loader

CCIMបង្ហាញព័ត៌មានស៊ើបអង្កេតពីផលប៉ះពាល់លើជនជាតិដើមភាគតិចនិងការរំលោភសិទ្ធិកម្មករ

ភ្នំពេញ៖ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យហៅកាត់ថា(CCIM) នៅថ្ងៃនេះបានដាក់បង្ហាញព័ត៌មានស៊ើបអង្កេតចំនួនពីរពាក់ព័ន្ធការប្រើប្រាស់ថ្នាំពុលគីមីកំពុងប៉ះពាល់លើជនជាតិដើមភាគតិចនៅខេត្តរតនគិរី និងកង្វះសហជីពឯករាជ្យនាំឱ្យមានការរំលោភសិទិ្ធ លក្ខខណ្ឌកម្មករនៅក្រុងព្រះសីហនុ។ ការបង្ហាញព័ត៌មានស៊ើបអង្កេតទាំងនេះធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេតនៅសណ្ឋាគារ ហីម៉ាវ៉ារី រាជធានីភ្នំពេញនៅថ្ងៃទី២៧ វិច្ឆិកានេះ។

                             វេទិកាផ្សព្វផ្សាយព័ត៌មានស៊ើបអង្កេតនៅសណ្ឋាគារ ហីម៉ាវ៉ារី រាជធានីភ្នំពេញនៅថ្ងៃទី២៧ វិច្ឆិកានេះ។

 

អត្ថបទព័ត៌មានបែបស៊ើបអង្កេតមានចំណងជើងថា«ថ្នាំគីមីប្រើប្រាស់លើដីសម្បទានសេដ្ឋកិច្ចអាចនឹងបង្កជំងឺ ផាឃីនសុន លើជនជាតិដើមភាគតិចនៅខេត្តរតនគិរី»និងអត្ថបទទីពីរមានចំណងជើងថា«កង្វះសហជីពឯករាជ្យ ធ្វើឱ្យមានការរំលោភសិទ្ធិនិងលក្ខខណ្ឌការងារកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» ត្រូវបានដាក់បង្ហាញទៅកាន់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធដើម្បីជំរុញឱ្យមានដំណោះស្រាយជាវិជ្ជមានដល់ជនរងគ្រោះ។

របាយការណ៍អត្ថបទព័ត៌មាន ដែលនិយាយអំពីថ្នាំពុលគីមីរបស់ក្រុមហ៊ុនកំពុងបង្កផលប៉ះពាល់លើជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី បង្ហាញថា ក្រុមហ៊ុន Kao Su Ea Lev បានប្រើប្រាស់ថ្នាំពុលគីមីប៉ារ៉ាខ្វាត(Paraquat)ដើម្បីសម្លាប់ស្មៅក្នុងដីសម្បទានសេដ្ឋកិច្ច បានបង្កផលប៉ះពាល់សុខភាពពលរដ្ឋជនជាតិដើមភាគតិច និងសត្វពាហនៈមួយចំនួនត្រូវងាប់។

អត្ថបទនេះបង្ហាញទៀតថា សារធាតុពុលក្នុងថ្នាំគីមីពុលប៉ារ៉ាខ្វាតនេះនឹងបង្កឱ្យមនុស្សកើតជំងឺផាឃីនសុន ដែលអ្នកកើតមានអាការៈញ័រដៃជើងនៅពេលមានវ័យ ចាស់។ របាយការណ៍ដែលបង្ហាញដោយCCIM បានរកឃើញភស្តុតាងជាសំបកថ្នាំគីមីបាញ់សម្លាប់ស្មៅប៉ារ៉ាខ្វាតដែលជាប្រភេទថ្នាំពុលហាមឃាតក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុនដាំកៅស៊ូវៀតណាមឈ្មោះថា Ea Lev នោះបើទោះបីខាងក្រុមហ៊ុនបានបដិសេធយ៉ាងណាក្តី។

ជនជាតិដើមភាគតិចទំពូនលោក​ ស្រូត ម៉ុក​ រស់នៅភូមិកែងសាន់ ខេត្តរតនគិរីនិយាយថា គោក្របីរបស់លោកបានងាប់ជាបន្តបន្ទាប់នៅឆ្នាំមុន បន្ទាប់ពីគោក្របីទាំងនោះបានផឹកទឹកអូរដែលមានប្រភពហូរកាត់ពីចំការកៅស៊ូក្រុមហ៊ុន Ea Lev​។ លោកសង្ស័យថា ករណីដែលបង្កឱ្យមានគោក្របីអ្នកភូមិងាប់ដូច្នេះ គឺបណ្តាលមកពីសារធាតុពុលក្នុងថ្នាំបាញ់ស្មៅដែលក្រុមហ៊ុនបានប្រើប្រាស់ហើយហូរចូលក្នុងទឹកអូរ។

ជនជាតិដើមភាគតិចម្នាក់ទៀតលើកឡើងថា លោកតែងមានអាការៈឈឺក្បាល វិលមុខ នៅពេលធ្វើដំណើរកាត់ចំការរបស់ក្រុមហ៊ុនវៀតណាម ខណៈដែលកម្មករក្នុងចំការបានប្រើថ្នាំបាញ់សម្លាប់ស្មៅ។ លោកបន្តថា អ្នកភូមិតែង រាករុស ក្អួតចង្អោ និងកើតរមាស់ពេលបរិភោគនិងប្រើប្រាស់ទឹកក្នុងអូរ។ លោកបន្ថែមថា អាការៈបែបនេះទើបតែកើតមានក្រោយពេលក្រុមហ៊ុនដាំកៅស៊ូបានបាញ់ថ្នាំគីមីសម្លាប់ស្មៅក្នុងចំការនោះ។

របាយការណ៍ស៊ើបអង្កេតខាងលើនេះ មិនបានទទួលការឆ្លើយតបពីភាគីខាងក្រុមហ៊ុនឡើយ ចំណែកមន្រ្តីពាក់ព័ន្ធខេត្តបានត្រឹមតែសន្យាចុះពិនិត្យ និងស្រាវជ្រាវតែប៉ុណ្ណោះ។

ចំណែកព័ត៌មានស៊ើបអង្កេតស្តីពី«កង្វះសហជីពឯករាជ្យ ធ្វើឱ្យមានការរំលោភសិទ្ធិនិងលក្ខខណ្ឌការងារកម្មករនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»បានបង្ហាញថា កម្មករ-កម្មការិនីក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាកម្មសិទ្ធិឯកជនស្របច្បាប់របស់ក្រុមហ៊ុនលោកឧកញ៉ា ឡៅ ម៉េងឃីន និងជាគម្រោងអភិវឌ្ឍន៍ និងប្រតិបត្តិការរួមគ្នារវាងវិនិយោគិនចិននិងកម្ពុជា មានការរំលោភសិទ្ធិកម្មករ លក្ខខណ្ឌការងារកម្មករ ហើយសហជីពមួយចំនួនក៏រងការធ្វើទុក្ខបុកម្នេញពីសំណាក់ថៅកែ។

មន្រ្តីសម្របសម្រួលប្រចាំតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុនៃសហភាពការងារកម្ពុជាលោក អាន រ៉ាម៉ា និយាយថា កម្មករ-កម្មការិនីមួយចំនួនត្រូវបានភាគីថៅកែរំលោភសិទ្ធិ​ដោយខ្លះថៅកែតម្រូវឱ្យធ្វើការខុសជំនាញ ហើយកម្មករប្រឈមនឹងបាត់បង់ការងារប្រសិនចង់បង្កើតសហជីពសម្រាប់ខ្លួននោះ។ ចំណែកបញ្ហាប្រឈមរបស់សហជីពវិញ លោក អាន រ៉ាម៉ា បន្ថែមថា សហជីពតែងតែប្រឈមការបញ្ឈប់ពីការងារនៅពេលពួកសហជីពចេញមុខទាមទារ និងការពារផលប្រយោជន៍ជូនកម្មករ។ ចំណែកសហជីពខ្លះក៏បង្ខំចិត្តលាឈប់ព្រោះមិនអាចទ្រាំសម្ពោធការងារបាន ម្យ៉ាងពួកគេក៏មិនអាចជួយកម្មករឱ្យបានទូលំទូលាយ។

ទាក់ទិនរឿងនេះលោក ប៉ុល ចាន់ដារ៉ា អគ្គនាយករងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា របាយការណ៍នៃអត្ថបទព័ត៌មានរបស់CCIMនេះ គឺគ្រាន់តែជាផ្នែកមួយលើកបង្ហាញជ្រុងអវិជ្ជមានតែប៉ុណ្ណោះ ដែលមិនទាន់ឆ្លើយតបទៅនឹងសមិទ្ឋផលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងជួយកម្មករនៅឡើយ។ តែយ៉ាងណាលោកបន្តថា របាយការណ៍ក៏អាចជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំង ដែលអាចឱ្យមន្រ្តីពាក់ព័ន្ធធ្វើការកែតម្រូវ និងរកដំណោះស្រាយ។

លោក ណុប វី នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ CCIM និយាយ ការផលិតឡើងនូវព័ត៌មានបែបស៊ើបអង្កេត គឺគោលបំណងបង្ហាញនូវព័ត៌មានមួយពិត ស៊ីជម្រៅ និងបង្ហាញបញ្ហាសង្គមដែលកំពុងកើតមានជូនអ្នកស្តាប់ និងអ្នកដែលមានតួនាទីធ្វើគោលនយោបាយបានដឹងដើម្បីជួយជំនួយស្មារតីក្នុងការឆ្លើយតប។

អត្ថបទព័ត៌មានដែលមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានស៊ើបអង្កេតនេះ បានប្រើប្រាស់រយៈពេលក្នុងមួយអត្ថបទជាង២ខែ។ អត្ថបទនិមួយៗមានកម្រាស់ជាង១០ទំព័រ ហើយបានបង្ហោះលើគេហទំព័ររបស់សារព័ត៌មានVODផងដែរ។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកGeorge Edgar ៖ អឺរ៉ុបត្រៀមផ្ដល់ជំនួយជាង១១៥លានអឺរ៉ូមកកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់[...]

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំ[...]

មន្ត្រីរដ្ឋសភា៖កម្ពុជាសង្ឃឹមថា វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ EUនឹងពិចារណាករណី EBAឡើងវិញ​

  ភ្នំពេញ៖ កម្ពុជាមានសង្ឃឹមយ៉ាងមុតមាំថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត