en     km
en     km

អង្គការជាតិនិងអន្ដរជាតិចំនួន៩៥ស្នើបញ្ឈប់ការដាក់ទណ្ឌកម្មមេដឹកនាំសហជីពតែមន្ត្រីយុត្តិធម៌ថា ត្រូវប្ដឹងឧទ្ធរណ៍

Share

មជ្ឈមណ្ឌលសម្រាប់សម្ព័ន្ធសិទ្ធិមនុស្ស និងការងារ នៅថ្ងៃទី ២៤ធ្នូ បានបង្ហោះនូវប្រកាសរួមរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិចំនួន ៩៥ តាងនាមខ្លួនជាហត្ថលេខីមួយ ធ្វើការទាមទារឱ្យមានការបញ្ឈប់ជាបន្ទាន់ការដាក់ទណ្ឌកម្មលើសហជីពលេចធ្លោ៦រូប ទាក់ទិននឹងរឿងរ៉ាវបាតុ កម្មផ្លូវវេងស្រេង។ ករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានផ្ដល់អនុសាសន៍ឱ្យមេដឹកនាំសហជីពប្ដឹងទៅសាលាឧទ្ធរណ៍។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

ករណីនេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច កាលពីថ្ងៃ ១៤ ធ្នូ ឆ្នាំ២០១៨ ចំពោះ សហជីព៦រូប ដែលរួមមាន លោក អាត់ ធន់ លោក ជា មុន្នី អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និង លោកស្រី ម៉ម ញឹក ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និង ៦ខែ តែជំនួសវិញដោយការព្យួរទោស និង សំណងរួម ៣៥ លានរៀល ជាការសងដើមបណ្ដឹងរដ្ឋប្បវេណី។

មេដឹកនាំសហជីពទាំងនោះរងបទចោទ ផ្ដើមគំនិត ក្នុងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស បទគំរាមកំហែងនឹងធ្វើឱ្យភ្ជាប់នូវបញ្ហាអ្វីមួយ និង បទបង្កឱ្យមានការស្ទះចរាចរណ៍ក្នុងព្រឹត្តិការណ៍នោះ អង្គការទាំងនោះបានអង្កេតឃើញថា សវនាការធ្វើឡើងដោយគ្មានសក្ខីកម្ម និង សាក្សីណាម្នាក់បានឃើញអ្នកទាំងនោះប្រព្រឹត្តបទល្មើសឡើយ។

ប្រកាសរួមរបស់អង្គការទាំងនោះ បានកត់សម្គាលថា តុលាការបានកំណត់ឱ្យនៅក្រៅឃុំ តាំងពីនីតិវិធីដំបូងនៃការចោទប្រកាន់មកម្ល៉េះ ពោលគឺរាប់ពីឆ្នាំ២០១៤មក តែរហូតមកដល់ឆ្នាំ២០១៨ នៅថ្ងៃ៧ ធ្នូ គឺឃើញមានទម្រង់មួយស្រដៀងនឹងអន្ដរាគមន៍ ឬ បញ្ជា ពនាយករដ្ឋមន្រ្ដីទៅកាន់ក្រសួងការងារ​និង វិជ្ជាជីវៈ និង ក្រសួងយុត្តិធម៌ ឱ្យធ្វើការបញ្ចប់ឱ្យឆាប់នូវករណីសហជីពទាំង៦រូបនោះ។អង្គការទាំងនោះ បានថ្កោលទោសទៀតថា ការពន្យាពេលក្នុងរឿងក្ដីនេះ គឺជាចេតនាយាយីដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល។

ទោះបីជាសេចក្ដីសម្រេចរបស់តុលាការមិនឱ្យមានទណ្ឌកម្មជាប់ពន្ធនាគារក៏ដោយក្ដី អង្គការទាំងនោះសម្លឹងឃើញថា ការព្យួរទោសសាកល្បងប្រាំឆ្នាំស្មើនឹងមួយអាណត្តិនៃរដ្ឋសភាថ្មីមកដល់ គឺ ហាក់បីដូចជារឿងគាប់ជួន ហើយបារម្ភខ្លាចតែនឹងមានទម្រង់នៃការចោទប្រកាន់បទព្រហ្មទណ្ឌណាទៀត បើមានច្បាប់ថ្មី និង ក៏ដូចជាការបាត់បង់តំណែងរបស់ពួកគេ ដូចដែលច្បាប់ការងារបានចែង។

លិខិតប្រកាសរួមនោះ អង្គការទាំង៩៥ នៃបណ្ដាប្រទេសចំនួន ២៤ ស្នើឱ្យទម្លាក់បទចោទទៅកាន់សហជីពទាំង៦រូបនោះ និង បើកឱ្យមានលំហូរសេរីភាពអង្គការសង្គមស៊ីវិល។

ប្រធានសហភាពសហជីពពាណិជ្ជកម្មអន្តរជាតិ លោកAyuba Wabbaនិងលោកស្រីអគ្គលេខាធិការ Sharran Burrowកាលពីថ្ងៃសុក្រទី ២២ ធ្នូ បានផ្ញើលិខិតមួយច្បាប់ទៅកាន់សម្ដេចនាយករដ្ឋមន្រ្ដី ថា ការកាត់ទោសមេសហជីពទាំង៦រូបនេះ ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញដល់ក្រុមមេដឹកនាំសហជីពកម្មករ និងប៉ះទង្គិចធ្ងន់ធ្ងរដល់វិស័យពាណិជ្ចកម្ម កម្មករ និងសេដ្ឋកិច្ចរបស់ប្រទេស ស្របពេលដែលកម្ពុជាស្ថិតក្នុងក្រសែភ្នែកនៃការដក ឬ មិនដកការអនុគ្រោះពន្ធនាំចូលផងពីសហភាពអឺរ៉ុប ហៅកាត់ថា EBAនោះ។

ទាក់ទិនការស្នើសុំរបស់អង្គការជាតិនិងអន្តរជាតិជិត១០០នេះ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជីនម៉ាលីន បាននិយាយក្នុងបទសម្ភាសជាមួយ វិទ្យុស្ត្រីថា ជាការពិតនេះជា សាលក្រមរបស់សាលាដំបូង ហើយ បើមិនទទួលយកសេចក្ដីសម្រេច គឺមេដឹកនាំសហជីពមានសិទ្ធិប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីជំនុំជម្រះក្ដី ឡើងវិញ ។

លោក បន្ថែមថា ទោះជា សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ចេញការយល់ឃើញ គឺជាសិទ្ធិរបស់នាយករដ្ឋមន្ត្រី តែលោកថា សេចក្ដីសម្រេចគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។

គួររំលឹកឡើងវិញថា អ្នកទាំង៦ ត្រូវបានគេចោទប្រកាន់ ទាក់ទងនឹងករណីតវ៉ាទាមទារតំឡើងប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែកាលពីចុងឆ្នាំ ២០១៣ រហូតដើមឆ្នាំ ២០១៤ ដែលកាលនោះមនុស្ស៤នាក់បានស្លាប់​ ១នាក់បានបាត់ខ្លួន  ៣៨ នាក់រងរបួស  និង​មនុស្ស ២៣នាក់ត្រូវបានចាប់ខ្លួន បូករួមទាំងសហជីពមួយចំនួនផង នៃព្រឹត្តិការណ៍តវ៉ាដ៏ធំមួយក្រោយការបោះឆ្នោតសភានីតិកាលទី៥៕

(អត្ថបទ៖ ឆោមពៅនិកា)

 

 

Share

Image
Image
Image