en     km
en     km

CPP​ បើក​សន្និបាត​កំណត់​គោលដៅ​យកឈ្នះ​ការ​បោះ​ឆ្នោត​តែ​អ្នកវិភាគ​ថា​ ទំនង​ជួប​រឿង​បរាជ័យ​ច្រើន​ជាង​🔊

Share

ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ច្រើន​អាណត្ដិ​កន្លង​មក​ នៅ​ថ្ងៃ​ទី​ ១៧​ ១៨​ ខែ​ ធ្នូ​ ២០១៦​ នេះ​ នឹង​បើក​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​របស់​ខ្លួន​ ក្នុង​បំណង​ដើម្បី​រៀបចំ​ផែនការ​ និង​សកម្មភាព​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នា​ឆ្នាំ​ ២០១៧​។​

សម្ដេច ហ៊ុន សែន រូបខាងស្ដាំ
លោក សុខ ឥសាន្ដ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​រយៈ​បទ​សម្ភាសន៍​ខ្លី​ជាមួយ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ១២​ ធ្នូ​ នេះ​ថា​ ការ​បើក​សន្និបាត​លើក​ទី​ ៤០​ នៅ​ថ្ងៃ​ទី​ ១៧​ ១៨​ ខែ​ ធ្នូ​ ចុង​ស​ប្ដា​ហ៍​នេះ​គឺ​ធ្វើ​យ៉ាងណា​សិក្សា​លម្អិត​ពី​ផែនការ​យុទ្ធសាស្ដ្រ​ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​ឈ្នះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ​។​ ​លោក​ សុខ​ ឥ​សាន្ដ​៖«​ជា​ទិស​ដៅ​របស់​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​ ៤០​ នេះ​គឺ​ប្រាកដជា​នឹង​មានការ​ដាក់​ផែនការ​និង​ពិភាក្សា​ដើម្បី​ជម្រុញ​ឆ្ពោះទៅ​រក​ ដណ្ដើម​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​»​។​

​បន្ថែម​ពី​នេះ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បញ្ជាក់​ផង​ដែរ​ថា​ ការ​បើក​សន្និបាត​នា​ពេល​ខាង​មុខ​នេះ​ក៏​ ពិភាក្សា​និង​វាយតម្លៃ​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​មក​ហើយនឹង​ធ្វើ​យ៉ាងណា​កែ​លម្អ​ចំណុច​ខ្វះខាត​បន្ថែម​ទៀត​។​

​យ៉ាងណា​ក៏​ដោយ​មិន​ថា​ គណបក្ស​ណា​ទេ​ឲ្យ​តែ​កៀក​នឹង​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​តែងតែ​រៀបចំ​សន្និបាត​របស់​ខ្លួន​ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ធ្វើ​យ៉ាងណា​ដណ្ដើម​ឲ្យ​បានការ​គាំទ្រ​ពី​ពលរដ្ឋ​ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​។​ ក៏​ប៉ុន្ដែ​សម្រាប់​គណបក្សកាន់អំណាច​សព្វថ្ងៃ​ គឺ​ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា​ អាណត្ដិ​នេះ​អាច​នឹង​មិន​ដូច​អាណត្ដិ​មុនៗ​ទៀត​ឡើយ​ ពីព្រោះ​តែ​ពលរដ្ឋ​បាន​មើលឃើញ​ពី​ការ​ដឹកនាំ​កន្លង​មក​គឺ​មាន​ភាព​ឆក​ល្វែង​ច្រើន​ជ្រុង​ណាស់​ ដែល​ជា​ហេតុ​អាច​នឹង​នាំ​ឲ្យ​បក្ស​ដែល​ជា​ម្ចាស់​ជ័យ​ជំនះ​ច្រើន​អាណត្ដិ​នេះ​ប្រឈម​នឹង​ការ​បាត់​សម្លេង​គាំទ្រ​។​

លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យា​ស្ដ្រ​នយោបាយ​មាន​ប្រសាសន៍​ថា​ ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្ដិ​ទី​ ០៤​ និង​ការ​បោះ​ឆ្នោត​សភា​អាណត្ដិ​ទី​ ០៦​ ខាង​មុខ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មើលទៅ​ហាក់ដូច​មាន​ពន្លឺ​នៃ​ជ័យ​ជំនះ​តិច​តូច​បំផុត​ដែល​អាច​ ទាញ​សម្លេង​គាំទ្រ​ពី​ពលរដ្ឋ​បាន​។​ លោក​បន្ដ​ថា​ ព្រោះតែ​សង្គម​ច​ប្ចុប្បន្ន​មានរឿង​អយុត្ដិធម៌​ច្រើន​ដែល​រដ្ឋអំណាច​ហាក់​មិន​បាន​ផ្ដល់​យុត្ដិធម៌​ត្រឹមត្រូវ​ដល់​ពលរដ្ឋ​។​ ជាង​នេះ​រដ្ឋអំណាច​ក៏​មិន​បាន​បំពេញ​ឲ្យ​បាន​តាម​ការ​សន្យា​របស់​ខ្លួន​កាលពី​អាណត្ដិ​មុនៗ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ពលរដ្ឋ​ដក​សេចក្ដី​ទុកចិត្ដ​ពី​បក្ស​នេះ​។​ ​លោក​ សូ​ ច​ន្ថា​៖«​ជា​រួម​គណបក្ស​ដែល​ធ្លាប់​ឈ្នះ​ធ្លាប់​កាន់​អំណាច​រួច​ហើយ​ប្រសិនបើ​មិន​អាច​អនុវត្ដ​គោ​លន​យោ​ប​យារ​បស់​ខ្លួន​ពី​អាណត្ដិ​របស់​ខ្លួន​កន្លង​មក​ទេ​ វា​ការ​ពិបាក​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ដោយសារ​ពលរដ្ឋ​ធ្លាប់​ឆ្លងកាត់​ការ​ស្ថិត​ក្រោម​ការ​ដឹកនាំ​បក្ស​នេះ​រួច​ទៅ​ហើយ​»​។​

​យ៉ាងណា​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​រូប​នេះ​សង្កត់ធ្ងន់​ថា​ បើសិន​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ស្ដារ​ឡើង​វិញ​នូវ​ទំនុកចិត្ដ​ពី​ពលរដ្ឋ​លុះត្រាតែ​គណបក្ស​នេះ​ធ្វើ​យ៉ាងណា​ពង្រឹង​ការ​អនុវត្ដ​របស់​ខ្លួន​ឲ្យ​បាន​តាម​ការ​សន្យា​កន្លង​មក​ ដែល​មាន​ដូច​ជា​បញ្ហា​អយុត្ដិធម៌​សង្គម​ បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​សន្ដិសុខ​សង្គម​ ហើយ​ជា​ពិសេស​គឺ​បញ្ហា​របស់​កសិករ​ដែល​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ​។​

​សូម​ជម្រាប​ថា​ បើ​តាម​សេចក្ដីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ចាប់ពី​ថ្ងៃ​ទី​០៣​ ដល់​ថ្ងៃ​ទី​ ០៥​ ខែមីនា​ ឆ្នាំ​២០១៧​ គ​.​ជ​.​ប​ នឹង​ចាប់​ទទួល​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​នៃ​គណបក្ស​នយោបាយ​ដែល​ឈរឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។​ ហើយ​សម្រាប់​រយៈពេល​នៃ​ការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផ្ដល់​ពេលវេលា​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​រយៈពេល​ ១៤​ ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ដល់​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៧៕​

Share

Image
Image
Image