loader

តំណាងរាស្រ្តបក្សប្រឆាំង⁣ ៖ បើបក្សសង្គ្រោះជាតិរំលាយរដ្ឋាភិបាលក៏រំលាយដែរ

ភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ អះអាថាប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែននោះ រដ្ឋាភិបាលក៏រំលាយទៅតាមផងដែរព្រោះរដ្ឋាភិបាលបង្កើតទ្បើងដោយសភាចំនួន ១២៣ រូប។

បន្ទាប់ពីក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យប្តឹងសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិទៅកាន់តុលាការកំពូលតាមរយៈមេធាវីតំណាងដោយអាណត្តិរបស់ខ្លួនរួចមក តំណាងរាស្រ្តបក្សប្រឆាំងមួយរូបអះអាងថា បើបក្សរបស់ខ្លួនត្រូវបានរំលាយមែននោះរដ្ឋាភិបាលក៏ត្រូវរំលាយផងដែរ។ ការលើកទ្បើងរបស់តំណាងរាស្រ្តគណ​បក្សប្រឆាំងរូបនេះ ធ្វើទ្បើងតាមរយៈការផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីអេហ្វអឹម១០២ នាថ្ងៃទី០៦ តុលា ឆ្នាំ២០១៧ នេះ។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តបក្សប្រឆាំងរូបនេះបន្តទៀតថា ស្ថានភាពនយោបាយនៅកម្ពុជានឹងកាន់តែធ្លាក់ចុះបើបក្សប្រឆាំងត្រូវរំលាយហើយរដ្ឋាភិបាលក៏មិនស្របច្បាប់ដែរ។

លោក ម៉ៅ មុនីវណ្ណ ៖«ខ្ញុំយល់​ឃើញថាបើរំលាយវារំលាយទាំងអស់ហើយ វារំលាយទាំងរដ្ឋាភិបាលទៀតព្រោះកាលណារំលាយគណបក្សតំណាងរាស្រ្ត៥៥ នាក់ហ្នឹងវាទៅអស់ ទៅអស់ហើយរដ្ឋាភិបាលដែលកើតទ្បើងពីសភានីតិកាលទី៥ហ្នឹងវាមិនទៅទាំងអស់គ្នាហើយវាមិនរំលាយគណបក្សសង្គ្រោះជាតិណា។ ធម្មតារដ្ឋាភិបាលកើតទ្បើងដោយសភា១២៣រូបបើរំលាយទាំងអស់គ្នាហើយអញ្ចឹងអ្នកណាដឹកនាំរដ្ឋាភិបាល»។

ឆ្លើយតបនឹងការលើកទ្បើងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ទ្បេង ប៉េងឡុង បានផ្តល់បទសម្ភាសឱ្យវិទ្យុអេហ្វអឹម១០២ ដោយលោកលើកទ្បើងថាទុកឱ្យច្បាប់ជាអ្នកដោះស្រាយរឿងនេះ។

លោក ទ្បេង ប៉េងឡុង៖⁣ «ទុកឱ្យច្បាប់អ្នកសម្រេចចុះខ្ញុំមិនមានយោបល់អីទេ អាហ្នឹងយើងធ្វើតាមច្បាប់ អាហ្នឹងបើច្បាប់យ៉ាងម៉េចយើងសម្រេចអញ្ចឹងមិនសម្រេចតាមគាត់ថាណា»។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បាន ច្រានចោលការអះអាងរបស់ អ្នកតំណាងរាស្ត្របក្សប្រឆាំង។ លោក បានបញ្ចាក់ថា រលាយតែ បក្សនឹងតំណាងរាស្រ្តបក្សមួយប៉ុណ្ណោះ គឺមិនអាចប៉ះពាល់ដល់ ភាពស្របច្បាប់របស់រដ្ឋាភិបាលទេ។ «រដ្ឋាភិបាលនៅដដែលតាសមានអីត្រូវរលាយជាមួយគណបក្សដែលធ្វើខុសនោះ ហើយអសានៈដែលគណបក្សសង្គ្រោះជាតិដែលត្រូវរលាយហ្នឹងគឺយកទៅចែកគណបក្សផ្សេងៗដែលប្រកួតប្រជែងហ្នឹងការបោះឆ្នោតមានបាត់សភាពហុបក្សណា ដល់ចែកអ្នកក្រៅ អ្នកក្រៅចូលប្រជុំមកវាពហុកបក្សដដែលតាស វាមិនអាចយកគណបក្សណាមួយមកធ្វើចំណាប់ខ្មាំងរបស់រដ្ឋសភា ឬរបស់រាជរដ្ឋាភិបាលបានទេ អត់មានច្បាប់ចែងទេ»។

ចំណែកអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា លោក សំ គន្ធាមី យល់ឃើញថា ប្រសិនបើបក្សប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានរំលាយមែននោះ⁣ ការបោះឆ្នោតនាឆ្នាំ២០១៨ ខាងមុខនេះ នឹងមិនមានភាពល្អប្រសើរនោះទេ។ លោកថារឿងនេះ សហគមន៍អន្តរជាតិនឹងខកចិត្តចំពោះការបាត់បង់បក្សប្រឆាំងដែលជាគូប្រកួតប្រជែងនឹងបក្សកាន់អំណាចនៅកម្ពុជា។

លោក សំ គន្ធាមី សង្ឃឹមថាការចូលរួមបោះឆ្នោតនាពេលខាងមុខនឹងមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងគ្រប់បក្សទាំងអស់។

លោក សំ គន្ធាមី ៖«អំពាវនាវសូមឱ្យធ្វើម៉េចការបោះឆ្នោតខាងមុខហ្នឹងឱ្យមាន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយមានគណបក្សដែលមានសក្តានុពលចូលរួមទាំងអស់គ្នា និងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ហើយបងប្អូនម្ចាស់ឆ្នោតចូលរួមបោះឆ្នោតទាំងអស់គ្នាកុំឱ្យមានរំលាយគណបក្សយើងចង់គ្រាន់តែចង់បានអញ្ចឹងទេ»

យោងតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧៦ ចែងថា រដ្ឋសភាមានសមាជិកជាតំណាងរាស្រ្តយ៉ាងតិច១២០ រូប។

គួរជម្រាបថា ការស្នើសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិនេះធ្វើទ្បើងបន្ទាប់ពីគណបក្សហ្វ៊ុន ស៊ិន ប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ និងគណបក្សយុវជនកម្ពុជាដឹកនាំដោយយុវជន⁣ ពេជ ស្រស់ បានដាក់ពាក្យប្តឹងទៅកាន់ក្រសួងមហាផ្ទៃដោយប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះរួចមក ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងនេះទៅកាន់តុលាការកំពូលដើម្បីស្នើសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិផងដែរ។

គណបក្សសង្គ្រោះជាតិមានអ្នកតំណាងរាស្រ្តជាប់ឆ្នោត៥៥ រូប និងក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោត កាលពីថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧ មានជាង៥ពាន់នាក់នៅទូទាំងប្រទេស ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ក[...]

ប្រមុខរដ្ឋរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងា[...]

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ W[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត