en     km
en     km

លោក ពូទីន ក្លាយជាមេដឹកនាំកាន់អំណាចយូរបំផុតនៅរុស្ស៊ីក្រោយឈ្នះការបោះឆ្នោត

Share

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីត្រូវបានបញ្ចប់ លទ្ធផលបង្ហាញថា ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន និងជាបេក្ខជនប្រកួតប្រជែងសម្រាប់តំណែងជាប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានសំឡេងចំនួន ៨៧.៨ភាគរយនៃការបោះឆ្នោត ដែលជាលទ្ធផលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៃការបោះឆ្នោតរបស់រុស្ស៊ី។​ ការណ៍នេះធ្វើឱ្យលោក ពូទីន ក្លាយជាប្រធានាធិបតីរុស្ស៊ីដដែលសម្រាប់អាណត្តិថ្មីនេះ និងជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ីដែលមិនធ្លាប់មានក្នុងរយៈពេលជាង ២០០ឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី (VCIOM) បញ្ជាក់ថា លោក​ ពូទីន បានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីភ្លូកទឹកភ្លូកដីកាលពីថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ និងបន្តទៅកាន់តំណែងរយៈពេលប្រាំមួយឆ្នាំបន្ថែមទៀត។ ជុំវិញជ័យជំនះនេះ លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងមូស្គូថា លោកនឹងផ្តល់អាទិភាពដល់ការដោះស្រាយភារកិច្ចដែលទាក់ទងនឹងអ្វីដែលហៅថា «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ពង្រឹងយោធារបស់រុស្ស៊ី និងបង្រួបបង្រួមការសាមគ្គីគ្នា។

ជុំវិញលទ្ធផលនៃការបោះឆ្នោតនៅរុស្ស៊ីនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​ប្រទេស​ដទៃ​ទៀតមិនពេញចិត្តនោះឡើយ ហើយបានចោទប្រកាន់ថា ការ​បោះឆ្នោត​នេះ​មិន​សេរី ឬ​យុត្តិធម៌​នោះទេ ដោយសារ​តែ​រុស្ស៊ីបាន​ចាប់​អ្នក​ប្រឆាំងដាក់ពន្ធនាគារ ​ហើយអ្នកប្រឆាំងមួយចំនួនត្រូវនារទេស ខណៈជនមួយចំនួនត្រូវបានគេសម្លាប់។ ក្នុងនោះ ក្រុមបាតុករបានប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខការិយាល័យរបស់លោក ពូទីន ដើម្បីទាមទារយុត្តិធម៌ និងដំណោះស្រាយសម្រាប់មេដឹកនាំចលនាប្រឆាំងលោក Alexei Navalny ដែលបានស្លាប់នៅក្នុងគុក Arctic កាលពីខែមុន។

ទោះបីជាយ៉ាងណា លោកសង្កត់ធ្ងន់ថា មិនថាអ្នកណាចង់បំភិតបំភ័យ ឬគាបសង្កត់រុស្ស៊ីនោះឡើយ គ្មាននរណាម្នាក់ធ្លាប់ទទួលបានជោគជ័យជាដុំកំភួនក្នុងប្រវត្តិសាស្ត្រនោះទេ ពិសេសពួកគេក៏នឹងមិនទទួលបានជោគជ័យនាពេលអនាគតនោះដែរ៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image