en     km
en     km

កម្ពុជានៅតែលើកទឹកស្ត្រីក្នុងក្របខណ្ឌកងរក្សាសន្តិភាពមួកខៀវ

Share

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងថាការបញ្ជូនទ័ពទៅក្រៅប្រទេសក្នុងក្របខណ្ឌកងរក្សាសន្តិភាពអង្គការសហប្រជាជាតិត្រូវតែមានស្ត្រី ទោះបីចំនួនស្រ្ដីមិនមានលើសកងកម្លាំងបុរសក៏ដោយ។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅក្នុងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អាគារហ្វឹកហ្វឺន ជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំ នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច  នៅព្រឹកថ្ងៃអង្គារ ទី១២ ធ្នូនេះ។

ក្នុងឱកាសនេះ ប្រមុខរដ្ឋាភិបាលបានលើកឡើងថា កម្ពុជា ក៏មានស្រ្តីជាកងទ័ពមួកខៀវដែរ ដែលបានទៅ បំពេញបេសកកម្ម នៅប្រទេសជាច្រើន។ តែសម្ដេចថា ពេលខ្លះកម្ពុជាគិតថា តំបន់ខ្លះស្រី្តមិនអាចប្រឈមបានដូចបុរសទេ។ តែបើដូចប្រទេសគេ គឺអាចធ្វើបានដោយ ច្រើនជាង ទ័ពបុរសទៅទៀត។

សម្ដេចថាប្រទេសខ្លះគេអួតថា ប្រទេសមានស្ត្រីជាកងទ័ពមួកខៀវច្រើនជាងបុរសតែចំនួននោះ ហាក់នៅមិនទាន់សមរម្យច្រើនទេ។

យោងតាមរបាយការណ៍មួយរបស់អ្នកគ្រប់គ្រងកងទ័ពកម្ពុជា គឺ ក្នុងរយៈពេល ១១ឆ្នាំ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនទៅក្រៅប្រទេសបានចំនួនជិត ៥០០០នាក់ ក្នុងនោះកងទ័ពស្ត្រីមានចំនួន ២០២នាក់។

ប្រទេសដែលកម្ពុជាបញ្ជូនកងទ័ពមួកខៀវទៅមានចំនួន ៨ប្រទេស រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល សឺរី សាយប្រឹស ម៉ាលី និងប្រទេសឆាត។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

 

 

 

 

 

Share

Image
Image
Image