loader

អាជីវករនៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ព្រួយបារម្ភពីកាធ្លាក់ចុះនូវភ្ញៀវទេសចរ

សៀមរាប៖ប្រាសាទកោះកេរ្តិ៍ គឺជា​រាជធានី​ចាស់​បុរាណមាន​អាយុប្រមាណ​ជាង ១០០០​ឆ្នាំ មក​ហើយ​។ បច្ចុប្បន្ន តំបន់ប្រវត្តិសាស្រ្ដនេះ  មិនសូវមានភ្ញៀវទេសចរ ចាប់អារម្មណ៍ច្រើនទេ ដែលហេតុធ្វើអោយពលរដ្ឋមួយចំនួនជាពិសេសស្ត្រីមានមុខរបរលក់ដូរនៅទីនោះ បារម្ភខ្លាចមិនមានភ្ញៀវទេសចរមកលេងកំសាន្ដបានច្រើន។

កញ្ញា ជុំ ជោគជាតា ជូនបទយកការណ៍នេះ!

ប្រាសាទកោះកេរ្ដិ៍ រូបភាព ដោយ កញ្ញា ជាតា

 

ប្រាសាទកោះកេរ្ដិ៍ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរ្ដិ៍មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ដោយឡែកពីរាជធានីភ្នំពេញ គឺមានចម្ងាយ ៤៦០គីឡូម៉ែត្រ។

កាលពីឆ្នាំមុនៗប្រាសាទនេះ យ៉ាងហោចណាស់ក្នុងមួយថៃ្ង មានភ្ញៀវទេសចរណ៍បរទេស ពី ២០ ទៅ៤០នាក់ ដែលបានទៅទស្សនាតំបន់ប្រវត្តិសាស្រ្តនេះ ដែលមិននិយាយពីភ្ញៀវទេសចរណ៍ក្នុងស្រុកផងទេ។ ប៉ុន្ដែនៅឆ្នាំ ២០១៨នេះ ចំនួនភ្ញៀវទេសចរដែលមកកំសាន្ដនៅរមណីយដ្ឋាននេះ គឺបានធ្លាក់ចុះគួរអោយកត់សម្គាល់។ នេះបើតាមឱ្យដឹងពីអាជីវករដែលលក់ដូរនៅទីនោះ។

អ្នកស្រី នីដា អាជីវករលក់សំលៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ នៅបរិវេណរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ បានឱ្យដឹងថា នៅឆ្នាំនេះ មិនសូវមានភ្ញៀវទេសចរមកលេងកំសាន្ដច្រើននោះទេ ។ ពិសេស គឺ នៅរយៈពេល ២ទៅ ៣ខែនេះ។

អ្នកស្រី នីដា ៖«ស្ងាត់តាស់ គេហៅប្រជុំថ្ងៃមុនថា ២ ៣ ខែនេះ ធ្លាក់ភ្ញៀវ(បរទេស) សំបូរតែខ្មែរយើងទេដែលមកទិញ…»។

នៅមិនឆ្ងាយប៉ុន្មានពីអាជីវករនេះ លោក ភារម្យ បានឱ្យដឹងដែរថា៖«មួយរយៈនេះ ស្ងាត់ ពិបាករកស៊ីដែរ»។

តាមអោយដឹងពីយុវជនរូបនេះ ភ្ញៀវទេសចរកមកកំសាន្ដច្រើន គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយអ្វីដែលលក់ដាច់ជាងគេ គឺ សំលៀកបំពាក់បែបប្រពៃណីខ្មែរ។

លោក ភារម្យ ៖«នៅនេះ ឥវ៉ាន់ខោអាវដាច់ច្រើនជាងគេ ដោយសារភ្ញៀវទេសចរបរទេសចូលចិត្តទិញ ដូចជាថ្ងៃសៅរ៍អាទិត្យ អាចដាច់បាន ៤ ទៅ ៥កំប្លេរដែរ …»

ទៅជួបជាមួយអាជីវករមួយរូបទៀត អ្នកស្រី លន់ ស៊ីណាបានឱ្យដឹងដែរថា៖«ភ្ញៀវទេសចរភាគច្រើនមានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ តែថ្ងៃអាទិត្យខ្លះក៏អត់សូវមានដែរ ឆ្នាំនេះអត់សូវមានទេ ព្រោះភ្ញៀវធ្លាក់ច្រើន »។

តាមអោយដឹងពីអាជីវកររូបនេះ នៅថ្ងៃដែលភ្ញៀវទេសចរមកលេងប្រាសាទកោះកេរ្ដិ៍ច្រើន គឺ គាត់អាចលក់ដាច់វត្ថុអនុស្សាវរីយ៍បានពី ៥០ ទៅ ៦០ម៉ឺនរៀល ក្នុងមួយថ្ងៃ កាលពីឆ្នាំមុន។

អ្នកស្រី លន់ ស៊ីណា៖«ជាធម្មតាមានចាប់ពីខែ ១០ រហូតដល់ខែ២ មានភ្ញៀវបរទេសច្រើន តែរហូតមកដល់ពេលនេះអត់មានផង មានតែខ្មែរយើងដើរលេងតិចតួច»។

ទាំងអ្នកស្រី លន់ ស៊ីណា ក៏ដូចជាអាជីវករដទៃទៀតដែលលក់ដូរ នៅរមណីយដ្ឋានប្រាសាទកោះកេរ្ដិ៍ បានសំនូមពរអោយភ្ញៀវទេសចរមកលេងអោយបានច្រើននៅតំបន់នេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេពីកម្រៃដែលរកបានពីការលក់ដូរ ជាជាងធ្វើចំការស្រែ និងចំណាកស្រុក។

ទាក់ទិនរឿងនេះ ភ្នាក់ងារទេសចរណ៍មួយរូប អ្នកស្រី សូ ធឿន បានឱ្យដឹងថា មិនខុសពីការលើកឡើងប៉ុន្មានពីពលរដ្ឋដែលជាអាជីវករនៅទីនេះទេ គឺភ្ញៀវទេសចរមិនសូវមានអ្នកមកលេងពិតមែន ដែលខុសកាលពីឆ្នាំ ២០១៧ ។

អ្នកស្រី សូ ធឿន៖«កាលពីឆ្នាំ២០១៧ មានភ្ញៀវច្រើនជាង ឆ្នាំ២០១៨ និយាយជាក់ស្ដែង២០១៨ ភាគច្រើនភ្ញៀវចិន រុស្ស៊ី ហើយ​និងអឺរ៉ុប ។ ភ្ញៀវខ្មែរគឺទូទៅតែម្ដងមករាល់ថ្ងៃ គ្រាន់តែតិច និងច្រើន »។

តាមឱ្យដឹងពីអ្នកស្រី សូ ធឿន គឺចង់អោយភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកលេងអោយបានច្រើននៅ ប្រាសាទកោះកេរ្ដិ៍នេះ។

អ្នកស្រី សូ ធឿន ៖«គ្រាន់តែចង់អោយភ្ញៀវមកច្រើន ពិសេសគឺភ្ញៀវបរទេស ដូចថា អោយអ្នកលក់ដូរគាត់រកបានផង ហើយម្យ៉ាងទៀតគាត់មកលេងអោយច្រើនចឹងទៅ បានចំណូលចូលជាតិយើងផង»។

តាមវីគីភីឌា ប្រាសាទកោះកេរ្តិ៍បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រក្រឡា រួមមាន៩៨ប្រាសាទ។ សម្រាប់ប្រាសាទកោះកេរ្ដិ៍ គឺ​មាន ៧ជាន់ និងមានកំពស់ ៣៥ម៉ែត្រ ។

ប្រាសាទ​នៅ​តំបន់​កោះ​កេរ្តិ៍​ភាគច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ក្នុង​សតវត្សរ៍​ទី​១០ (៩២៨-៩៤២)​។ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ទ្រង់​បាន​ធ្វើការ​ផ្លាស់​ប្តូរ​រាជធានី​ពី​យ​សោ​ធ​បុ​រៈ (​អង្គរ​) ទៅ​តំបន់​កោះ​កេរ្តិ៍ ។ មូលហេតុ​នៃ​ការ​ដោះ​ដូរ​រាជធានី​នេះ ប្រហែលជា​មាន​ច្រើន ប៉ុន្តែ​គេ​អាច​ដឹង​ត្រឹម​ថា​ទ្រង់​ជា​ស្តេច​ជ្រែករាជ្យ​ក្មួយ​ប្រុស​របស់​ខ្លួន គឺ​បុត្រ​របស់​ព្រះបាទ​យ​សោ​វរ្ម័ន​។

ប្រាសាទដែលកសាងតាំងពីសម័យបុរាណនេះ គឺបាន​ស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការUNESCO ចាប់តាំងពីឆ្នាំ ១៩៩២ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកស្រី យែម រុន ចូលរួមកាត់បន្ថយមេរោគក្នុងទឹកកង្វក់តាមរយៈវារីជាតិ

បទយកការណ៍៖អ្នកដាំត្រកួនរស់នៅក្បែរទឹកកង្វក់អាច[...]

ប្រវត្តិសាស្ត្រ៖ល្បិចធ្វើសង្គ្រាមរបស់ស្ដេចកននិងការលួចធ្វើគត់ព្រះបាទច័ន្ទរាជាមិនបានសម្រេច 

ព្រះសេ្ដចកន និងព្រះបាទច័ន្ទរាជា មិនជាប់សែលោហិ[...]

រាជសារព្រះអង្គឌួង៖អាណា្ណមជាមិត្តចិត្តមិនស្មោះចងមិត្តជាមួយកម្ពុជាលុកលុយយកខេត្តកម្ពុជាម្ដងមួយៗ

ប្រវត្តិសាស្រ្ដ៖ ព្រះអង្គឌួងបានគ្រងរាជ្យនៅវាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត