loader

អ្នកជំនាញសេដ្ឋកិច្ចបារម្ភពីការបាត់បង់ EBA ប៉ះពាល់ដល់មនុស្ស ២លាននាក់ តែសម្តេចនាយកថាកុំបារម្ភអី

ក្រុងភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ចមួយរូប បានបង្ហោះសារព្រួយបារម្ភអំពីការប្រឈមមុខបញ្ហាសេដ្ឋកិច្ចកម្ពុជា ថាអាចនឹងត្រូវសហភាពអឺរ៉ុបដកហូតការអនុគ្រោះពន្ធអ្វីៗ គ្រប់យ៉ាងលើកលែងតែអាវុធ  EBA នឹងមានផលប៉ះពាល់ដល់ពលរដ្ឋជិត ២ លាននាក់ តែសម្តេច ហ៊ុន សែន ថា កុំបារម្ភអីព្រោះមុននឹងក្រោយគង់នឹងបាត់បង់។

ស្តាប់ លោក សេរីវឌ្ឍនៈ ជូនសេចក្តីរាយការណ៍៖ 

បរិយាកាសនយោបាយ និង សិទ្ធិមនុស្សនៅកម្ពុជាគឺជាប្រធានបទដ៏ក្តៅគគុកនារយៈពេលថ្មីៗនេះ  ដែលធ្វើឲ្យអ្នកសេដ្ឋវិទូមួយចំនួន បានដាក់ក្តីកង្វល់ខ្វល់ខ្វាយ បារម្ភថាកម្ពុជាអាចនឹងត្រូវសហភាពអឺរ៉ុប ដកហូតការអនុគ្រោះពន្ធ EBA ឬទំនិញ គ្រប់យ៉ាងលើកលែងតែអាវុធ (Everything but arms)។

ប្រសិនបើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះ​ពន្ធ​នេះ កម្ពុជា​ត្រូវ​បង់ពន្ធ​ចំនួន ៦៧៦ លាន​ដុល្លារ សម្រាប់​ទីផ្សារ​សហភាពអឺរ៉ុប ។ ចំណែក​ទឹកប្រាក់​ដែល​កម្ពុជា​បាន​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​មាន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ (​ក្នុង​អត្រាពន្ធ​មធ្យម ១២​ភាគរយ​)​។ ដូច្នេះ​មានន័យថា កម្ពុជាត្រូវចាយប្រាក់ប្រមាណជាង​៧០០ លានដុល្លារអាមេរិក ក្នុងការបង់ពន្ធលើទំនិញ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC)បានបង្ហោះសារព្រួយបារម្ភមួយនៅបណ្តាញសង្គម កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ ដោយសំរង់យកអត្ថន័យរបស់ក្រុមសមាគមរោងចក្រកាត់ដេរនៅកម្ពុជាថា លោកចង់ឃើញកម្ពុជាមានជំហររឹងមាំផ្នែកសេដ្ឋកិច្ច ឈប់ពឹងផ្អែកលើប្រព័ន្ធពន្ធអនុគ្រោះ និង ជំនួយនានារបស់បរទេស។

អ្នកវិភាគរូបនេះបានសរសេរ នៅលើគណនីផ្ទាល់ខ្លួន លើបណ្តាញសង្គមហ្វេសបុកថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះ នៅមិនទាន់មានភាពរឹងមាំ ដោយការព្រមាន ដកពន្ធអនុគ្រោះនេះ ហាក់ដូចជាលឿនពេក ហេតុនេះហើយកម្ពុជាមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការប្រឈមនឹងការបាត់បង់ពន្ធអនុគ្រោះ EBA។

លោកសរសេរបន្តថា ប្រសិនបើកម្ពុជាបាត់បង់ពន្ធអនុគ្រោះ នោះកម្មករ និង ក្រុមគ្រួសាររបស់កម្មករ ប្រមាណ ២ លាននាក់ អាចនឹងប្រឈម ដោយលោកបញ្ជាក់ថា ភាពរីកចំរើនរបស់វិស័យកាត់ដេរនៅកម្ពុជាជាង ២ ទស្សវត្សនឹងត្រូវបំផ្លាញ។

មិនខុសគ្នាពីការលើកឡើងនេះ លោកបណ្ឌិត មាសនី អ្នកវិភាគបញ្ហាសង្គមមួយរូប បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានវិទ្យុស្រ្តីថា ខណៈពេលដែលកម្ពុជាប្រឈមមុននឹងការបាត់បង់ការអនុគ្រោះពន្ធស្របពេល វៀតណាមកំពុងត្រៀមខ្លួនរួចជាស្រេចទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។

លោកបណ្ឌិតមានប្រសាសន៍ថា ប្រសិនបើកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ ហើយវៀតណាមត្រងយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះពលករកម្ពុជាជាច្រើននាក់ នឹងត្រូវបង្ខំចិត្តចាកចេញទៅរកការងារធ្វើនៅប្រទេសខាងកើត និង ខាងលិច បូករួមទាំងកង្វះជំនាញទៀតផងនោះ ពលករកម្ពុជាបង្ខំចិត្តទទួលយកប្រាក់បៀរវត្សន៍តិចតួចប៉ុណ្ណោះ។

លោក បណ្ឌិត មានប្រសាសន៍ថា៖ «ពលករយើងប្រមាណ ១លាន កន្លះ នាក់ អញ្ជឹងថ្ងៃក្រោយចរន្តពលករហ្នឹង ម៉ាកំណាត់ទៅខាងកើត ម៉ាកំណាត់ទៅខាងលិច ហើយប្រទេសយើងនៅតែជាប្រទេសដែលសម្រាប់ស្នាក់អាស្រ័យនៅ ប៉ុន្តែមិនទទួលបានប្រយោជន៍អីច្រើន សម្រាប់សេដ្ឋកិច្ចជាតិទេបាទ! ហើយទន្ទឹមនឹងនេះ បូករួមទាំងកម្លាំងពលកម្មយើងមិនសូវមានជំនាញទៀត អញ្ជឹងពលករខ្មែរបានត្រឹមប្រាក់ខែទាប ជួនកាលបានត្រឹមតែម៉ារស់ៗផងក៏ថាបាន!»

ថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងនៅចំពោះមុខសិស្សានុសិស្សកម្ពុជាដែលកំពុងសិក្សានៅតំបន់អឺរ៉ុប នាទីក្រុងប្រ៊ុចសែល កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ​ ២០១៨ ថា​ ការគម្រាមអំពីការដកហូតការអនុគ្រោះពន្ធ នោះគ្រាន់តែនយោបាយសង្គ្រាមចិត្តសាស្រ្តតែប៉ុណ្ណោះ។

សម្តេចសង្កត់ធ្ងន់ថា មានតែប្រទេស ៣ ប៉ុណ្ណោះដែលទទួលបានការអនុគ្រោះពន្ធ គឺ ឡាវ មីយ៉ាន់ម៉ា និង កម្ពុជា។ សម្តេចពន្យល់ពីមូលហេតុថា កត្តាសេដ្ឋកិច្ចគឺជាកត្តាដែលប្រទេសដទៃក្នុងតំបន់អាស៊ាន មិនទទួលបានការអនុគ្រោះពន្ធ EBA នេះ។

សម្តេចពន្យល់ដូចនេះថា៖ «ហេតុអីបានជាឥណ្ឌូនេស៊ី មិនទទួលបានពន្ធអនុគ្រោះ! ហេតុអីបានជាវៀតណាមអត់ទទួលបានពន្ធអនុគ្រោះ! ហេតុអីថៃអត់ទទួល! ដោយសារកម្រិតកើនឡើងសេដ្ឋកិច្ចរបស់គេ អញ្ជឹងកម្ពុជាមុននឹងក្រោយ អាហ្នឹងគង់តែបាត់ទេ!!»។

យ៉ាងណា​រដ្ឋាភិបាល ធ្លាប់បាន​ប្រកាសថា កម្ពុជា​មិន​ពឹង​ផ្អែកលើ​បរទេស​ទាំងស្រុង​នោះទេ​។ ឆ្លើយតប​នឹង​ការព្រមាន​ដក​ការអនុគ្រោះ​ពន្ធ​នេះ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​​គម្រោង​បង្កើត​ធនាគារ​ដែលមាន​ថវិកា​១០០​លាន​ដុល្លារ ដើម្បី​ទុក​បំពេញតម្រូវការ​សហ​គ្រាស​ធុន​តូច និង​មធ្យម​របស់​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​បញ្ហា​ខ្វះ​ដើមទុន​សម្រាប់​ប្រក​បរប​អ្វីមួយ​។ ជាពិសេស​លើក​កម្ពស់​ដល់​ការផលិត​ក្នុងស្រុក និង​ជំរុញ​ឲ្យ​មានការ​នាំចេញ​ផលិតផល​ទៅ​ប្រកួតប្រជែង​ក្រៅប្រទេស៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាសិក្សាសន្ធិសញ្ញាស្ដីពីបត្យាប័នជាមួយរុស្ស៊ីដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ចាប់[...]

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ស្រូវលើផ្ទៃដីជិត២ម៉ឺនហិតាជួបគ្រោះរាំងស្ងួត

ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៨

ភ្នំពេញ៖ ដំណាំស្រូវដាំលើផ្ទៃដីជាច្រើនហិតា នៅខ[...]

អភិបាលក្រុងប៉ារីសសន្យានឹងជួយអភិវឌ្ឍក្រុងភ្នំពេញឱ្យកា្លយជាទីក្រុងបៃតង

ភ្នំពេញ៖ អភិបាល​ក្រុង​ប៉ារីសនៃប្រទេសបារាំងសន្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត