en     km
en     km

CNRP​សាទរ​ចំពោះ​គណៈកម្មការ​នៃ​សហភាព​អន្តរ​សភា​បើ​ការ​ស៊ើបអង្កេត​ហិង្សា​លើ​តំណាងរាស្ត្រ​២​រូប​

Share

kong-sophea-nheuk-chamreoun-cover
​ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ ស្វាគមន៍​វត្តមាន​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អ្នកតំណាង​រាស្ត្រ​នៃ​សហភាព​អន្តរ​សភា​ នឹង​បំពេញបេសកកម្ម​ នៅ​ប្រទេស​កម្ពុជា​ នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ​ ដើម្បី​ស៊ើបអង្កេត​សំណុំរឿង​ហិង្សា​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ ។​

​គណៈកម្មការ​នៃ​សហភាព​អន្តរ​សភា​ គ្រោ​នឹង​បំពេញបេសកកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បើក​ការ​ស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្សប្រឆាំង​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ នៅ​ពាក់​កណ្តាលខែ​ កុម្ភៈ​ ខាង​មុខ​នេះ​។​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ សារព័ត៌មាន​សំលេង​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​ លោក​ស្វាគមន៍​ដំណើរ​បេស​កម្ម​របស់​តំណាង​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៃ​សហភាព​អន្តរ​សភា​ មក​កម្ពុជា​ ដើម្បី​ស្វែ​ករក​ការ​ពិត​ដែល​កើតឡើង​ ចំពោះ​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ កាលពី​ឆ្នាំ​មុន​នោះ​។​ លោក​បន្ត​ថា​ តំណាងរាស្ត្រ​លោក​ គង់​ សភា​ និង​ ញ៉​យ​ ចំរើន​ ត្រូវ​តែ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​លើ​ករណី​អំពើ​ហិង្សា​នេះ​។​ ទោះបី​យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ មិន​ទាន់​អាច​បញ្ជាក់​ពី​ក្តី​សង្ឃឹមថានឹង​អាច​ទទួល​បាន​យុត្តិធម៌​យ៉ាងណា​នៅឡើយ​ទេ​ ចំពោះ​វត្តមាន​របស់​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៃ​សហភាព​អន្តរ​សភា​នេះ​។​

​ចំណែក​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​ស្វាគមន៍​ដែល​ គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អ្នកតំណាង​រាស្ត្រ​នៃ​សហភាព​អន្តរ​សភា​ ដែល​គ្រោង​នឹង​បំពេញបេសកកម្ម​នៅ​កម្ពុជា​នៅ​ពាក់កណ្ដាល​ខែកុម្ភៈ​ខាង​មុខ​នេះ​ ដើម្បី​ស៊ើបអង្កេត​សំណុំរឿង​ហិង្សា​លើ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​លោក​ គង់​ សភា​ និង​ ញ៉​យ​ ចំរើន​ ប្រសិនបើ​បេស​កម្ម​របស់​គណៈកម្មការ​នេះ​ មក​ជា​លក្ខណៈ​ផ្លូវការ​។​

kongSophea-NheukChamReoun-cover

​លោក​បន្ត​ថា​ សំនុំរឿង​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ នៅ​មុខ​រដ្ឋសភា​កាលពី​ឆ្នាំ​ ២០១៥​កន្លង​ទៅ​ រាជរដ្ឋាភិបាល​កំពុង​តែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​ ។​

​លោក​ សុខ​ ឥ​សាន​ មាន​ប្រសាសន៍​ថា​៖​ «​អាហ្នឹង​យើង​ទុក​សិទ្ធិ​ឲ្យ​គេ​ យើង​គ្មាន​សិទ្ធិ​អ្វី​ហាមឃាត់​គេ​ទេ​ ។​ បើ​គេ​មក​ជា​ផ្លូវការ​យើង​ត្រូវ​ទទួល​ការ​ស្វាគមន៍​គេ​ បើ​គេ​មក​ជា​ ឯកជន​ អាហ្នឹង​ជា​រឿង​មួយទៀត​ ព្រោះ​ពិធីការ​វា​មាន​លក្ខណៈ​អ​ញ្ចឹ​ង​។​ សំនុំរឿង​នេះ​នៅ​បន្ត​ធ្វើ​ ខាង​មហាផ្ទៃ​គណកម្មាធិការ​ដែល​រាជរដ្ឋាភិបាល​បង្កើត​មក​មិន​ទាន់​រំសាយ​ទេ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការសិទ្ធិមនុស្ស​ លី​កាដូ​ ក៏​បាន​គាំ​ទ្រាំ​ចំពោះ​បេស​កម្ម​របស់​តំណាង​គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៃ​សហភាព​អន្តរ​សភា​ មក​កម្ពុជា​ នេះ​ផង​ដែរ​។​ លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖​ «​គណៈកម្មការ​នេះ​ នឹង​ជួយ​ជំរុញ​ នឹង​ជំរុញ​ ប្រទេស​កម្ពុជា​យើង​ផ្តល់​យុត្តិធម៌​ សម្រាប់​តំណាងរាស្ត្រ​ និង​ចាត់វិធានការ​ ដើម្បី​ការពារ​ សុវត្ថិភាព​ សន្តិសុខ​ តំណាងរាស្ត្រ​បន្ថែម​ទៀត​ផង​ដែរ​ »​។​

​សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋសភា​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ជា​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​។​ ក្នុង​បាតុកម្ម​នោះ​ ហ្វូង​បាតុករ​បាន​វាយ​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ ពេល​ដែល​លោក​ចេញពី​រដ្ឋសភា​ នៅ​ម៉ោង​សម្រាក​អាហារ​ថ្ងៃត្រង់​។​
​សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ លោក​ ញ៉​យ​ ចំរើន​ និង​លោក​ គង់​ សភា​ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ស្នាក់​នៅ​សហរដ្ឋអាមេរិក​នៅឡើយ​៕

Share

Image
Image
Image