en     km
en     km

កម្ពុជានឹងធ្វើសមយុទ្ធបាញ់ទ្រង់ទ្រាយធំមុនមួយថ្ងៃនៃការមកដល់របស់លោក សម រង្សី

Share

ក្រុងភ្នំពេញ៖ កម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ ដែលជាលំហាត់យុទ្ធវិធីបាញ់គ្រាប់ពិត នៃក្រុមវរសេនាតូចថ្មើរជើង នាដើមខែវិច្ឆិកា ឆ្នាំ ២០១៩ ស្របពេលដែលលោក សម រង្សី ប្រកាសវិលចូលស្រុកក្រោយមួយថ្ងៃនៃការធ្វើសមយុទ្ធនេះ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សដាក់ការព្រួយបារម្ភថា អាចនឹងធើ្វឲ្យមានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្របក្សប្រឆាំង និង កងកម្លាំងរដ្ឋាភិបាល។

លោក សេរីវឌ្ឍនៈ លម្អិតជូនព័ត៌មាននេះ៖ 

យោធភូមិភាគទី៥នៅខេត្តបាត់ដំបង នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ គឺជាលំហាត់យុទ្ធវិធីបាញ់គ្រាប់ពិតដែលបង្ហាញពីការ វាយលុករបស់ «យោធិភូមិភាគទី ៥ ប្រចាំឆ្នាំ ២០១៩» នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ០៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។

ប៉ុន្តែ បើយោងតាមមន្រ្តីយោធភូមិភាគទី ៥ បានថ្លែងតាមរយៈសាអេឡិចត្រូនិចជាមួយអ្នកកាសែតក្នុងស្រុកមួយនារសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៩ នេះ គឺយោធានៃយោធភូមិភាគទី ៥ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅទីលានបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំថ្ងៃ ០៨ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយការបាញ់គ្រាប់ពិតនេះនឹងប្រព្រឹត្តិឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។

ប្រសិនបើគ្មានការប្រែប្រួលនោះទេ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនេះនឹងប្រព្រឹត្តិឡើង ដោយសមយុទ្ធបាញ់គ្រាប់ពិតៗ នូវប្រភេទអាវុធមាន DKZ75 កាំភ្លើង គាំទ្រត្បាល់ កាំភ្លើងបាញ់យន្តហោះ 23 mm កាំភ្លើង 12,7mm លើរថពាសដែកនិងថ្មើរជើងមានប្រភេទអាវុធអាកាបេ 40 ដើម។

យ៉ាងណា ការធ្វើសមយុទ្ធយោធានេះ គឺធ្វើឡើងមុនមួយថ្ងៃនៃពិធីបុណ្យឯករាជ្យជាតិ គឺថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ហើយមុនមួយថ្ងៃនៃការមកដល់របស់លោកសមរង្ស៊ីប្រធានស្ដីទីនៃ​អតីត​គណ​បក្ស​សង្រ្គោះជាតិ។

ថ្មីៗនេះ លោក សម រង្សី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានប្រកាសពីដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជាឡើងវិញចំថ្ងៃ ០៩ វិច្ឆិកា ឆ្នាំ ២០១៩។ មតិខ្លះបានលើកឡើងថា ចេតនានៃការប្រកាសការធ្វើសមយុទ្ធមុនមួយថ្ងៃនៃដំណើរវិលចូលស្រុករបស់ប្រធានស្តីទីបក្សប្រឆាំងនេះ គឺដើម្បីឃាឃាំង និង កម្លាមិនឲ្យលោកសមរង្សីហ៊ានចូលស្រុក។ 

ដើមហេតុ នេះ ត្រូវបានមន្រ្តីដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សដាក់ក្តីកង្វល់ និង ព្រួយបារម្ភពីសុវត្ថិភាពរបស់អ្នកគាំទ្របក្សប្រឆាំង ដែលអាចនឹងមានការប៉ះទង្គិចណាមួយកើតឡើងរវាងកងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលនិងអ្នកទៅគាំទ្រលោកសមរង្ស៊ី។

លោក សឹង សែនករុណា អ្នកនាំពាក្យនៃអង្គការសិទ្ធិមនុស្សអាដហុក បាននិយាយនៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា លោកមានក្តីកង្វល់ និង ព្រួយបារម្ភ  ដែលលោកមិនដឹងថានេះគឺជាចេតនាក្នុងការកម្លាច លោក សមរង្ស៊ី មិន ឲ្យវិលចូលស្រុក ឬ ក៏ជាចេតនា ក្នុងការពង្រឹងសមត្ថភាពកងទ័ពនោះទេ។

ប៉ុន្តែលោកថា ការធ្វើសមយុទ្ធនេះ អាចនឹងប៉ះទង្គិចដល់ក្រុមអ្នកគាំទ្របក្សប្រឆាំង ប្រសិនបើវត្តមានលោក សម រង្ស៊ី វិលចូលស្រុកចំថ្ងៃដែលលោកបានសន្យា។

លោក សឹង សែនករុណា បន្តថា៖ «ខ្ញុំមានការព្រួយបារម្ភ ក្នុងរឿងហ្នឹង ពីព្រោះយើងដឹងហើយថាយើងមានគណបក្សនយោបាយជំទាស់ដែលមានគម្រោងក្នុងការវិលត្រឡប់មកកម្ពុជា ហើយយើងឃើញថាមានភាគីម្ខាងដែលខាងរដ្ឋាភិបាលលោកមានកម្លាំងប្រដាប់អាវុធ ហើយការធ្វើសមយុទ្ធយោធា យើងខ្លាចថាក្រែងលោវាមិនមែន ហើយប្រសិនបើមានការប្រើប្រាស់អំពើហឹង្សា ប្រដាប់អាវុធដើម្បីទប់ស្កាត់ការមកដល់របស់មេដឹកនាំបក្សប្រឆាំង និង ចលនាប្រជាជនវាអាចធ្វើឲ្យមានហឹង្សាកើតឡើង។ »

លោកថា ក្នុងនាមជាមន្រ្តីជាន់ខ្ពស់នៃអង្គការដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស លោក​មិនចង់ឲ្យមានបញ្ហាទាំងនេះកើតឡើងនោះទេ។

មកដល់ពេលនេះ វិទ្យុស្រ្តីមិនទាន់ទាក់ទងបានទេពី អ្នកនាំពាក្យក្រសួងការពារជាតិគឺនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ដោយហៅចូលតែពុំមានអ្នកទទួល។

ប៉ុន្តែបើតាមរយៈសារអេឡិចត្រូនិចរបស់ មន្រ្តីយោធាខាងលើ ការធ្វើសមយុទ្ធនេះ គឺក្នុងគោលបំណងតែមួយគត់ក្នុងការពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ហើយប្រព្រឹត្តទៅជាងរៀងរាល់ឆ្នាំ ដោយស្របតាមគោលការកំណែទម្រង់របស់ក្រសួងការពារជាតិ លើវិស័យកងទ័ពឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀតក្នុងការការពារបូរណភាពទឹកដី។

ចំពោះវត្តមានរបស់លោកសមរង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា គឺជារឿយៗ សម្តេច ហ៊ុន សែន តែងព្រមានថា ប្រសិនបើលោក សម រង្សី ហ៊ានវិលចូលស្រុកមិនថាតាមផ្លូវអាកាស ឬ តាមព្រំដែន នោះលោកនឹងត្រៀមកាំភ្លើងយន្ត និង ខ្នោះដៃស្វាគមន៍មេបក្សប្រឆាំងរូបនេះ។

លោកសមរង្ស៊ី បានប្រកាសពីប្រទេសអូស្ត្រាលីមកថា ការវិលមកវិញរបស់លោក គឺសំខាន់ជាងអាយុ​ជីវិត​លោកទៅទៀត៕

Share

Image
Image
Image