en     km
en     km

សម្ដេច ហ៊ុន សែន ស្នើចិនឱ្យជួយកម្ពុជាស្ទើគ្រប់វិស័យឱ្យកាន់តែខ្លាំងថែមទៀត

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញចំណង់ចង់ឃើញប្រទេសចិន បន្ថែមការជួយដល់កម្ពុជាលើវិស័យជាច្រើន ដែលមាននៅកម្ពុជាជាបន្តបន្ទាប់ ។ ការបន្ថែមសុំជំនួយនេះ ស្របពេលដែលអឺរ៉ុបដាក់ទណ្ឌកម្មលើការយកពន្ធអង្ករពីកម្ពុជា ហើយត្រៀមនឹងដកការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ រួមទាំងពន្ធពីអាមេរិកផងដែរ ។

លោក សោម លាភ រាយការណ៍៖

 

ការបង្ហាញចំណង់បែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងនាឱកាសដែលសម្ដេច ហ៊ុន​ សែន  ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន គឺលោក លី ខឺឈាង  កាលពីរសៀលថ្ងៃទី ២២ ខែ មករា នៅប្រទេសចិន។

តាមរយៈទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន បញ្ជាក់ទៀតថា កម្ពុជាជាប្រទេសទីមួយក្នុងឆ្នាំ ២០១៩ ដែលមាននាយករដ្ឋមន្ត្រីធ្វើទស្សនៈកិច្ចជាផ្លូវការនៅចិន ។

នាយករដ្ឋមន្ត្រីកម្ពុជាថា ការធ្វើទស្សនៈកិច្ចនេះ  ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេសទាំងពីរ ។

ភាគីចិនថា ទំនាក់ទំងរវាងប្រទេសទាំងពីរ គឺចិន និងកម្ពុជា មានការរីកចម្រើនទៅមុខយ៉ាងខ្លាំង ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេច ហ៊ុន សែន  ។

នាឱកាសនោះ សម្ដេច ហ៊ុន សែន បានបង្ហាញអំណួតដែលសេដ្ឋកិច្ចកម្ពុជារក្សាបានកំណើនក្នុងរង្វង់ ៧ ភាគរយ កាលពីឆ្នាំ ២០១៨ ។

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ប្រាប់ទៅនាយករដ្ឋមន្ត្រីចិន ពាក់ព័ន្ធទៅនឹងជំហររបស់ប្រធានាធិបតីចិន ក្នុងការផ្ដល់កូតានាំអង្ករពីកម្ពុជាទៅចិនចន្លោះពី ៣០ ម៉ឺនតោន ទៅ ៤០ ម៉ឺនតោន ។ យ៉ាងណា ការបញ្ជាក់បែបនេះ មិនស្របទៅនឹងអ្វីដែលសម្ដេច បានឱ្យដឹងកាលពីម្សិលមិញនោះទេ ។

ជាក់ស្ដែង កាលពីម្សិលមិញ គឺថ្ងៃទី ២២ ខែ មករា សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ចិនបន្តទទួលការនាំចូលអង្ករពីកម្ពុជា ៤០ ម៉ឺនតោន ក្នុងឆ្នាំ ២០១៩ ។

យ៉ាងណា សម្ដេចថា ការបង្កើនកូតាទទួលការនាំចូលអង្ករពីកម្ពុជានេះ គឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកវិភាគថា គោលដៅរបស់ចិនក្នុងការសម្រេចនាំចូលអង្ករពីកម្ពុជា ៤០ ម៉ឺនតោន គឺមិនអាចទៅរួចទេ ។

យ៉ាងណា សម្ដេច ក៏បានអះអាងដែលថា ចិននឹងផ្ដល់ជំនួយឥតសំណាងដល់កម្ពុជាប្រមាណជា ៦០០ លានដុល្លារសម្រាប់រយៈពេល ៣ ឆ្នាំ ។

សម្ដេច ហ៊ុន សែន តែងតែរំលឹកពីគុណរបស់ចិនដែលមាននៅកម្ពុជា ជាក់ស្ដែងចិនបានផ្ដល់ជំនួយជាច្រើនដល់កម្ពុជា រួមមានជំនួយលើការអភិវឌ្ឍមួយចំនួន ដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា   បានលើកបង្ហាញនូវគម្រោង៦សំខាន់ៗ ពាក់ព័ន្ធប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដែលមានដូចជា ផ្លូវ ស្ពាន និងប្រព័ន្ធវារីអគ្គិសនី ។ យ៉ាងណា ស្ដេចបានស្នើឲ្យចិនគាំទ្រគម្រោងទាំង៦នេះ ។

សម្ដេច ហ៊ុន សែន ក៏ស្នើឱ្យចិនបន្តទទួលការនាំចូលផលិតផល កសិផលប្រទេសកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន  ។

ជាងនេះទៅទៀត សម្ដេច ហ៊ុន សែន ក៏បានសុំឱ្យចិនជួយបន្តទៀតទៅលើវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំជាដើម ។

វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ យ៉ាងណាមិញ តំបន់ប្រាសាទនៅកម្ពុជាដែលជាកេរដំណែលពីដូនតា ជាកន្លែងដែលមានសក្ដានុពលជាងគេ ។

ទោះជាបែបនេះក្ដី សម្តេច ហ៊ុន សែន  ក៏បានស្នើចិនឱ្យជួយជួសជុលប្រាសាទបុរាណនៅកម្ពុជាផងដែរ ។  

បន្ថែមពីលើនេះទៀត នាយករដ្ឋមន្ត្រីកម្ពុជា កាន់អំណាចជិត៤០ ឆ្នាំ  ក៏ស្នើឱ្យភាគីចិនបន្តជួយដល់វិស័យនគរបាលផងដែរ សម្រាប់ការគ្រប់គ្រងសន្តិសុខកម្ពុជា ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចិន បានយល់ព្រម និងបង្កើនលទ្ធភាពបន្ថែមទៀត ក្នុងការជួយដល់កម្ពុជា ។

អ្នកវិភាគតែងតែព្រមានថា កម្ពុជានឹងជួបហានីភ័យនៅក្នុងកាលៈទេសៈណាមួយ បើប្រទេសនេះ នៅតែបន្តទទួលជំនួយទាំងជំនួយមានសំណង ជំនួយឥតសំណង និងជំនួយផ្សេងៗទៀតពីប្រទេសចិន ព្រោះប្រទេសនេះ គិតតែប្រយោជន៍ខ្លួនឯង ។

យ៉ាងណា លោក លី ខឺឈាង ថា នឹងរកឱកាសដើម្បីធ្វើទស្សនៈកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន ។

កម្ពុជា គិតមកដល់ចុងឆ្នាំ២០១៨ កម្ពុជាជំពាក់បំណុលចិនសរុបប្រមាណជា ៦ពាន់លានដុល្លា ខណៈដែលកម្ពុជាជំពាក់បំណុលបរទេសទាំងអស់ប្រមាណជា ៩ ពាន់លានដុល្លារ ។ នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សក្រសួងសេដ្ឋកិច្ចកម្ពុជាចុះផ្សាយ ដោយ ប្រព័ន្ធផ្សព្វផ្សាយ មួយនៅកម្ពុជា៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image