en     km
en     km

CCIM​ ៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ មិន​ទាន់​ឯករាជ្យ​ ព្រោះ​រង​ឥទ្ធិពល​ពី​រដ្ឋាភិបាល​

Share

​របាយការណ៍​ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ អស់​រយៈពេល​មួយ​ខែ​ បាន​រក​ឃើញ​ថា​ ៥៣%​ នៃ​អ្នក​សារព័ត៌មាន​ ១០០​នាក់​ ដែល​ត្រូវ​បាន​សម្ភាសន៍​យល់​ឃើញ​ថា​ ស្ថាប័ន​ព័ត៌មាន​របស់​ខ្លួន​មិន​ទាន់​មាន​ភាព​ឯករាជ្យ​នៅឡើយ​ទេ​ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា​ មានការ​ជ្រៀតជ្រែក​ពី​សំណាក់​រដ្ឋាភិបាល​ រួម​ទាំង​កម្មសិទ្ធិ​ប្រមូលផ្តុំ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការ​ដាក់​សម្ពាធ​ពី​ម្ចាស់​ស្ថាប័ន​ ការ​គ្រប់គ្រង​និយ័ត​កម្ម​ និង​ការ​ផ្តល់​អាជ្ញា​បណ្ណ​ជាដើម​។

Pa-Nguon-Tieng
លោក​ ប៉ា​ ងួ​ន​ទៀង

លោក​ ប៉ា​ ងួ​ន​ទៀង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​មាន​ភាព​ឯករាជ្យ​ពេញលេញ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រព័ន្ធ​ប្រជាប​តេ​យ្យ​នៅ​កម្ពុជា​ ជា​ពិសេស​ខ្វះ​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​នៅ​ក្នុង​គ្រប់គ្រង​ ដែល​កត្តា​នេះ​ ធ្វើ​ឱ្យ​កើត​មាន​អំពើ​ពុក​រលួយ​ បង្កើត​នូវ​ភាព​អ​នា​ធិ​តេ​យ្យ​នៅ​ក្នុង​សង្គម​ និង​ធ្វើ​ឱ្យ​បរាជ័យ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ជាដើម​។​

​លោក​បន្ត​ថា​៖​ «​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​ វា​មាន​ប្រយោល​ និង​មិន​ប្រយោល​ ។​ ប្រយោល​ត្រង់​ថា​សព្វ​ថ្ងៃនេះ​ យើង​មើល​បរិយាកាស​នយោបាយ​ អី​អ​ញ្ចឹ​ង​ គឺ​រដ្ឋាភិបាល​តាម​រយៈ​ការ​ផ្តល់​អាជ្ញា​បណ្ណ​វិទ្យុ​ ទូរទស្សន៍​ហើយ​ហ្នឹង​ និង​តាម​រយៈ​ការ​ផ្តល់​អំណាច​ផ្សេង​ អ​ញ្ចឹ​ង​អង្គភាព​ណា​ដែល​អត់​ស្តាប់​តាម​គាត់​ អង្គភាព​ណា​រៀង​ ប៉ះទង្គិច​ ជាមួយ​គាត់​ គាត់​អាច​មាន​សម្ពាធ​ផ្សេងៗ​»​។​

ឆ្លើយ​តប​នឹង​របាយការណ៍​ខាងលើ​នេះ​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ថ្លែង​ថា​ ក្រសួង​មិន​ដែល​ដាក់​សម្ពាធ​ ឬ​គាបសង្កត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​នោះ​ទេ​។​ លោក​បន្ត​ថា​ នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា​ ដូច្នេះ​ ព័ត៌មាន​ដែល​ពួក​គេ​ផលិត​បាន​ មាន​ទំនោរ​ទៅ​ខាង​ណា​ គឺជា​រឿង​របស់​គេ​។​

លោក​បញ្ជាក់​ថា​បន្ថែម​៖​ «​ឥឡូវ​ទៅ​ធ្វើ​ម៉េច​ ថា​មិន​ឯករាជ្យ​របៀប​ម៉េច​ អ្នក​សារព័ត៌មាន​គ្រប់​រូប​គាត់​គាត់​ធ្វើការ​តាម​វិជ្ជាជីវៈ​ ត្រង់​ថា​គាត់​ផលិត​ព័ត៌មាន​ បង្ហាញ​ពី​អី​ អាហ្នឹង​គឺជា​រឿង​ របស់​គាត់​កុំឱ្យ​តែ​ខុសច្បាប់​ស្តី​ពី​ របប​សារព័ត៌មាន​អាហ្នឹង​ក្រសួង​អាច​ទទួលយក​បាន​ហើយ​»​។​

បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ CCIM​ បង្ហាញ​ទៀត​ថា​ នៅ​ឆ្នាំ​២០១៥​ អ្នក​សារព័ត៌មាន​ ៥៨%​ រាយការណ៍​ថា​ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ ដែល​តួលេខ​នេះ​ មានការ​កើនឡើង​ចំនួន​ ១០.៧%​ នៃ​កា​រក​ឃើញ​កាលពី​ឆ្នាំ​២០១៤​ កន្លង​ទៅ​។​

របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​នេះ​បន្ត​ទៀត​ថា​ ២៥.៥%​  បាន​រង​ការ​វាយប្រហារ​ ដោយសារ​ខ្លួន​ ជា​អ្នកកាសែត​។​ ក្នុង​នោះ​មាន​អ្នក​សារព័ត៌មាន​ម្នាក់​ បាន​រាយការណ៍​ថា​ ត្រូវ​បាន​គេ​បាញ់​ពេល​កំពុង​រាយការណ៍​ ពី​ការ​កាប់​ឈើ​ខុសច្បាប់​ និង​ម្នាក់​ទៀត​បាន​ប្រាប់​ថា​ ត្រូវ​បាន​គេ​បោះ​គ្រាប់បែក​ចូល​ក្នុងផ្ទះ​ បន្ទាប់​ពី​បាន​រាយការណ៍​ព័ត៌មាន​ព័ត៌មាន​ពី​ករណី​ស៊ើបអង្កេត​មួយ​ និង​ ២៩.៤%​ បាន​រាយការណ៍​ថា​ រង​ការ​គំរាមកំហែង​ក្នុង​ពេលធ្វើការ​។​

លើស​ពី​នេះ​ទៅ​ទៀត​ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ បាន​រក​ឃើញ​ផង​ដែរ​ថា​ អ្នក​សារព័ត៌មាន​ ២៦.៦%​ បាន​លើក​ឡើង​ថា​ពួក​គេ​ ធ្លាប់​ទទួល​រង​នូវ​ការ​គំរាមកំហែង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដែល​នាំ​ឱ្យ​អ្នក​សារព័ត៌មាន​ មានការ​ភ័យ​ខ្លាច​ ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ ប្រកបដោយ​វិជ្ជាជីវៈ​ និង​តម្លាភាព​។​ ក្នុង​នោះ​មាន​ប្រធានបទ​មួយ​ចំនួន​ ដែល​អ្នក​សារព័ត៌មាន​ខ្លាចរអា​ក្នុង​ការ​រាយការណ៍​ ដូច​ជា​រឿង​នយោបាយ​ ប្រព័ន្ធ​តុលាការ​ ការ​រំលោភ​ដីធ្លី​ និង​បញ្ហា​ព្រំដែន​ជាដើម​។​

ជាមួយ​នេះ​បញ្ហា​ ប្រាក់ខែ​ទាប​ កង្វះ​ការ​បណ្តុះបណ្តាល​ ឬ​អប់រំ​ និង​វប្បធម៌​ពុក​រលួយ​នៅ​កម្ពុជា​ ក៏​ជា​បញ្ហា​មួយ​ដែល​អ្នកកាសែត​ខ្លួនឯង​ផ្ទាល់​ មិន​បាន​គោរព​ក្រម​វិជ្ជាជីវៈ​ផង​ដែរ​ ។​

លោក​ ប៉ា​ ងួ​ន​ទៀង​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​របាយការណ៍​ដែល​បង្ហាញ​ពី​បញ្ហា​ប្រឈម​របស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​នេះ​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ នឹង​ធ្វើ​ឱ្យ​សាធារណៈជន​ យល់​ដឹង​ពី​បញ្ហា​នេះ​ ហើយ​ដាក់​សម្ពាធ​ទៅ​លើ​អង្គភាព​សារព័ត៌មាន​ ដើម្បី​ធ្វើការ​កែសម្រួល​ផ្ទៃក្នុង​ និង​គុណភាព​ព័ត៌មាន​ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​៕​

Share

Image
Image
Image