loader

កម្ពុជាខំធ្វើឱ្យល្អសេរីភាពនយោបាយ ហើយភូមាខំកែទម្រង់សេដ្ឋកិច្ចខណៈEBA នឹងធ្លាក់ចុះឆាប់ៗនេះ

ប្រទេសកម្ពុជា និងប្រទេសភូមា(មីយ៉ាន់ម៉ា) កំពុងដើរលើផ្លូវពី ដែលជាផ្លូវគ្រោះថ្នាក់ អាចនឹងត្រូវបានសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ។ សហភាពអឺរ៉ុប ជម្រុញជាខ្លាំងដល់កម្ពុជានិងភូមាអោយធ្វើតាមតម្រូវការរបស់ខ្លួន ចៀសវាងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសទាំងនេះ  ។ មកដល់ពេលនេះ កម្ពុជាបានបង្ហាញជំហរនយោបាយទន់ភ្លន់ ខណៈដែលភូមាកំពុងមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ចឡើងវិញ ។តែយ៉ាងណា ពេលវេលា​ដែល​សហភាពអឺរ៉ុបដកប្រព័ន្ធEBAរបស់ប្រទេសពីរនេះកាន់តែជិតចូលមកដល់ហើយ។

លោក សោម លាភ រាយការណ៍៖

​តាមការចុះផ្សាយលើគេហទំព័រ Asian Nikkei review  បញ្ជាក់ថា កាលពីខែឧសភា គណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយនូវការដកប្រព័ន្ធអនុ គ្រោះ ពន្ធEBAរបស់ ប្រទេសទាំងពីរ គឺប្រទេសកម្ពុជា និងភូមា ក្នុងការទទួលបានការនាំចូលទៅអឺរ៉ុបដោយមិនគិតពន្ធ ។

លោកស្រី Cecilia Malmstrom បញ្ជាក់ថា សហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពណាមួយជាការឆ្លើយតបទៅនឹងការដែលប្រទេសណាមួយមិនយកចិត្តទុកដាក់ទៅលើគោលនយោបាយពាណិជ្ជកម្មរបស់អឺរ៉ុប ។

កាលពីខែធ្នូ ឆ្នាំ ២០១៨ សមាជិកសភាកម្ពុជា ៨៧ រូបបានស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលអាចផ្ដល់លទ្ធភាពឱ្យមន្ត្រីអតីតគណបក្សប្រឆាំងមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ក្រោយពីតុលាការកំពូលបានសម្រេចចេញដីការបំបិទសិទ្ធិនយោបាយដល់មន្ត្រី ១១៨ រូប រយៈពេល ៥ ឆ្នាំ​ និងរំលាយគណបក្សនេះចោល  ។ យ៉ាងណា វិសោធនកម្មនោះ បានចូលជាធរមានក្រោយការចុះព្រះហស្ថលេខាដោយព្រះមហាក្សត្រកម្ពុជានៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩ ។

កាសែតបរទេសនេះចុះបញ្ជាក់ថា ការបោះឆ្នោតសភានីតិកាលទី ៦ នៅកម្ពុជា បានដោយសារការកាន់អំណាចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងដំណើរការនេះបានជោគជ័យ ហើយទទួលបានជ័យជំនះលើសលុប ពោលគឺទទួលបានអាសន្នៈក្នុងរដ្ឋសភាទាំងអស់  ពីការបោះឆ្នោតដ៏ចម្រោងចម្រាស់ ។

ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលទើបតែចូលជាធរមាន គឺតម្រូវឱ្យអ្នកដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយ ដាក់ពាក្យស្នើទៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬដាក់ពាក្យស្នើថ្វាយទៅព្រះមហាក្សត្រផ្ទាល់ ។

កាសែតនេះចោទជាសំណួរថា តើការវិសោធនកម្មច្បាប់នេះ អាចផ្ដល់នីតិសម្បទាដល់លោក កឹម សុខា ធ្វើនយោបាយដែរឬទេ ?

ដោយឡែកចំពោះប្រទេសភូមា មិនអាចធ្វើយ៉ាងណាដោយខ្លួនឯងដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់សហភាពអឺរ៉ុបនោះទេ ។

កាលពីខែវិច្ឆិកា ភូមាគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណ ៧ សែននាក់ នៅប្រទេសបង់ក្លាដេស មកភូមាវិញ ដែលនេះជាការបង្ហាញទៅអន្តរជាតិ ថាជាការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ។ តែយ៉ាងណា ករណីនេះមិនទាន់កើតមាននៅឡើយទេ ព្រោះជនជនភៀសខ្លួនមិនព្រមវិលត្រឡប់មកវិញ ដោយសារមានការភ័យខ្លាចតាមរយៈការបៀតបៀនជាដើម ។

ជាមួយគ្នានេះ ប្រទេសភូមា កំពុងបន្ថែមការយកចិត្តទុកដាក់ទាក់ទាញការវិនិយោគរបស់បរទេសចូលប្រទេសខ្លួន ដើម្បីទូទាត់ផលប៉ះពាល់នៃទណ្ឌកម្មពីសហភាពអឺរ៉ុប ។

ក្រសួងផែនការ និងហិរញ្ញវត្ថុ របស់ប្រទេសនេះ បានប្រកាសកាលពីថ្ងៃពុធ អំពីផែនការមួយដើម្បីបើកទីផ្សារធានារ៉ាប់រងយ៉ាងខ្លាំងដល់មូលធនបរទេស ។

កាលពីខែវិច្ឆិកា ធនាគារកណ្តាលភូមា បានប្រកាសថាធនាគារបរទេសអាចផ្តល់កម្ចី និង សេវាហិរញ្ញវត្ថុផ្សេងទៀតដល់ធុរកិច្ចក្នុងស្រុកបាន​ ។

ប្រទេសភូមាបានបង្កើត ក្រសួងរវិនិយោគ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេស ជាភ្នាក់ងារដែលមានភារកិច្ចទាក់ទាញការវិនិយោគបរទេស ។

ប្រទេសទាំងពីនេះ គឺកម្ពុជា និងភូមា គឺធ្វើប្រតិបត្តិការក្រោមគម្រោងរបស់អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms=EBA)  របស់សហភាពអឺរ៉ុបដែលអនុញ្ញាតឱ្យប្រទេសនេះ នាំចេញទំនិញទាំងអស់លើកលែងតែអាវុធ ទៅទីផ្សារពាណិជ្ជកម្មរួមរបស់អឺរ៉ុប ដោយមិនគិតលើសេវាពន្ធគយ ។

តែយ៉ាងណា កម្ពុជាអាចនឹងត្រូវបានព្យួរការដកការអនុគ្រោះពន្ធនេះពីសហភាពអឺរ៉ុ​ប ។

គណៈកម្មការអឺរ៉ុបបានបញ្ជូនបេសកកម្មជាន់ខ្ពស់ ទៅភូមា ដើម្បីដឹងអំពីស្ថានភាពផ្សេងនៃប្រទេសនេះ ។

សហភាពអឺរ៉ុបគឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញសំលៀកបំពាក់ពីកម្ពុជា និងភូមា ។

ផលិតផលសម្លៀកបំពាក់កម្ពុជាបាននាំចេញទៅទីផ្សារបរទេសជាពិសេសអឺរ៉ុប មានប្រមាណ ៧០% និងផ្គត់ផ្គង់ក្នុងស្រុកប្រមាណ ២០% ។

ដោយឡែក ភូមា បាននាំចេញទំនិញទៅសហភាពអឺរ៉ុបក្នុងតម្លៃប្រមាណជា ១,​៥ ពាន់លាអឺរ៉ូ ឬស្មើនឹង ១.៧ ពាន់លានដុលា្លរ កាលពីឆ្នាំ ២០១៧ ដែលមានទំហំប្រហែលជា ៩ ដងនៃផលបូកនៃទឹកប្រាក់នៃការនាំចេញកាលពីឆ្នាំ ២០១១ ។

កម្ពុជា​ និងភូមា អាចនឹងមានចរន្តសេដ្ឋកិច្ចមិនល្អ ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះ ។ យ៉ាងណាមិញ ប្រទេសពីរនេះ បានដំឡើងប្រាក់ឈ្នួលអប្បរមានដល់កម្មកររោងចក្រផងដែរ  ។

ថ្មីៗ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការពិចារណាដកការអនុគ្រោះពន្ធពីកម្ពុជា គឺដោយសារតែកម្ពុជា មានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរហើយ ។

តែបែបនេះក្ដី អ្នកវិភាគនៅកម្ពុជា​ថា សេដ្ឋកិច្ចកម្ពុជានឹងមានស្ថានភាពអាក្រក់ ក្រោយការដកការអនុគ្រោះពន្ធនេះ ។ ពួកគេអះអាងថា នេះជាសម្ពាធអន្តរជាតិ ហើយមានតែសម្ពាធអន្តរជាតិនោះទេ ដែលអាចជម្រុញឱ្យស្ថានភាពនយោបាយនៅកម្ពុជាអាចវិលទៅរកភាពដូចដើមវិញបាន ។

មួយរយៈកាលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា​ ហាក់បង្ហាញជំហរនយោបាយទន់ភ្លន់មួយកម្រិត ។

ជាក់ស្ដែង ក្រសួងពាក់ព័ន្ធកម្ពុជា រួមទាំង រដ្ឋសភា បានចេញសេចក្ដីប្រកាស និងធ្វើសកម្មភាព ពាក់ព័ន្ធនឹងការបើកសិទ្ធិសេរីភាពដល់មន្ត្រីអតីតគណបក្សប្រឆាំង សម្លេងសង្គម ស៊ីវិល និងសម្លេងផ្សព្វផ្សាយឯករាជ្យ និងការដោះស្រាយវិវាទដីធ្លីជាដើម ។

មន្ត្រីជាន់ខ្ពស់របស់ស្ថាប័នកំពូលនៅកម្ពុជា​ រួមមានរដ្ឋសភា និងរាជរដ្ឋាភិបាលអះអាងថា គ្មានប្រទេសណាដាក់សម្ពាធដល់កម្ពុជានោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ទៅនឹងសហគមន៍អន្តរជាតិ សមម្ដេចហ៊ុន សែន មានប្រសាសន៍ម្ដងហើយម្ដងទៀតថា មិនយកអធិបតេយ្យកម្ពុជាទៅដូរជាមួយរឿងសេដ្ឋកិច្ចនោះទេ។

តែមជ្ឈដ្ឋានខ្លះ និងអ្នកសង្កេតការណ៍ ព្រមានថា សហភាពអឺរ៉ុបអាចនឹងដកហូតត្រឡប់​វិញ នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា អាចនឹងចាប់ពីគិតនៅចុងខែមីនា ឆ្នាំ២០១៩។

ចំណែកប្រទេសភូមា បានបញ្ជូនលិខិត ទៅសហភាពអឺរ៉ុប អោយពិចារណា​ឡើងវិញ​គឺ២ដង​មកហើយ តែសហភាពអឺរ៉ុប មិនបានឆ្លងតបជាវិជ្ជមានឡើយ ។ ប្រទេសនេះបាន​ទទួល​ប្រព័ន្ធអនុឡគ្រោះពន្ធ EBA នៅឆ្នាំ ២០១៣ ខណៈប្រទេសនេះ បោះបង់ចោល របប យោធានិយម ៕

អត្តបទដោយ៖ សោម លាភ

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត