en     km
en     km

អ្នកជំនាញ ១១ប្រទេសរួមគ្នារកដំណោះស្រាយបញ្ហាអនាម័យនិងទឹកស្អាតតំបន់អាស៊ីអាគ្នេយ៍

Share

ភ្នំពេញ ៖ បណ្តាាអ្នកដឹកនាំជំនាញ និងតំណាងអង្គការសង្គមស៊ីវិលអន្តរជាតិដែលធ្វើការងារពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត⁣ និងអនាម័យមានចំនួន ១១ប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក និងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក បានជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយរួមចំពោះការលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល និងការប្រើប្រាស់ទឹកស្អាតនៅតំបន់អាស៊ីអាគ្នេយ៍។⁣ ការជួបពិភាក្សានៅថ្ងៃនេះ ធ្វើឡើងនៅសណ្ឋាគារខាំបូឌីយ៉ាណា រាជធានីភ្នំពេញ រៀបចំអង្គការភ្លែនអន្តរជាតិកម្ពុជា ក្រសួងអភិវឌ្ឍន៍ និងមូលនិធីសហគមន៍ដឹកនាំអនាម័យទាំងស្រុង⁣ (CLTS Foundation) ។ 

វេទិកាពិភាក្សាមានរយៈពេលបីថ្ងៃ ក្រោមប្រធានបទ “ពីសហគមន៍ឆ្ពោះទៅរកប្រជាជាតិដែលគ្មានការបន្ទោរបង់ពាសវាលពាសកាល ការពន្លឿនឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាតំបន់ដែលគ្មានការបន្ទោរបង់ពាសវាលពាសកាល” បានចាប់ផ្តើមពិភាក្សាពីថ្ងៃទី១៥⁣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខ ដោយមានអ្នកចូលរួមជាអ្នកដឹកនាំ និងតំណាងអង្គការសង្គមស៊ីវិលអន្តរជាតិដែលធ្វើការងារពាក់ព័ន្ធនឹងបញ្ហាទឹកស្អាតនិងអនាម័យ។

ថ្លែងនៅក្នុងកម្មវិធីលោក យឹម ឆៃលីឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ​ មានប្រសាសន៍ថា កង្វះអនាម័យបានធ្វើឱ្យប្រជាជននៅក្នុងពិភពលោក ជាពិសេសអ្នករស់នៅតំបន់ជនបទប្រឈមនឹងជំងឺជាច្រើន បណ្តាលមកពីការប្រើប្រាស់ទឹកកង្វក់ កង្វះអនាម័យលាងដៃនឹងសាប៊ូ និងការបន្ទោរបង់ពាស់វាលពាសកាល។  លោកថា បញ្ហាទាំងនេះ បានធ្វើឱ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ និងបាត់បង់សេដ្ឋកិច្ចប្រទេសនីមួយៗយ៉ាងច្រើន ប៉ុន្តែប្រជាជនទាំងនោះពុំទាន់មានការយល់ដឹងពីបញ្ហានេះទូលំទូលាយឡើយ។

នៅចំពោះមុខអ្នកចូលរួមទាំងជាតិនិងអន្តរជាតិជាង ១០០នាក់ លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានបន្តថា តាមរយៈការពិភាក្សាមានរយៈពេលបីថ្ងៃ មានការចូលរួមពីអ្នកជំនាញខាងអនាម័យមកពីបណ្តាប្រទេសនានា នឹងអាចរកគន្លឹះផ្សេងៗ ក្នុងការដោះស្រាយបញ្ហាអនាម័យ ព្រមទាំងប្រើប្រាស់លទ្ធផលនៃការពិភាក្សានេះ បំផុសនិងដាស់ស្មារតីទទួលខុសត្រូវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាដោះស្រាយបញ្ហាអនាម័យឱ្យមានប្រសិទ្ធិភាព។

លោក⁣ Chander Badloe⁣ អ្នកវិភាគបញ្ហាអនាម័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក និងជាអ្នកប្រឹក្សាតំបន់របស់អង្គការ UNICEF មានប្រសាសន៍ថា បញ្ហាអនាម័យត្រូវបានរដ្ឋាភិបាលនៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាហ្វិកកំពុងដោះស្រាយ ព្រមទាំងបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់ខ្លួន។

ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់ផ្នែកអនាម័យរូបនេះ បានលើកឡើងបន្តទៀតថា ត្បិតបញ្ហាអនាម័យត្រូវបានរដ្ឋាភិបាលប្រទេសនីមួយៗក្នុងតំបន់ ចាត់ទុកជារឿងសំខាន់ចំពោះសុខភាពសាធារណៈពិតមែន ប៉ុន្តែត្រូវទាមទារឱ្យរដ្ឋាភិបាលប្រទេសទាំងនោះ បន្តជួយពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនថវិការ ព្រមទាំងប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត ដើម្បីឱ្យភូមិ-ឃុំ ឬសហគមន៍ក្នុងប្រទេសរបស់ខ្លួន បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង ប្រជាជនរស់នៅមានអនាម័យ។

លោក⁣ ហង្ស បូណា តំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា បាននិយាយក្នុងសន្និសីទថ្នាក់តំបន់នេះថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ អង្គការភ្លែនអន្តរជាតិនៅអាស៊ី បានជួយឱ្យប្រជាជនប្រាំបីលាននាក់ រស់នៅក្នុងសហគមន៍ជាមួយម៉ឺនប្រាំពីរពាន់ គ្មានការបន្ទោរបង់ពាស់វាលពាស់កាល។ ក្នុងនោះដែរអង្គការភ្លែនអន្តរជាតិកម្ពុជា បានជំរុញឱ្យមានការអនុវត្គម្រោងសហគមន៍ដឹកនាំអនាម័យទាំងស្រុងក្នុងភូមិជិត ២ពាន់ប្រាំរយ ដោយមានការគាំទ្រពីម្ចាស់ជំនួយនានា រាជ រដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក។

សិន្នសីទថ្នាក់តំបន់ស្តីពីបញ្ហាអនាម័យនេះ ធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍នៃការអនុវត្តការងារបានល្អប្រសើររបស់បណ្តាប្រទេសដែលដោះស្រាយបញ្ហាអនាម័យបានល្អ ព្រមទាំងមានគោលដៅរៀបចំផែនការសកម្មភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សម្រេចបានប្រជាជាតិគ្មានការបន្ទោរបង់ពាសវាលពាសកាល នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

សូមជម្រាបថា សហគមន៍ដឹកនាំអនាម័យទាំងស្រុង (CLMS) បានក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញលទ្ធភាពទទួលបានអនាម័យសម្រាប់ប្រជាជនរាប់លាននាក់ក្នុងពិភពលោក ពិសេសប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយគម្រោងនេះ ត្រូវបានអនុវត្តជាវិធីសាស្ត្រគន្លឹះដើម្បីសម្រេចបានអនាម័យក្នុងប្រទេសជាង ៦៥នៅអាស៊ី អាហ្រ្វិក និងអាម៉េរិកឡាទីន ។

អ្នកជំនាញខាងទឹកស្អាត និង⁣អនាម័យ (WASH) ជាងមួយរយនាក់ រួមមាន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ទីម័រខាងកើត ឥណ្ឌា ប៉ាគីស្ថាន និងប្រទេសមួយចំនួននៅតំបន់អាព្រិកបានចូលរួមក្នុងវេទិការពិភាក្សាខាងលើ។ ក្រៅពីតំណាងរដ្ឋាភិបាល ក្នុងនោះក៏មានការចូលរួមពីអង្គការនិងស្ថាប័នពាក់ព័ន្ធ មានធនាគារពិភពលោក (World Bank), អង្គការ UNICEF, អង្គការ⁣ WaterAid, អង្គការអភិវឌ្ឍន៍ហូឡង់⁣ (SNV), អង្គការទស្សនៈពិភពលោក (World Vision), និងក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យទឹកស្អាតនិងអនាម័យ⁣ (WSSCC) ៕

អត្ថបទលោកម៉ៅ សំណាង

Share

Image
Image
Image