកាសម្រាប់ជួយឧបត្ថម្ភដល់សហគមន៍នេសាទឡើយ។ តែបើតាមលោក លោក លី វុទ្ធី នៅឆ្នាំ២០១៩នេះរដ្ឋាភិបាល គ្រងនឹងផ្តល់ថវិកាសាកល្បងចំនួនដល់សហគមន៍នេសាទចំនួន១០០សហគមន៍ ដែលក្នុងមួយសហគមន៍មានចំនួន ៤លានរៀល។

សូមរំលេកថា សហភាពអឺរ៉ុបបានចំណាយទឹកប្រាក់ជាង ២០លានយូរ៉ូ ស្មើប្រមាណ២៣លានដុល្លារសហរដ្ឋអាមេរិកគាំទ្រមូលនិធិវិស័យជលផលសម្រាប់ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ ថវិកានេះបានគាំទ្រដល់គម្រោងចិញ្ចឹមត្រីតាមសហគមន៍ កែច្នៃធនធានជលផលដើម្បីរកទីផ្សារ និងជួយបណ្តុះបណ្តាលសមត្ថភាពមន្រ្តីជលផល។

តាមមន្ត្រីសហភាពអឺរ៉ុបផ្នែកកម្មវិធីវិស័យជលផលឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦លាននាក់កំពុងប្រកបរបបនេសាទ។

យោងតាមសិ្ថតិរបស់រដ្ឋបាលជលផល ទិន្នផលត្រីដែលប្រជាជនប្រមូលបានមានចំនួនប្រមាណ៥០០ពាន់តោន ទៅ៦០០ពាន់ តោនក្នុងមួយឆ្នាំៗ៕

ព័ត៌មានទាក់ទង

ធនាគារពិភពលោក​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​៧​ភាគរយ​ឆ្នាំ​២០១៨​នេះ​

ធនាគារ​ពិភពលោក​(World​ Bank)​ បាន​ពន្យា​ករ​ណ៍[...]

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​តិច​តូច​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែតុលា​[...]

អាមេរិកបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា វាយលុកទីផ្សារអន្តរជាតិ

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត