en     km
en     km

CCHR​ ៖​ សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​ឧទ្ធរណ៍​ខ្វះ​ការ​គោរព​សិទ្ធិ​ជំនុំជម្រះ​ជា​មូលដ្ឋាន​

Share

​ភ្នំពេញ​៖​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ចេញ​របាយការណ៍​សង្កេត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នៃ​សវនាកា​របស់​សាលាឧទ្ធរណ៍​រក​ឃើញ​ថា ​សិទ្ធិ​ជំនុំជម្រះ​ជា​មូលដ្ឋាន​របស់​ជនជាប់ចោទ​រង​ការ​រំលោភ​បំពាន​។​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ អះអាង​ថា​ ក្រុមការងារ​កំណែ​ទម្រ​ង​ប្រព័ន្ធ​ច្បាប់​នឹង​ពិនិត្យ​មើល​របា​យក​រណ៍​នេះ​ដើម្បី​កែ​លម្អ​។​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បញ្ចេញ​របាយការណ៍​សង្កេត​សវនាកា​រសាលាឧទ្ធរណ៍​អស់​រយៈពេល​មួយ​ឆ្នាំ​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​រក​ឃើញ​ថា​ ចៅក្រម​នៃ​សាលា​ឧរ​ទ្ធ​ណ៍​រង​ការ​រំលោភ​បំពាន់​ទៅ​លើ​សិទ្ធិ​ជំនុំជម្រះ​ជា​មូលដ្ឋាន​របស់​ជនជាប់ចោទ​។​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ ធ្វើការ​សង្កេត​ទៅ​លើ​សវនាការ​ប្រចាំ​ថ្ងៃ​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​ ៣៤០​ ករណី​។​ ក្នុង​នោះ​សំណុំរឿង​ជាង​ ៦៥​ ភាគរយ​ ចៅក្រម​សាលាឧទ្ធរណ៍​មិន​បាន​ប្រាប់​ និង​ពន្យល់​ដល់​ជនជាប់ចោទ​អំពី​សិទ្ធិ​នៅ​ស្ងៀមស្ងាត់​ ឬ​សិទ្ធិ​មិន​ឆ្លើយ​តប​ចំពោះ​ សំនួរ​របស់​ចៅក្រម​។​ សិទ្ធិ​មាន​មេធាវី​ប្រមាណ​ ២១​ ភាគរយ​ រង​ការ​រំលោភ​បំពាន ​ព្រោះ​គ្មាន​មេធាវី​តំណាង​ ដើម្បី​ការពារ​ក្តី​ បើ​ទោះបីជា​ ជនជាប់ចោទ​ ៤០ ​នាក់​ លើក​ឡើង​ករណី​នេះ​នៅ​ចំពោះ​មុខ​ចៅក្រម​។​

​លោក​ ហ៊ុន​ ស៊ា​ង​ហាក់​ អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ ពន្យល់​បន្ថែម​ថា​ CCHR​ មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ចៅក្រម​ខកខាន​លើក​ឡើង​អំពី​មាត្រា​ច្បាប់​ និង​ភស្តុ​តាង​ជា​មូលដ្ឋាន​មុន​ឈាន​ដល់​ការ​សម្រេច​ក្តី​ ហើយ​ផ្ទុយ​ទៅ​វិញ​ចៅក្រម​គ្រាន់តែ​សម្រេច​ថា​ តម្កល់​ ឬ​ បដិសេធ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​គ្មាន​ការ​ពន្យល់​ពី​មួល​ហេតុ​ច្បាស់លាស់​។​

​លោក​ ហ៊ុន​ ស៊ា​ង​ហាក់​៖​ «​ទាក់ទង​នឹង​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ជា​សាធារណៈ​ក៏​នៅ​មាន​បញ្ហា​ សិទ្ធិ​ទទួល​បាន​វត្ត​មាននៅ​ពេល​សវនាការ​ និង​មាន​មេធាវី​ ការ​សន្មត់​ទុកជា​មុន​ថា​គ្មាន​ទោស​ក៏​មានការ​បំពា​បំពាន​សិទ្ធិ​និង​ដែរ​ ហើយ​សិទ្ធិ​មិន​ត្រូវ​បាន​បង្ខិតបង្ខំ​សារភាព​ពពី​ពិរុទ្ធភាព​ បង្ហាញ​ពី​ការ​ការពារ​ដូច​ជា​សិទ្ធិ​ត្រូវ​បង្ហាញ​ភស្តុ​តាង​ជាដើម​។​»

​លោក​ ហ៊ុន​ ស៊ា​ង​ហាក់​ បញ្ជាក់​ថា​ លើស​ពី​នេះ​ សិទ្ធិ​អនីតិជន​ ឬ​ជនជាប់ចោទ​ជា​អនីតិជន​ មាន​ ៣៥​ នាក់​ មិន​ទទួល​បានការ​គោរព​ លើកលែង​អនីតិជន​ពីរ​នាក់​ប៉ុណ្ណោះ​។​

​លោក​ ហ៊ុន​ ស៊ា​ង​ហាក់​៖​ «​សំខាន់​មួយទៀត​សិទ្ធិ​ទទួល​បាន​សេចក្តីសម្រេច​ដែល​មាន​សំអាង​ហេតុ​អាហ្នឹង​ក៏​មាន​បញ្ហា​ដែរ​។​ ទាក់ទង​អនីតិជន​ក៏​នូវ​មិន​ទាន់​មានការ​គោរព​ សិទ្ធិ​អនីតិជន​ជាប់ចោទ​ អនីតិជន​ឲ្យ​បាន​ពេញលេញ​ដែរ​ ជា​ពិសេស​ការ​បំពា​បំពាន​ទៅ​លើ​ឯកជន​ភាព​របស់​ជនជាប់ចោទ​។​»

​ទោះបី​យ៉ាងណា​ លោក​ ហ៊ុន​ ស៊ា​ង​ហាក់​ អះអាង​ថា​ របាយការណ៍​ CCHR​ រក​ឃើញ​ថា​ ចៅក្រម​សាលាឧទ្ធរណ៍​គោរព​យ៉ាង​ល្អ​ចំពោះ​សិទ្ធិ​មនុស្ស​ទទួល​បានការ​ជំ​ម្រះ​។​ ចៅក្រម​គោរព​សិ​ទិ្ធ​ទទួល​បានការ​ជំ​ម្រះ​ រួម​មាន​ ការ​ការពារ​វិនិច្ឆ័យ​ទោស​ពីរ​ដង​ចំពោះ​បទល្មើស​ដដែល​ និង​អានុភាព​ប្រតិសកម្ម​នៃ​ក្រមព្រហ្មទណ្ឌ​ សិទ្ធិ​យល់​ដឹង​ពីរ​ប្រភេទ​ និង​មូលហេតុ​នៃ​ការ​ចោទប្រកាន់​ សិទ្ធិ​មាន​ពេលវេលា​ និង​មធ្យោបាយ​គ្រប់គ្រាន់​ ដើម្បី​រៀបចំ​ការពារ​ក្តី​ រួម​ទាំង​សិទ្ធិ​ទទួល​បានការ​ប្រកាសសេចក្តី​សម្រេច​ជា​សាធារណៈ​។​

​របាយការណ៍​សង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ ស្តី​ពី​«​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​ ការ​សង្កេត​សវនាការ​នៅ​សាលាឧទ្ធរណ៍​»​ ដែល​តាម​ឃ្លាំមើល​សវនាការ​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ រហូត​ដល់​ថ្ងៃ​ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០១៧​។​

​ជុំវិញ​របាយការណ៍​នេះ​ លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ អះអាង​ថា​ ក្រុមការងារ​កំណែ​ទម្រ​ង​ប្រព័ន្ធ​ច្បាប់​នឹង​ពិនិត្យ​មើល​របា​យក​រណ៍​នេះ​ដើម្បី​កែ​លម្អ​ ប៉ុន្តែ​លោក​មិន​ទាន់​ជឿ​ទុកចិត្ត​ចំពោះ​របាយការណ៍​នេះ​មាន​ភាព​សុ​ក្រឹត្យ​កំរិត​ណា​ឡើយ​។​

​អ្នកនាំពាក្យ​រូប​នេះ​ ចោទ​ជា​សំនួ​រថា​ តើ​របាយការណ៍​នេះ​មានការ​ចូលរួម​ពី​ចៅក្រម​ និង​អ្នក​ពាក់ព័ន្ធ​បាន​កម្រិត​ណា​?

​លោក​ ជិន​ ម៉ា​លី​ន​៖​ «​យើង​ក៏​នៅ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​របៀប​ និង​វិធីសាស្ត្រ​នៃ​ការ​ធ្វើ​អង្កេត​របស់​គាត់​និង​ដែរ​។​ប៉ុន្តែ​យើង​នឹង​ធ្វើការ​ជួប​គ្នា​ ពិភាក្សា​ជាមួយ​គាត់​ដើម្បី​បាន​ យល់​ច្បាស់​ពី​វិធីសាស្ត្រ​របស់​គាត់​ បើ​វិធីសាស្ត្រ​នឹង​មិន​ប្រើ​ច្បាស់​ត្រឹមត្រូវ​ មិន​អ្នកជំនាញ​ធ្វើ​ការងារ​នេះ​ច្បាស់​លា​ល់​ទេ​ ហើយ​វិធីសាស្ត្រ​មិន​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ទេ​ របាយការណ៍​ចេញ​មក​ទៅ​ជា​មិន​អាច​យក​ជា​ការ​បាន​ មាន​ភាព​លម្អៀង​ ហើយ​វា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​។​»

​បើ​តាម​ លោក​ ហ៊ុន​ ស៊ា​ង​ហាក់​ អ្នកសម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​ CCHR​ ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ និង​អ្នក​ពាក់ព័ន្ធ​ធ្វើការ​រួម​គ្នា​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​ដំណាក់កាល​ជំនុំ​ជម្រះក្តី​នៅ​សាលាឧទ្ធរណ៍​៕

Share

Image
Image
Image