ក្រុងភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ចមួយរូប បានបង្ហោះសារព្រួយបារម្ភអំពីការប្រឈមមុខបញ្ហាសេដ្ឋកិច្ចកម្ពុជា ថាអាចនឹងត្រូវសហភាពអឺរ៉ុបដកហូតការអនុគ្រោះពន្ធអ្វីៗ គ្រប់យ៉ាងលើកលែងតែអាវុធ EBA នឹងមានផលប៉ះពាល់ដល់ពលរដ្ឋជិត ២ លាននាក់ តែសម្តេច ហ៊ុន សែន ថា កុំបារម្ភអីព្រោះមុននឹងក្រោយគង់នឹងបាត់បង់។
ស្តាប់ លោក សេរីវឌ្ឍនៈ ជូនសេចក្តីរាយការណ៍៖
បរិយាកាសនយោបាយ និង សិទ្ធិមនុស្សនៅកម្ពុជាគឺជាប្រធានបទដ៏ក្តៅគគុកនារយៈពេលថ្មីៗនេះ ដែលធ្វើឲ្យអ្នកសេដ្ឋវិទូមួយចំនួន បានដាក់ក្តីកង្វល់ខ្វល់ខ្វាយ បារម្ភថាកម្ពុជាអាចនឹងត្រូវសហភាពអឺរ៉ុប ដកហូតការអនុគ្រោះពន្ធ EBA ឬទំនិញ គ្រប់យ៉ាងលើកលែងតែអាវុធ (Everything but arms)។
ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារ សម្រាប់ទីផ្សារសហភាពអឺរ៉ុប ។ ចំណែកទឹកប្រាក់ដែលកម្ពុជាបានបង់ពន្ធឲ្យរដ្ឋាភិបាលអាមេរិកមានប្រមាណជាង ៣០០លានដុល្លារ (ក្នុងអត្រាពន្ធមធ្យម ១២ភាគរយ)។ ដូច្នេះមានន័យថា កម្ពុជាត្រូវចាយប្រាក់ប្រមាណជាង៧០០ លានដុល្លារអាមេរិក ក្នុងការបង់ពន្ធលើទំនិញ។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC)បានបង្ហោះសារព្រួយបារម្ភមួយនៅបណ្តាញសង្គម កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ ដោយសំរង់យកអត្ថន័យរបស់ក្រុមសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា លោកចង់ឃើញកម្ពុជាមានជំហររឹងមាំផ្នែកសេដ្ឋកិច្ច ឈប់ពឹងផ្អែកលើប្រព័ន្ធពន្ធអនុគ្រោះ និង ជំនួយនានារបស់បរទេស។
អ្នកវិភាគរូបនេះបានសរសេរ នៅលើគណនីផ្ទាល់ខ្លួន លើបណ្តាញសង្គមហ្វេសបុកថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះ នៅមិនទាន់មានភាពរឹងមាំ ដោយការព្រមាន ដកពន្ធអនុគ្រោះនេះ ហាក់ដូចជាលឿនពេក ហេតុនេះហើយកម្ពុជាមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការប្រឈមនឹងការបាត់បង់ពន្ធអនុគ្រោះ EBA។
លោកសរសេរបន្តថា ប្រសិនបើកម្ពុជាបាត់បង់ពន្ធអនុគ្រោះ នោះកម្មករ និង ក្រុមគ្រួសាររបស់កម្មករ ប្រមាណ ២ លាននាក់ អាចនឹងប្រឈម ដោយលោកបញ្ជាក់ថា ភាពរីកចំរើនរបស់វិស័យកាត់ដេរនៅកម្ពុជាជាង ២ ទស្សវត្សនឹងត្រូវបំផ្លាញ។
មិនខុសគ្នាពីការលើកឡើងនេះ លោកបណ្ឌិត មាសនី អ្នកវិភាគបញ្ហាសង្គមមួយរូប បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានវិទ្យុស្រ្តីថា ខណៈពេលដែលកម្ពុជាប្រឈមមុននឹងការបាត់បង់ការអនុគ្រោះពន្ធស្របពេល វៀតណាមកំពុងត្រៀមខ្លួនរួចជាស្រេចទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។
លោកបណ្ឌិតមានប្រសាសន៍ថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ ហើយវៀតណាមត្រងយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះពលករកម្ពុជាជាច្រើននាក់ នឹងត្រូវបង្ខំចិត្តចាកចេញទៅរកការងារធ្វើនៅប្រទេសខាងកើត និង ខាងលិច បូករួមទាំងកង្វះជំនាញទៀតផងនោះ ពលករកម្ពុជាបង្ខំចិត្តទទួលយកប្រាក់បៀរវត្សន៍តិចតួចប៉ុណ្ណោះ។
លោក បណ្ឌិត មានប្រសាសន៍ថា៖ «ពលករយើងប្រមាណ ១លាន កន្លះ នាក់ អញ្ជឹងថ្ងៃក្រោយចរន្តពលករហ្នឹង ម៉ាកំណាត់ទៅខាងកើត ម៉ាកំណាត់ទៅខាងលិច ហើយប្រទេសយើងនៅតែជាប្រទេសដែលសម្រាប់ស្នាក់អាស្រ័យនៅ ប៉ុន្តែមិនទទួលបានប្រយោជន៍អីច្រើន សម្រាប់សេដ្ឋកិច្ចជាតិទេបាទ! ហើយទន្ទឹមនឹងនេះ បូករួមទាំងកម្លាំងពលកម្មយើងមិនសូវមានជំនាញទៀត អញ្ជឹងពលករខ្មែរបានត្រឹមប្រាក់ខែទាប ជួនកាលបានត្រឹមតែម៉ារស់ៗផងក៏ថាបាន!»
ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងនៅចំពោះមុខសិស្សានុសិស្សកម្ពុជាដែលកំពុងសិក្សានៅតំបន់អឺរ៉ុប នាទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨ ថា ការគម្រាមអំពីការដកហូតការអនុគ្រោះពន្ធ នោះគ្រាន់តែនយោបាយសង្គ្រាមចិត្តសាស្រ្តតែប៉ុណ្ណោះ។
សម្តេចសង្កត់ធ្ងន់ថា មានតែប្រទេស ៣ ប៉ុណ្ណោះដែលទទួលបានការអនុគ្រោះពន្ធ គឺ ឡាវ មីយ៉ាន់ម៉ា និង កម្ពុជា។ សម្តេចពន្យល់ពីមូលហេតុថា កត្តាសេដ្ឋកិច្ចគឺជាកត្តាដែលប្រទេសដទៃក្នុងតំបន់អាស៊ាន មិនទទួលបានការអនុគ្រោះពន្ធ EBA នេះ។
សម្តេចពន្យល់ដូចនេះថា៖ «ហេតុអីបានជាឥណ្ឌូនេស៊ី មិនទទួលបានពន្ធអនុគ្រោះ! ហេតុអីបានជាវៀតណាមអត់ទទួលបានពន្ធអនុគ្រោះ! ហេតុអីថៃអត់ទទួល! ដោយសារកម្រិតកើនឡើងសេដ្ឋកិច្ចរបស់គេ អញ្ជឹងកម្ពុជាមុននឹងក្រោយ អាហ្នឹងគង់តែបាត់ទេ!!»។
យ៉ាងណារដ្ឋាភិបាល ធ្លាប់បានប្រកាសថា កម្ពុជាមិនពឹងផ្អែកលើបរទេសទាំងស្រុងនោះទេ។ ឆ្លើយតបនឹងការព្រមានដកការអនុគ្រោះពន្ធនេះ រដ្ឋាភិបាលក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហានេះ តាមរយៈគម្រោងបង្កើតធនាគារដែលមានថវិកា១០០លានដុល្លារ ដើម្បីទុកបំពេញតម្រូវការសហគ្រាសធុនតូច និងមធ្យមរបស់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាខ្វះដើមទុនសម្រាប់ប្រកបរបអ្វីមួយ។ ជាពិសេសលើកកម្ពស់ដល់ការផលិតក្នុងស្រុក និងជំរុញឲ្យមានការនាំចេញផលិតផលទៅប្រកួតប្រជែងក្រៅប្រទេស៕