en     km
en     km

សម្ដេច ហ៊ុន សែន នឹងកាត់បន្ថយការិយាល័យរដ្ឋបាលថ្នាក់ស្រុកដើម្បីសន្សំថវិកាជាតិ

Share

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីការនឹងកាត់បន្ថយនៅការិយាល័យបម្រើសេវារដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសនៅតាមស្រុកដើម្បីសន្សំថវិកាជាតិ ព្រោះការិយាល័យទាំងនោះ មិនសូវមានការងារធ្វើ ហើយសម្បូរតែមន្ត្រីដែលគ្មានសមត្ថភាព តែខ្វះមន្ត្រីដែលមានសមត្ថភាពប្រាកដ ។ យ៉ាងណា អ្នកវិភាគគាំទ្រចំពោះចំណាត់ការនេះនៃការធ្វើកំណែទម្រង់បែបនេះ តែមិនគាំទ្រនូវចំណាត់ការពីមុន ដែលវិសោធនកម្មច្បាប់បន្ថែមអាសន្នៈនៅក្រុមប្រឹក្សាខេត្ត រាជធានី ខ័ណ្ឌ ស្រុក និងខ័ណ្ឌ ។

រាយការណ៍ដោយលោក សោម លាភ

 

ថ្លែងនៅចំពោះមុខកម្មករជាងមួយម៉ឺននាក់ នៅខេត្តកំពត សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បង្ហាញពីការគិតគូរ សន្សំសម្ចៃសម្រាប់ការគ្រប់គ្រងរដ្ឋបាលសម្រាប់រដ្ឋមួយនេះបន្តទៀត ខណៈដែលកម្ពុជា អាចនឹងត្រូវដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបបន្ថែមទៀត ។

យ៉ាងណា សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា តែងតែអះអាងជាការចំអកទៅបរទេសមួយចំនួនថា ដោយសារតែសំណាងបានកើតនៅប្រទេសអ្នកមានតែប៉ុណ្ណោះ តែមិនប្រាកដថា ខួរក្បាលឆ្លាតជាងខ្មែរនោះទេ ។ មានន័យថា ប្រជាជនខ្មែរសម្បូរទៅដោយអ្នកមានសមត្ថភាពមិនចាញ់បរទេស ។

បែបនេះក្ដី សម្ដេចទទួលស្គាល់ថា មន្ត្រីដែលបម្រើការសេវារដ្ឋបាលថា្នក់ក្រោមជាតិ គឺមានមន្ត្រីអសមត្ថភាពច្រើន ប៉ុន្តែខ្វះមន្រ្តីមានសមត្ថភាពពិតប្រាកដ ។

យ៉ាងណា សម្ដេចបានប្រកាសអំពីការអនុវត្តនូវអភិក្រមចំនួន ៥ យ៉ាង គឺងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ។

នាឱកាសនោះ ស្ថាប័នមួយចំនួន  ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឱ្យលុបចោល ដើម្បីមានការប្រកួតប្រជែងគ្រប់វិស័យឱ្យបានពេញលេញ ។

ពាក់ព័ន្ធនឹងការមប្រើសេវាសាធារណៈ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏សម្ដេចនឹងធ្វើកំណែទម្រង់ដើម្បីឱ្យកិច្ចការងារទាំងនេះ ប្រព្រឹត្តទៅដោយភាពប្រាកដប្រជា និងប្រសិទ្ធិភាព ។

ជាក់ស្ដែង នាយករដ្ឋមន្ត្រីរូបនេះថា នៅពេលខាងមុខ នឹងកាត់ចោលនូវការិយាល័យស្រុកមួយចំនួន ។

សម្ដេចថា ស្ថាប័នដែលត្រូវទុកមានផ្នែកកងទ័ព នគរបាល សុខាភិបាល អប់រំ និងការិយាល័យរៀបចំដែនដីជាដើម ។ ការិយាល័យមួយចំនួនទៀត សម្ដេចថា គឺដាក់ជាកញ្ចប់ ។

សម្ដេច ហ៊ុន សែន ថាបើមិនធ្វើបែបនេះទេ ក្រសួងនីមួយៗចេះតែស្នើសុំក្របខ័ណ្ឌមិនឈប់មិនឈរ ដើម្បីបង្កើននៅថ្នាក់ស្រុកដែលជាហេតុធ្វើឱ្យការងារមានការជាន់គ្នា ។

យ៉ាងណា សម្ដេច រំលឹកដល់ថ្នាក់ដឹកនាំក្រសួងទាំងអស់ឱ្យចងចាំថា នឹងមានការចំណាយច្រើនក្នុងការបន្ថែមក្របខ័ណ្ឌ ដូចជាការបើកប្រាក់បៀវត្សនៅពេលពួកគាត់ចូលនិវត្សជាដើម ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា  ការចាត់វិធានការនៃការធ្វើកំណែទម្រង់បែបនេះជាការល្អប្រសើរ ដែលជាការកាត់បន្ថយាករចំណាយថវិកាជាតិ ខណៈដែលការវិសោធនកម្មច្បាប់ស្ដីពីការបន្ថែមអាសន្នៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាបន្ទុកនៃការចំណាយច្រើន ។

កម្ពុជា កំពុងសិក្សា និងពិនិត្យលើការវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ ។

បន្ទាប់ពីអឺរ៉ុបដាក់គម្រាមដាក់ទណ្ឌកម្មដោយការដកការអនុគ្រោះពន្ធ EBA ខណៈដែលបច្ចុប្បន្ន បានដកការអនុគ្រោះពន្ធការនាំចូលអង្ករពីកម្ពុជាហើយនោះ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដោយការធ្វើកំណែទម្រង់រដ្ឋបាល និងកំណែទម្រង់លើវិស័យផ្សេងៗទៀត ដូចជាការទុកតែមន្ត្រីគយ និងមន្ត្រីអន្តរប្រវេសន៍នៅតាមព្រំដែន និងការរៀបចំនឹងកាត់បន្ថយការិយាល័យរដ្ឋបាលនៅស្រុកជាដើម ៕

អត្តបទដោយ៖ សោម លាភ

Share

Image
Image
Image