en     km
en     km

អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បេ្តជ្ញាផ្តល់សេវាប្រព័ន្ធប្រព្រឹត្តិកម្មទឹកសម្អុយទូទាំងប្រទេស

Share

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយការបង្ហូរកាក់សំណល់លាមក និងទឹកសម្អុយចូលប្រភពទឹកធម្មជាតិ អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បានសង់បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាត(DEWATS) ដើម្បីកាត់បន្ថយសមាសធាតុពុលពីសំណល់ទឹកសម្អុយតាម រោងចក្រ សហគ្រាស សាលារៀន មន្ទីរពេទ្យ និងពហុកីឡាដ្ឋានជាដើម។ សម្រាប់កម្ពុជាអង្គការនេះបានសង់បង្គន់តាមប្រព័ន្ធឌីវ៉ាតនេះជាង ១៣០ទីតាំងហើយនៅតាមសាលារៀន តែយ៉ាងណាអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា មានមហិច្ឆតាសង់បង្គន់បែបនេះនៅទូទាំងប្រទេសកម្ពុជាតែម្តង។ លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ!

 

                                                     ​បង្គន់តាមប្រព័ន្ធឌីវ៉ាត់នៅក្នុងសាលាបឋមសិក្សា កែវ មុនី ក្រុងតាខ្មៅ។

 

បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាត(DEWATS) ឬប្រព័ន្ធឌីវ៉ាត អាចសាងសង់សម្រាប់សម្អាតទឹកសម្អុយឱ្យមានគុណភាពទៅតាមកម្រិតបទដ្ឋាន នៅគ្រប់លក្ខណៈស្ថានភាពដី និងទៅតាមលទ្ធភាពចង់បានរបស់អតិថជន។ ប្រព័ន្ធនេះមិនទាមទារប្រើប្រាស់ភ្លើងអគ្គិសនី បើសិនជាស្ថានភាពដីមានជម្រាលគ្រប់គ្រាន់ដែលអាចធ្វើឱ្យទឹកហូរតាមទំនាញដែនដីបាន។

ប្រព័ន្ធឌីវ៉ាតនេះមានសមត្ថភាពសម្អាតទឹកសម្អុយប្រកបដោយជោគជ័យនៅតាម មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ សហគ្រាសកសិកម្ម កន្លែងសត្តឃាត សិប្បកម្មផលិតតៅហ៊ូ រោងចក្របិទស្រា និងស្រាបៀរ និងកន្លែងបង្កាត់ពូជសត្វជាដើមផងដែរ។ សម្រាប់អាជ្ញាធរមូលដ្ឋាន និងសហគ្រិនខ្នាតតូចនិងមធ្យមនឹងបានទទួលសេវាពិគ្រោះយោបល់ពីអង្គការ អ៊ី អេស ស៊ី និងបូដាកម្ពុជា ក្នុងការគូរប្លង់ ផ្តល់សេវាត្រួតពិនិត្យ ការសាងសង់តាមរយៈការអនុវត្តគម្រោង។ នេះបើតាមការលើកឡើងរបស់ លោក ដេវីដ ឌីក ប្រធានអង្កការ អ៊ី អេស ស៊ី-បូដាប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីចុះកាមសិក្សាស្វែងយល់ពីបញ្ហាទឹកស្អាត និងអនាម័យជនបទរបស់អ្នកសារព័ត៌មាន នៅសាលាបឋមសិក្សាកាលពីថ្ងៃទី១៦ កញ្ញា មិ្សលមិញ។

លោក  ដេវីដ បន្តថា ការសាងសង់បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាត គឺសមស្របជាមួយស្ថានភាពនៅកម្ពុជា ខណៈតាមបណ្តាលខេត្តក្រុងនៅពុំទាន់មានអាងចម្រោះទឹកសម្អុយគ្រប់គ្រាន់នៅឡើយ ដែលកាក់សំណល់លាមក និងទឹកសម្អុយភាគច្រើនត្រូវបានតភ្ជាប់ចូលប្រព័ន្ធលូហើយត្រូវបានចូលចាក់ចូលប្រភពទឹកធម្មជាតិ ដូចជាទន្លេ បឹង ស្ទឹង ព្រែកជាដើម ដែលជាហេតុនាំឱ្យខូចបរិស្ថាន។ លោកបន្ថែមថា ការប្រើប្រាស់ទឹកកខ្វក់ដោយមិនដឹងខ្លួន ឬការស់នៅក្បែរប្រភពទឹកមិនស្អាតគឺជាកត្តាគម្រាមកំហែងដល់សុខភាពប្រជាពលរដ្ឋ និងធ្វើឱ្យខានបង់សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិផងដែរ។

                                                                ​លោក ដេវីដ ឌីក ប្រធានអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា។

 

តាមមន្រ្តីសម្របសម្រួលនៃអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជាឱ្យដឹងថា ការសាងសង់បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាត(DEWATS) ឬប្រព័ន្ធឌីវ៉ាតនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណជាង១ម៉ឺន ៥ពាន់។បង្គន់នេះមានបន្ទប់ទឹក​សម្រាប់នារីចំនួន៤ បុរសចំនួន៤ និងសម្រាប់ជនពិការចំនួនមួយ។  បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាតនេះត្រូវការទំហំផ្ទៃដីប្រមាណ៤០ការ៉េ ពោលគឺទទឹងប្រមាណ៤ម៉ែត្រ និងបណ្តោយប្រវែងជាង ១០ម៉ែត្រ។ នៅកម្ពុជាអង្គការ អ៊ី អេស ស៊ី-បូដា បានសាងសង់បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាតនេះ ភាគច្រើននៅតាមសាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស រោងសិប្បកម្ម ពហុកីឡាដ្ឋានជាដើម។ បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាត(DEWATS) ឬប្រព័ន្ធឌីវ៉ាតនេះ ជាប្រព័ន្ធមួយដែលអាចបំលែងកាក់សំណល់លាមកទៅជាទឹកស្អាតនៅដំណាក់កាលចុងក្រោយនៃប្រព្រឹត្តិកម្មរបស់ប្រព័ន្ធមួយនេះ។ ហើយទឹកស្អាតចេញពីបង្គន់នេះក៏អាចយកទៅស្រោចដំណាំបានផលល្អផងដែរ ព្រោះទឹកនោះមានសារជាតិបំប៉ន ឬជាជីដ៏ល្អសម្រាប់រុក្ខជាតិ។

                                                                                             ​អាងប្រព័ន្ធឌីវ៉ាត់ជាប់បង្គន់។

 

លោក ម៉ង់ ឧបសិទ្ធិ មន្រ្តីសម្របសម្រួលនៃអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា មានប្រសាសន៍ថា អត្ថប្រយោ ជន៍នៃប្រព័ន្ធឌីវ៉ាត(DEWATS) នឹងជួយកាត់បន្ថយការបង្ហូរទឹកកខ្វក់ចូលក្នុងបរិស្ថាន និងអាចបញ្ចៀសការបំពុលទឹកក្នុងដី និងទឹកលើដី ព្រមទាំងបានជួយកាត់បន្ថយការចំលងរោគនានាផងដែរ។ លោក ឧបសិទ្ធិ រំពឹងថា សហគ្រាសធនតូច និងមធ្យមនៅកម្ពុជានឹងងាកមកចាប់អារម្មណ៍ប្រើប្រាស់បង្គន់ប្រព័ន្ធឌីវ៉ាត់នេះ ដើម្បីកាត់បន្ថយការបង្ហូរកាក់សំណល់លាមក និងទឹកសម្អុយចូលបរិស្ថាន តាមរយៈបង្ហូរចូលលូហើយហូរចូលទន្លេ ឬបឹងធម្មជាតិជាដើម។

                                                   ​លោក ម៉ង់ ឧបសិទ្ធិ មន្រ្តីសម្របសម្រួលនៃអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា។

 

លោក លឹម សារិន នាយកបឋមសិក្សា កែវ មុនី ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រសាសន៍ថា សាលារៀនទទួលបានបង្គន់ប្រព័ន្ធឌីវ៉ាត់នេះរយៈពេល ៣ ឆ្នាំមកពីអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា ដោយអង្គការបានឧបត្ថម្ភដល់សាលាតាមរយៈការសរសេរសំណើពីគណៈគ្រប់គ្រងសាលា។ លោកនាយកសាលាបន្តថា ចាប់តាំងពីមានបង្គន់នេះសិស្សនុសិស្សមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាពិសេសសិស្សនារី កាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្ស កាត់បន្ថយការបន្ទូរបង់ ពាសវាល ពាសកាលរបស់សិស្ស ហើយបង្គន់នេះទៀតសោទមិនបង្កក្លិនមិនល្អដល់បរិស្ថានខាងក្រៅឡើយ។

                                                                             ​​លោក លឹម សារិន នាយកបឋមសិក្សា កែវ មុនី ។

 

អង្គការអនាម័យដើម្បីបរិស្ថានកម្ពុជា(ESC) និងសមាគមន៍ប្រេមិនដើម្បីការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្រៅស្រុក(BORDA) មានទីស្នាក់ការកណ្តាលនៅទីក្រុងប្រេមិន ប្រទេសអាល្លឺម៉ង់ និងមានទីស្នាក់ការប្រចាំនតំបន់នៅប្រទេសអាហ្គានីដ្ឋាន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ិចស៊ីកូ និងតាន់ហ្សានី។ សព្វថ្ងៃនេះអង្គការនេះមានគម្រោងជាច្រើនដែលជាតម្រូវការមូលដ្ឋានត្រូវបាន និងកំពុងអនុវត្តនៅប្រទេស អាហ្គានីដ្ឋាន កម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី អាមេរិកឡាទីន ឡាវ មីយ៉ាន់មា ហ្វីលីពីន វៀតណាម និងអាហ្រ្វិកខាងត្បូង។

តាមរបាយការណ៍របស់ក្រសួងអប់រំឱ្យដឹងថា បញ្ហាកង្វះទឹកស្អាត និងអនាម័យជាបញ្ហាដ៏ចំបងនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះ៤៧% នៃសាលារៀនទាំងនោះមិនមានបណ្តាញទឹកនោះទេ ហើយ៣២% មិនមានបង្គន់ប្រើប្រាស់ឡើយ។​ នៅឆ្នាំ២០០៩ អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បានរៀបចំវិធីសាស្រ្តអនុវត្តគម្រោងសុខភាពនិងអនាម័យតាមសាលារៀននៅកម្ពុជាដោយបានតភ្ជាប់ជាមួយគោលនយោបាយរបស់ក្រសួងអប់រំ។

បច្ចុប្បន្ននេះអង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បានសាងសង់បង្គន់ប្រព្រឹត្តិកម្មទឹកសម្អុយតាមប្រព័ន្ធឌីវ៉ាតនេះដល់សាលារៀនជាង១៣០ហើយនៅទូទាំងប្រទេស៕

 

Share

Image
Image
Image