en     km
en     km

CNRP អំពាវនាវ សុំអន្តរជាតិជួយ ស្ដារលទិ្ធប្រជាធិបតេយ្យនៅកម្ពុជាជាបន្ទាន់

Share

ក្រុងភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ បាននិយាយថាស្ថានការណ៍នយោបាយ នាពេលនេះ ធ្ងន់ធ្ងរណាស់ បើ នៅបន្តធ្ងន់ធ្ងរទៀត គឺ ជាគ្រោះថ្នាក់ដល់ការបោះឆ្នោត។ ករណីនេះ គណបក្សសង្រ្គោះជាតិ អំពាវនាវសុំឱ្យ ភាគីអន្តរជាតិ ជួយស្ដារលទិ្ធប្រជាធិបតេយ្យឱ្យ ល្អប្រសើរឡើងវិញ ទើប បក្សនេះអាចចូលរួមបោះឆ្នោតបាន។

តែយ៉ាងនេះក្តីលោក សុខ ឥសាន្តនិយាយថា ករណីលោកកឹមសុខា គឺជាបទល្មើសជាក់ស្តែងពុំមែនជារឿងនយោបាយដែល សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ នោះទេ។

 

គណបក្សសង្គ្រោះជាតិបានបន្តចេញសេចក្តីថ្លែងការណ៍ជាលើកទី២ទៀត នៅថ្ងៃ ទី ០៦ ខែកញ្ញនេះ ដោយលើកឡើងជាច្រើន ពាក់ព័ន្ធទៅនិងការប្រើប្រាស់ប្រព័ន្ធតុលាការ ជារឿងដែលធ្ងន់ធ្ងរបំផុតរំលោភលើរដ្ឋធម្មនុញ្ញមាត្រា ៨០ ដែល ចែងពីអភ័យឯកសិទ្ធសមាជិកសភា។ សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ទៀតថា បើយោងទៅតាមមាត្រា ៨៦ នៃក្រមនិតិវិធីព្រហ្មទណ្ឌគឺករណីលោកកឹមសុខា មិនមាន ភាពត្រូវគ្នានឹងមាត្រានេះទេ ព្រោះអ្វីដែលលោក កឹម សុខា បាននិយាយ គឺ នៅឆ្នាំ ២០១៣ ដែលមិនមានន័យថាជារឿងព្រហ្មទណ្ឌនោះឡើយ។ តែជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យតំណាងអយ្យការទម្លាក់ចោល ការចោទប្រកាន់នឹងដោះលែងលោក កឹម សុខា នឹងអំពាវនាវឲ្យភាគី ពាក់ព័ន្ធសារធារណមតិជាតិ នឹង អន្តរជាតិ ទាំងអស់ ចូលរួមធ្វើយ៉ាងណាជម្រុញស្ថានភាពនយោបាយនាពេលនេះឲ្យវិលមិករកភាពប្រក្រតីឡើងវិញ ដើម្បីធានាថា ការបោះឆ្នោតនៅខាងមុខប្រព្រិត្តទៅដោយសេរី យុត្តិធម៌ នឹង ទុកចិត្តបាន។

ទន្ទឹមនឹងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មួ សុខហួរមានប្រសាសន៍ថា

បញ្ហាកម្ពុជា គឺជាការទទួលខុសត្រូវរបស់អន្តរជាតិមួយដែរ។

លោកស្រី មូរ សុខហួរ៖ ការទទួលខុសត្រូវ នៃសហគមន៍អន្តរជាតិដែរ នៅក្នុងការរកដំណោះស្រាយ ហើយយើងខ្ញុំមើលឃើញថាដំណោះស្រាយពួកយើងនឹងរកឃើញ បើសិនជាយើងទាំងអស់គ្នា អារម្មណ៍របស់យើងគឺពិតប្រាកដថា នឹងចង់បានការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ ហើយគណបក្សសង្គ្រោះជាតិមិនអាចចូលរួមក្នុងការបោះឆ្នោតណាដែលគ្មានសេរីភាពនឹងយុត្តិធម៌ធ្វើឲ្យបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចាស៎។

ដោយឡែក អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាលោក សុខឥសាន្ត បានលើកឡើងថា ករណីលោក កឹម សុខា ជាករណីបុគ្គលពុំមែន ជាចរិតនយោបាយនោះឡើយ។ លោកបានប្រាប់វិទ្យុស្ត្រីថា ករណីលោកកឹម សុខាគឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលករណីនេះជាបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​ជនបរទេស​។

តែយ៉ាងណា លោក សុខ ឥសាន្ត បានបញ្ជាក់ថាកម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាពរបស់ខ្លួន គឺកម្ពុជានឹងមិនសម្រេចចិត្តក្រោមបង្គាប់បញ្ជា របស់ប្រទេសណានោះឡើយ។

លោក សុខ ឥសាន្ត៖ យើងធ្វើទៅតាម​ គោលការណ៍ច្បាប់របស់យើង នៅក្នុងផ្ទៃក្នុងរបស់យើង យើងមិនរៀនសូត្រពីអ្នកណាទេ យើងមិនស្តាប់បង្គាប់ពីអ្នកណា ដើម្បីធ្វើអ្វីខុសពីគោលការណ៍ច្បាប់របស់កម្ពុជាយើងទេបាទ ! ។

កាលពីថ្ងៃទី៣កញ្ញា  លោក ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ ផ្ញើជូន បណ្ដាទូតបរទេស នៅកម្ពុជាថា ករណីលោក កឹម សុខា គឺជាបទល្មើសមួយជាក់ស្តែងដែល នគបាលមានសមត្ថកិច្ចគឺអាចចាប់បុគ្គលនោះ ដោយមិនគិតពីអភ័យឯកសិទ្ធសភា ពេលវេលា នឹង ទីកន្លែងចាប់ខ្លួននោះឡើយ។

មកដល់ពេលនេះប្រធានគណបក្សសង្គ្រោះជាតិ លោក កឹមសុខា ត្រូវបានឃុំខ្លួននៅពន្ធនាគារ ត្រពាំងថ្លុង ដែលការចាប់ខ្លួននេះ បានធ្វើឡើង កាលពីរាត្រីឈានចូលថ្ងៃទី ០៣ ខែ កញ្ញា នេះ។ លោក កឹម សុខា ត្រូវបានគេចោទពីករណី សន្ទិដ្ឋិភាព ដែលមានបំណងចង់ផ្តួលរំលំអំណាចរដ្ឋ ដែលទោសនេះអាចប្រឈមនឹងការចាប់ខ្លួនពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ៕

Share

Image
Image
Image