en     km
en     km

អ្នកនាំពាក្យគ.ជ.ប ថា កម្ពុជានៅបន្តរង់ចាំអ្នកសង្កេតការណ៍អន្តរជាតិមួយចំនួនទៀត

Share

ភ្នំពេញ៖ អ្នកសង្កេតការបោះឆ្នោត គឺជាធាតុផ្សំដ៏សំខាន់ដើម្បីវាយតម្លៃដំណើរការនៃការបោះឆ្នោត។ ប្រទេសកម្ពុជា នឹងមានការបោះឆ្នោតសភានីតិកាលទី៦ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨នេះ ដែលនឹងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមផងដែរ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍ !

 

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានអោយដឹងរហូតមកដល់ពេលនេះ អ្នកសង្កេតការណ៍អន្តរជាតិមាន ១៤នាក់ដែលពួកគេនឹងមកាន់កម្ពុជាដើម្បីឃ្លាំមើលការបោះឆ្នោត។ តែបើតាមលោក ហង្ស ពុទ្ធា កម្ពុជានៅរង់ចាំអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនទៀតដែលរំពឹងថា ពួកគេនឹងមកកាន់កម្ពុជា។

ក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ដ្រី លោក ហង្ស ពុទ្ធាមានប្រសាសន៍ថា អាចមានអ្នកសង្កេតការណ៍អន្តរជាតិ ៣០នាក់ទៀត នឹងមកកាន់កម្ពុជា។ លោកថា សម្រាប់សមាគមអាស៊ាន ក៏មកចូលរួមដែរ។ ប៉ុន្តែលោកមិនលំអិតថាតើប្រទេសណាខ្លះបានសម្រេចជាផ្លូវការបញ្ជូនអ្នកសង្កេតការណ៍មកប្រទេសកម្ពុជា។

យ៉ាងណាមិញ គេសង្កេតឃើញថា ការបោះឆ្នោតសភានីតិកាលទី៦ នៅកម្ពុជាស្ថិតក្នុងភាពចម្រូងចម្រាស់ជាច្រើនបន្ទាប់ពីការរំលាយគណបក្ស សង្គ្រោះជាតិ ស្របពេលអង្គការសង្គមស៊ីវិលជាតិអន្តរជាតិមួយចំនួនថានឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។ បែបនេះក្ដី មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចបានប្រតិកម្មថា អ្នកដែលមិនចូលរួមសង្កេតការណ៍បោះឆ្នោត មិនមានសិទ្ធិវាយតម្លៃដំណើរការនៃការបោះឆ្នោតរបស់កម្ពុជាឡើយ ។

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ  គឺជាផ្នែកមួយជួយវាយតម្លៃដំណើរការបោះឆ្នោតថាតើប្រព្រឹត្តទៅប្រកបដោយភាពសេរីយុត្តិធម៌តម្លាភាព កម្រិតណា។

លោក កន សាវាង្ស  ប្រធានផ្នែកអង្កេតអង្គការខុមហ្រ្វែល ដែលជាអង្គការមួយឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាបានពន្យល់ថា ដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅ ត្រូវតែមានភាគីពាក់ព័ន្ធចូលរួមដូចជា គ.ជ.ប អាជ្ញាធរ ប្រជាពលរដ្ឋ គណបក្សនយោបាយ និងសង្គមស៊ីវិល ដែលជាអ្នកសង្កេតការណ៍ជាដើម។ លោកបន្ថែមថា គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាអ្នកដើរតួរសំខាន់ដូចគ្នា។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិវិញ កាន់តែសំខាន់ក្នុងការវាយតម្លៃអំពីភាពស្របច្បាប់របស់បក្សនយោបាយមួយដែលបានឈ្នះក្នុងការបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតសភានីតិកាលទី ៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ២០១៨ ដែលមានគណបក្សនយោបាយចំនួន ២០ចូលរួមប្រកួតប្រជែង។

តាមប្រសាសន៍របស់អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រទេសក្នុងទ្វីបអឺរ៉ុបក៏មកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះដែរ។ តែបែបនេះក្ដី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៤មិថុនា ឆ្នាំ ២០១៧ ប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកាន់កម្ពុជានោះទេ៕

Share

Image
Image
Image