en     km
en     km

EU​ បន្ត​ផ្ដល់​ថវិកា​មួយ​ដំណាក់​ទៀត​ ដល់​សាលាក្ដី​ខ្មែរ​សម្រាប់​ឆ្នាំ​២០១៦

Share

​ភ្នំពេញ​ ៖​ ​សហភាព​អឺរ៉ុប​ បាន​ផ្តល់​ថវិកា​ជំនួយ​មួយ​ដំណាក់​ទៀត​របស់​ខ្លួន​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ នៃ​ចំនួន​ ២​លាន​៩​សែន​អឺ​រ៉ូ​ នៃ​កញ្ចប់​ថវិកា​សរុប​៨​លាន​៩​សែន​អឺ​រ៉ូ​ក្នុង​គំរោង​ជំនួយ​ ឆ្នាំ​២០១៥-២០១៦​។​ នេះ​បើ​តាម​ សេចក្តី​ប្រកាស​របស់​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​​Eu-flag-textតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​សាលាក្ដី​ខ្មែរក្រហម​ នៅ​ថ្ងៃ​ទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ សហភាព​អឺរ៉ុប​ បាន​ផ្តល់​ថវិកា​មួយ​ដំណាក់​ទៀត​ ដល់​សាលាក្តី​ខ្មែរក្រហម​ចំនួន​ ២​លាន​៩​សែន​អឺ​រ៉ូ​ តាម​ការ​សន្យា​របស់​ខ្លួន​។​

​តាម​ថវិកា​ដែល​សហភាព​អឺរ៉ុប​ បាន​ផ្ដល់​ជំនួយ​ដល់​ (​អ​.​វ​.​ត​.​ក​)​ ក្នុង​ឆ្នាំ​២០១៦​ដែល​មាន​ចំនួន​២​លាន​.៩​សែន​អឺ​រ៉ូ​នេះ​ តម្រូវ​ឱ្យ​បែងចែក​ជា​ពីរ​ផ្នែក​ទៀត​ ដោយ​មួយ​ផ្នែក​ផ្ដល់​ឱ្យ​ភាគី​អន្តរជាតិ​ ចំនួន​១.៥​លាន​អឺ​រ៉ូ​ និង​មួយ​ផ្នែក​ទៀត​ផ្ដល់​ទៅ​ឱ្យ​ភាគី​ជាតិ​ចំនួន​១.៤​លាន​អឺ​រ៉ូ​។​

​ទោះជា​យ៉ាងណា​ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​សាលាក្ដី​ខ្មែរក្រហម​ មិន​បាន​ពន្យល់​លម្អិត​ ចំពោះ​ការ​ដែល​សហភាព​អឺរ៉ុប​បាន​ទម្លាក់​ជំនួយ​នេះ​ គ្រាន់តែ​សម្ដែង​ការ​អរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ដែរ​ថា​ សហភាព​អឺរ៉ុប​ជា​ម្ចាស់​ជំនួយ​ធំ​មួយ​ក្នុង​ចំណោម​ម្ចាស់​ជំនួយ​ធំៗ​បំផុត​របស់​ អ​.​វ​.​ត​.​ក​ ហើយ​ការ​ទម្លាក់​កញ្ចប់​ថវិការ​ចុង​ក្រោយ​នេះ​ ធ្វើ​ឲ្យ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​សហភាព​អឺរ៉ុប​បាន​ផ្ដល់​ ដល់​ អ​.​វ​.​ត​.​ក​ មាន​ចំនួន​សរុប​ ១៦.២​លាន​អឺ​រ៉ូ​ហើយ​ ចាប់ពី​ដំណើរការ​របស់​អង្គ​ជំនុំជម្រះ​វិ​សាម​ញ្ញា​ តាំងពី​ឆ្នាំ​២០០៦​មក​។​

​សាលាក្ដី​ខ្មែរក្រហម​ បច្ចុប្បន្ន​ កំពុង​ដំណើរការ​ក្ដី​ ចូល​ដល់​ វគ្គ​ ០០២/២​ លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម​២​រូប​ គឺ​លោក​ នួន​ ជា​ ប្រធានរដ្ឋសភា​ និង​លោក​ ខៀវ​ សំ​ផ​ន​ ប្រមុខរដ្ឋ​នៃ​របប​អាវ​ខ្មៅ​នេះ​ហើយ​ ខណៈ​នេះ​កំពុង​សិក្សា​ លើ​សំណុំរឿង​០០៣៕

Share

Image
Image
Image