en     km
en     km

EU​ និង​សង្គម​ស៊ី​វិល​ ៖​ ជនជាតិ​ដើម​ភាគតិច​ នៅ​តែ​ជួប​បញ្ហា​ការ​ចុះបញ្ជី​ដីធ្លី​

Share

​ភ្នំពេញ​ ៖​ សហភាព​អឺរ៉ុប​ និង​អង្គការក្រៅរដ្ឋាភិបាល​ មើលឃើញ​ថា​ ជនជាតិ​ដើម​ភាគតិច​នៅ​តែ​ជួប​បញ្ហា​ក្នុង​ការ​ចុះបញ្ជី​ដីធ្លី​ បើ​ទោះជា​រាជរដ្ឋាភិបាល​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ក្រុម​ជនជាតិ​ដើម​ភាគតិច​នេះ​យ៉ាងណា​ក៏​ដោយ​។​ អង្គការក្រៅរដ្ឋាភិបាល​ យល់​ឃើញ​ថា​ រដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ គួរតែ​ចុះ​ពង្រឹងសមត្ថភាព​ជនជាតិ​ដើម​ និង​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​យក​អនុ​ផល​ព្រៃឈើ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​០៩​ ខែសីហា​ ពិភពលោក​បាន​ប្រារព្ធ​ “​ទិវា​អន្ដរជាតិ​ជនជាតិ​ដើម​ភាគ​ពិភពលោក​”​ ។​ ការ​រំលឹក​ទិវា​នេះ​ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រជាជន​ ឲ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ស្ថានភាព​ជនជាតិ​ដើម​ភាគតិច​ ទាក់ទិន​នឹង​បញ្ហា​ដែល​ពួក​គាត់​កំពុង​ប្រឈម​ និង​ ការ​លំបាក​ក្នុង​ការ​រក្សា​អត្ដសញ្ញាណ​របស់​ពួក​គាត់​។​ ចាប់តាំងពី​ឆ្នាំ​១៩៩៤​ មក​ដល់​ឆ្នាំ​២០១៨​នេះ​ ពិភពលោក​បាន​ប្រារព្ធ​ឡើង​ ២៤​លើក​មក​ហើយ​។​ ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០១៨​នេះ​ ទិវា​អន្ដរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ នឹង​ត្រូវ​បារ​ព្ធ​ឡើង​ លើក​ទី​១៤​។​

​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​មាន​រហូត​ដល់​ ២៤​ក្រុម​ រស់នៅ​ក្នុង​ខេត្ដ​ចំនួន​១៥​ ហើយ​ប្រើ​ភាសា​ផ្សេងៗ​គ្នា​ ដោយ​គ្មាន​គំនូស​អក្សរ​នោះ​ទេ​។​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ការងារ​ជា​ច្រើន​ ក្នុង​ការ​ជួយ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ជនជាតិ​ដើម​ភាគតិច​។​ តែ​យ៉ាងណា​ លោក​ថា​ ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ នៅ​តែ​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​ការ​រក្សា​អត្ដសញ្ញាណ​ វប្បធម៌​ និង​ប្រពៃណី​របស់​ពួក​គាត់​។​

​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ច្ស​ច​ អេ​ដ​ហ្គា​ មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ “​សហភាព​អឺរ៉ុប​ក្នុង​កិច្ច​អភិវឌ្ឍន៍​”​ របស់​វិទ្យុ​ស្ដ្រី​ កាលពី​ថ្ងៃ​ទី​០៨​ ខែសីហា​ ថា​ ជនជាតិ​ដើម​ភាគតិច​បាន​ទទួល​រង​ ពី​ការ​ជះ​ឥទ្ធិពល​កំណើន​ដ៏​លឿន​ នៃ​សេដ្ឋកិច្ច​ និង​ការ​កកើត​ឡើង​តំបន់កសិកម្ម​ថ្មីៗ​។​ លោក​បន្ត​ថា​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​លឿន​នេះ​ គឺជា​ជោគជ័យ​របស់​កម្ពុ​ជាមួយ​ផ្នែក​ដែរ​ ក៏​ប៉ុន្ដែ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ដល់​ការ​រស់នៅ​តាម​បែបបទ​បុរាណ​ និង​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​ ៖«​ជា​ពិសេស​គឺ​ទំនាក់ទំនង​ រវាង​ប្រជាជន​ ជនជាតិ​ដើម​ភាគតិច​ជាមួយ​និង​ដែនដី​ ក៏​ដូច​ជា​ធម្មជាតិ​ដែល​គាត់​រស់នៅ​ គឺថា​ រង​នៅ​សម្ពាធ​កាន់តែ​ច្រើន​ បណ្ដាល​មក​ពី​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​ដ៏​លឿន​របស់​កម្ពុជា​»​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បន្ថែម​ទៀត​ថា​ មាន​សមិទ្ធផល​ជា​ច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ក្នុង​ការ​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​ជនជាតិ​ដើម​ភាគតិច​បាន​ជួប​ប្រទះ​។​ តែ​យ៉ាងណា​លោក​សង្កត់ធ្ងន់​ថា​ បន្ថែម​លើ​សមិទ្ធផល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ គឺ​រដ្ឋាភិបាល​គួរ​ធ្វើ​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​ចុះបញ្ជី​ដីធ្លី​សម្រាប់​ជនជាតិ​ដើម​ភា​គិត​ ៖«​ជា​ពិសេស​គឺ​ ធ្វើ​យ៉ាងណា​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការ​ចុះបញ្ជី​ដីធ្លី​មាន​ភាព​ងាយ​ ដែល​គាត់​អាច​ធ្វើ​បាន​ដោយ​ងាយស្រួល​»​។​

​អ្វី​ដែល​ជា​ការ​មើលឃើញ​របស់​ ឯកអគ្គ​រដ្ឋ​សហភាព​អឺរ៉ុប​ដូចនេះ​ សម្រាប់​លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្ដិ​ នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ Ngo​ Forum​ យល់​ស្រប​ដែរ​។​ លោក​មាន​ប្រសាសន៍​ថា​ ជា​រឿង​គួរ​ឲ្យ​រីករាយ​ដែល​កម្ពុជា​ បាន​ខិតខំ​រហូត​ដល់​មាន​កំណើន​សេដ្ឋកិច្ចជាតិ​ គួរ​ឲ្យ​កត់សម្គាល់​។​ តែ​ពេល​ជាមួយ​គ្នា​នេះ​ ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ការ​រស់នៅ​ និង​រក​ទទួលទាន​របស់​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។​ លោក​ថា​ ស្បៀងអាហារ​របស់​ជនជាតិ​ដើម​ភាគតិច​ ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​អនុ​ផល​ព្រៃឈើ​ បាន​ជួប​បញ្ហា​ ដោយសារ​តែ​ការ​សឹក​រិច​រិល​ នៃ​ ធនធានធម្មជាតិ​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ យល់​ឃើញ​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ ស្បៀងអាហារ​របស់​ជនជាតិ​ដើម​ភាគតិច​នេះ​ រដ្ឋាភិបាល​គួរ​ឲ្យ​មានការ​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ភាគតិច​ ផ្ដល់​សិទ្ធិ​ ផ្ដល់​អំណាច​ ផ្ដល់​ផលប្រយោជន៍​ស្របច្បាប់​ដែល​ពួក​គាត់​ពឹងផ្អែក​លើ​ធនធានធម្មជាតិ​។​ ជាង​នេះ​រាជរដ្ឋាភិបាល​គួរតែ​ទទួលស្គាល់​បន្ថែម​ទៀត​នូវ​សហគមន៍​នេសាទ​ សហគមន៍​ព្រៃឈើ​ និង​តំបន់​ការពារ​ របស់​ជនជាតិ​ដើម​ភាគតិច​ ក៏​ដូច​ជា​ផ្ដល់​ជា​បច្ចេកទេស​ និង​ផ្លូវច្បាប់​ ដល់​ពួក​គាត់​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ងាយស្រួល​គ្រប់គ្រង​សហគមន៍​ និង​ការ​ប្រមូល​អនុ​ផល​។​

​នាយក​ប្រតិបត្ដិ​ នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដី​ពី​កម្ពុជា​ បញ្ជាក់​បន្ថែម​ថា​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​មាននៅ​កម្ពុជា​ចំនួន​ ៥០១​ ហើយ​មាន​តែ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង​ ១០០​តែ​ប៉ុណ្ណោះ​ ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ស្របច្បាប់​ ៖«​រហូត​មក​ដល់​ពេល​នេះ​យើង​ទើប​ចុះ​បាន​នៅ​ក្នុង​ចំនួន​តិច​នៅឡើយ​ អ​ញ្ចឹ​ង​យើង​ចង់​ឃើញ​ទាក់ទង​នឹង​សុច​នាករ​ ក្នុង​ការ​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ភាគតិច​មាន​កើនឡើង​ ឲ្យ​ស្រប​ទៅ​និង​ទិដ្ឋភាព​នៃ​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​គាំទ្រ​ទៅ​ដល់​ការ​គ្រប់គ្រង​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​ ទ្រព្យសម្បត្ដិ​រួម​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​យើង​»​។​

​យ៉ាងណា​លោក​ តឹក​ វណ្ណ​រ៉ា​ សំណូមពរ​ផង​ដែរ​ដល់​ជនជាតិភាគតិច​ទាំងអស់​ គួរតែ​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ពី​អត្ដសញ្ញាណ​ សង្គម​វប្បធម៌​ ប្រពៃណី​ របស់​ខ្លួន​ ដោយ​សរសេរ​ចងក្រង​ទុកជា​ឯកសារ​ និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឲ្យ​មានការ​យល់​ដឹង​។​ លើស​ពី​នេះ​លោក​សង្កត់ធ្ងន់​ថា​ កាលណា​បើ​មានការ​អភិវឌ្ឍ​ក្នុង​តំបន់​នោះ​ ជនជាតិ​ដើម​ភាគតិច​មាន​ឯកសារ​ដើម្បី​ជជែក​ជាមួយ​អ្នក​ពាក់ព័ន្ធ​ ក្នុង​ការ​ធានា​ថា​ ការ​អភិវឌ្ឍ​ក្នុង​តំបន់​របស់​ពួក​គាត់​ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួក​គាត់​យ៉ាង​ពិតប្រាកដ​ ដែល​មិន​ប៉ះពាល់​ដល់​សង្គម​វប្បធម៌​ និង​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​នោះ​។​

​យ៉ាងនេះ​ក្ដី​ វិទ្យុ​ស្ត្រី​មិន​ទាន់​បាន​សុំ​ការ​យល់​ឃើញ​ពី​ អ្នកជំនាញ​របស់​រដ្ឋាភិបាល​ ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​ អ្នកការទូត​សហភាព​អឺរ៉ុប​ និង​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ នៅឡើយ​ទេ​។​

​តែបើ​យោង​តាម​រដ្ឋធម្មនុញ្ញ​ មាត្រា​ ៣១​ ក​ឋា​ខណ្ឌ​ទី​២​ បាន​ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ ។​ មាន​ សិទ្ធិ​សេរីភាព​ និង​ករណី​កិច្ច​ដូច​គ្នា​ទាំងអស់​ ដោយ​ឥត​ប្រកាន់ពូជសាសន៍​ ព័​ណ​សម្បុរ​ ភេទ​ ភាសា​ ជំនឿ​ សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ ស្ថានភាព​ឯទៀត​ឡើយ​៕

Share

Image
Image
Image