en     km
en     km

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

Share

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីបានអបអរសាទរការដោះលែងអ្នកស្រី ទេព វន្នី សកម្ម ជនដីធ្លីតំបន់បឹងកក់ដ៏ល្បីល្បាញ និងជាម្ចាស់ពាន់រង្វាន់ស្ត្រី​ជា​អ្នកដឹកនាំ​សកល​របស់​អង្គការ​ Vital Voices​ ព្រមជាមួយសកម្មជនបីរូបផ្សេងទៀតកាលពីយប់ថ្ងៃទី២០ សីហាម្សិលមិញ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស ASEAN Parliamentarians for Human Rights (APHR) កាលពីយប់ថ្ងៃទី ២០ ខែសីហា។

សម្រាប់លោក Charles Santiago ប្រធានសមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស(APHR) ការដោះលែងអ្នកស្រី ទេព វន្នី និងអ្នកទាំងបីនាក់ផ្សេងទៀតឱ្យមានសេរីភាពឡើងវិញនេះ គឺជាដំណឹងដ៏គួរឲ្យស្វាគមន៍ដែលត្រូវបានរង់ចាំអស់រយៈពេលជាយូរមកហើយ។

លោក Charles Santiago បន្តដោយក្ដីសោមនស្សរីករាយដែលបានដឹងថា អ្នកស្រី ទេព វន្នី និងសកម្មជន ៣នាក់ផ្សេងទៀតអាចបានជួបជុំជាមួយគ្រួសាររបស់ខ្លួនវិញ បើទោះបីជាវាមិនបានផ្លាស់ប្តូរស្ថានការណ៍ធំនៅក្នុងប្រទេសកម្ពុជាទេ។

យ៉ាងលោក Santiago ក៏បានរិះគន់រាជរដ្ឋាភិបាលកម្ពុជាអំពីការចាប់សកម្មជនដីធ្លីទាំងបួននាក់ដាក់ពន្ធនាគារផងដែរ។ លោកបន្តថា អ្នកស្រីទេពវន្នី និងសកម្មជនមិត្តភក្ដិរបស់អ្នកស្រី មិនគួរណាត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែការធ្វើការឃោសនាដើម្បីសន្តិភាព និងសិទ្ធិមនុស្សក្នុងសហគមន៍របស់ពួកគាត់នោះទេ។

លោក Santiago រិះគន់ប្រមុខដឹកនាំរដ្ឋាភិបាល សម្តេច ហ៊ុន សែន ថា បានបង្វែរប្រទេសកម្ពុជា ឱ្យទៅជារដ្ឋឯកបក្សមួយដើម្បីគ្រប់គ្រងសិទ្ធិមនុស្ស និងមិនដោះស្រាយសកម្មភាពបំពានទាំងនេះនោះទេ។

តាមរយៈទំព័រហ្វេសប៊ុករបស់សកម្មជនដីធ្លីតំបន់បឹងកក់ដែលបានទៅទទួលអ្នកស្រី ទេព វន្នី កាលពីយប់មិញបានបង្ហាញឱ្យឃើញថា​ មានមិត្តភក្តីបងប្អូន កូនៗ ព្រះសង្ឃ អ្នកសារព័ត៌មាន មន្រ្តីសិទ្ធិមនុស្សពិសេស គឺពលរដ្ឋធ្លាប់រងគ្រោះតំបន់បឹងកក់បានទៅមកទទួលអ្នកស្រី និងសម្តែង ក្តីសោមនស្សរីករាយដែលអ្នកស្រី​ ទេព វន្នី ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ។

អ្នកស្រី ទេព វន្នី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីនឹកស្មានមិនដល់ថា អ្នកស្រីត្រូវបានគេដោះលែងឱ្យមានសេរីភាពឡើងវិញនោះ។

ចុចស្ដាប់ការលើកឡើងរបស់អ្នកស្រី ទេព វន្នី !

 

អ្នកស្រីបានថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីចេញពីពន្ធនាគារថា អ្នកស្រីមានការភ្ញាក់ផ្អើលដែលតាមរយៈកិច្ចសម្ភាសន៍របស់អ្នកស្រី ទេព វន្នី ជាមួយវីអូអេ (VOA) អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីនៅតែធ្វើការតស៊ូមតិ និងធ្វើសកម្មភាពដើម្បីរកយុត្តិធម៌ជូនអ្នកសហគមន៍បឹងកក់ដដែលដរាបណាអ្នកសហគមន៍ទទួលបានយុត្តិធម៌ទាំងអស់គ្នាទើបអ្នកស្រីឈប់ធ្វើសកម្មភាពនេះ។

អ្នកស្រីបានឱ្យដឹងថា ក្នុងអំឡុងពេលអ្នកស្រីជាប់ពន្ធនាគារមានតែមួយគ្រួសារទៀតទេដែលនៅក្នុងសហគមន៍បឹងកក់មិនទាន់ទទួលបានដំណោះស្រាយ។  យ៉ាងណាក្ដី អ្នកស្រីក៏អំពាវនាវឱ្យសម្ដេច ហ៊ុន សែន ដោះស្រាយបញ្ហាដីធ្លីទាំងអស់ មិនមែនតែតំបន់បឹងកក់នោះទេ តែត្រូវដោះស្រាយទូទាំងប្រទេសកម្ពុជាតែម្ដង។

សូមបញ្ជាក់ថា អ្នកស្រី ទេព វន្នី បាន​​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​​ ២ឆ្នាំ ​ក្រោម​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ​និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈមានស្ថានទម្ងន់ទោស​ ប៉ុន្តែ​សកម្មជន​ដីធ្លី​រូប​នេះ​ បាន​បដិសេធ​​បទ​ចោទ​នេះ​ទាំង​ស្រុង។ អ្នកស្រីត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទ ​នរោត្តម​ សីហមុនី ព្រះរាជទាន​លើកលែង​ទោស តាមសំណើររបស់នាយករដ្ឋមន្ត្រីហ៊ុនសែន កាល​ពី​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា​ ម្សិលមិញ៕

Share

Image
Image
Image