en     km
en     km

សម្ដេច ហ៊ុន សែន រង់ចាំលោក សម រង្ស៊ីចូលកម្ពុជាយ៉ាងអន្ទះសារ

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំពោះមុខកម្មករកម្មការនីថា សម្ដេចរង់ចាំការវិលចូលកម្ពុជារបស់លោក សម រង្ស៊ី យ៉ាងអន្ទះសារ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអះអាងថា សមត្ថកិច្ចទទួលបានដីការចាប់ខ្លួនលោក សម រង្ស៊ី ពីតុលាការរួចរាល់ដែរ ។ បើទោះបីជាមជ្ឈដ្ឋានអ្នកវិភាគបង្ហាញការយល់ឃើញថា ការធ្វើបែបនេះបង្ហាញពីការព្រួយបារម្ភក្ដី ក៏មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធនឹងករណីនេះ ថាជាការអនុវត្តច្បាប់ ។

លោក សោម លាភ រាយការណ៍!

 

ការប្រកាសវិលចូលកម្ពុជាវិញ របស់ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី ជាហេតុការណ៍មួយធ្វើឱ្យមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានប្រកាសថាត្រៀមកម្លាំងចាំចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបបនេះ  រួមទាំងអ្នកទៅហែហមដែលគោលបំណងធ្វើឱ្យមានចលាចល ដោយសារឈ្មោះគណបក្សសង្គ្រោះ​ជាតិត្រូវបានរំលាយ ។

ការិយាល័យអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២២ ខែមករា  បានចេញសេចក្ដីថ្លែងការប្រកាសបែបនេះ ដោយនឹងចាត់វិធានការមិនរើសមុខឡើយ ក្រោមហេតុផលថាជាការមិនគោរពសេចក្ដីសម្រេចរបស់តុលាការ ។

កាលពីម្សិលមិញ សម្ដេច ហ៊ុន សែន ប្រកាសដោយឱ្យសិទ្ធិទៅកងទ័ពទាំងអស់អាចធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងក្រុមដែលធ្វើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា បើទោះបីជាឈានទៅដល់ការស្លាបក៏ដោយ  ។

មកដល់ថ្ងៃនេះ សម្ដេចបញ្ជាក់ទៀតនៅចំពោះមុខកម្មករកម្មការនីជាច្រើនពាន់នាក់នៅខេត្តកំពត ថា សម្ដេច បានរង់ចាំលោកសម រង្ស៊ី វិលចូលកម្ពុជាវិញ យ៉ាងអន្ទះសារ ។

កាលពីល្ងាចម្សិលមិញ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា សមត្ថកិច្ចបានទទួលដីការចាប់ខ្លួនលោក សម រង្ស៊ី រួចរាល់ហើយ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលគ្រប់គ្រងកងកម្លាំងនគរបាលទូទាំងប្រទេសរូបនេះ បញ្ជាក់ទៀតថា គណបក្សប្រជាជានកម្ពុជា មិនហាមឃាត់ការវិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី នោះទេ ។

អ្នកវិភាគថា ការថ្លែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការបង្រ្កាបអ្នកទៅហែហមលោក សម រង្ស៊ី គឺដោយសារតែមានការព្រួយបារម្ភនូវប្រជាប្រិយរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ ។

មន្ត្រីរដ្ឋាភិបាលតែងតែវាយប្រហារទៅលោក សម រង្ស៊ីថា ជាបុគ្គលក្រៅច្បាប់ ជាបុគ្គលមិនគោរពឆន្ទៈរាស្ត្រ ជាបុគ្គលមិនមែនជនជាតិខ្មែរឱ្យចំ ជាបុគ្គលដែលធ្វើអ្វីៗមិនមែនដើម្បីជាតិកម្ពុជាជាដើម ។

លោក សម រង្ស៊ី ជាអ្នកនយោបាយជើងចាស់ម្នាក់ មានប្រជាប្រិយភាពយ៉ាងខ្លាំង ។ អ្នកនយោបាយរូបនេះ រងបណ្ដឹង និងសេចក្ដីសម្រេចផ្តន្ទាទោសយ៉ាងច្រើនពីតុលាការកម្ពុជា ។

ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួនរូបនេះ មិនដែលស្គាល់ពាក្យថាជាប់គុកម្ដងណាឡើយ ។ ការធ្វើការតស៊ូធ្វើនយោបាយនៅបរទេស ធ្វើឱ្យលោកមានការគាំទ្រ ពីសំណាក់ប្រទេសប្រជាធិបតេយ្យធំៗ ពិសេសគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។

ថ្មីៗនេះ លោក ក៏ដូចជាមន្ត្រីជាន់ខ្ពស់ ព្រមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សនេះ បានប្រកាសថា លោក សម រង្ស៊ី នឹងចូលមកម្ពុជានាពេលឆាប់ៗនេះ ។ កាលពីលោកចូលកម្ពុជានៅឆ្នាំ ២០១៣ មានអ្នកទៅហែហម ចាំទទួលលោកប្រហែល ១ លាននាក់  ហើយការវិលត្រឡប់របស់លោក លើកទី២នេះ អាចនឹងមានអ្នកទៅទទួលមិនតិចជាមុននោះទេ នេះបើតាមអ្នកសង្កេតការណ៍ ៕

អត្តបទដោយ៖ សោម លាភ

 

Share

Image
Image
Image