en     km
en     km

ប្រាសាទអង្គរវត្តនៅតែជាសំណង់ប្រវត្តិសាស្ត្រល្បីដាច់គេលើលោក(មានសំឡេង)

Share

សៀមរាប៖ ប្រាសាទអង្គរវត្តដែលជាកេរដំណែលពីដូនតានៃកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ពីទី​ភ្នាក់​ងារ​ប្រឹក្សាយោបល់​លើ​ការ​ធ្វើ​ដំណើរ (TripAdviser) ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់ក្រសួងទេសសចរណ៍ នៅថ្ងៃទី ១០ សីហានេះ។

លោក សោម លាភ រាយការណ៍ !

 

ក្នុងសេចក្ដីជូនដំណឹងនេះបញ្ជាក់ទៀតថា ​ទី​ភ្នាក់​ងារ​ប្រឹក្សាយោបល់​លើ​ការ​ធ្វើ​ដំណើរ បង្ហាញថាភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ មានចាប់អារម្មណ៍យ៉ាងច្រើនលើសលុប​លើបា្រសាទអង្គរវត្តរបស់កម្ពុជា។ ការណ៍នេះធ្វើឱ្យបា្រសាទអង្គរវត្តរបស់កម្ពុជា ទទួលបានជ័យលាភីលេខ១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​លោក ដែលបញ្ជាក់ថា ពិភពលោកនៅតែសាទរចំពោះសំណង់អច្ឆរិយនៃកម្ពុជា។

លោកស្រី Sarah Mathews ជា​នាយក​ភ្នាក់​ងារ​ប្រឹក្សាយោបល់​លើ​ការ​ធ្វើ​ដំណើរ បានលើកឡើងថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជា សំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨នេះ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

លោក​ស្រីបាន​ផ្ដល់​ពានរង្វាន់នេះ​ ទៅលោក ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ​​​​ការលពីរសៀលថ្ងៃទី ៩ សីហា ម្សិលមិញ នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

នេះមិនមែនជាលើកទីមួយទេដែលកេរមរតកដូនតាខ្មែរបានទទួលពានរង្វាន់លំដាប់ថ្នាក់ពិភពលោកពីស្ថាប័នវាយតម្លៃអន្តរជាតិជាច្រើននោះ។ ជាក់ស្ដែងនៅឆ្នាំ២០១៤ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតលើពិភពលោក នៅលើគេហទំព័រ ArcheaoMadness។ នៅឆ្នាំ២០១៦ អង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញលើពិភពលោក នៅលើគេហទំព័រ Lonely Planet។

នៅឆ្នាំ២០១៨នេះ រាជធានីអង្គរក៏ទទួលបានជ័យលាភីជារាជធានីទេសចរណ៍ និងវប្បធម៌ពិភពលោកផងដែរ។ ជាងនេះទៀត តាមរយៈការសិក្សាស្រាវជ្រាវរបស់គេហទំព័រ Expat Insider បញ្ជាក់ថា កម្ពុជាបានទទួលជ័យលាភី ជាគោលដៅទេសចរណ៍ ដែលមានភាពស្និទ្ធស្នាលបំផុតសម្រាប់ភ្ញៀវទេសចរបរទេស ។ ជយលាភី​ទាំង​នេះ ​ត្រូវ​បាន​រៀប​ចំ និង​ចាត់​ចំណាត់​​ដោយ​គេហទំព័រ​ល្បី​ៗ​លើ​ពិភព​លោក​ផ្សេងៗ​គ្នា​។

សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបង្ហាញសុទិដិនិយមថា តាមរយៈការផ្ដល់ចំណាត់ថ្នាក់លេខ១ដល់ប្រាសាទអង្គរវត្តនេះ  ជាមូលហេតុមួយដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជាច្រើនបន្ថែមទៀត មកទស្សនានៅកម្ពុជា និងក៏ជាការចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកកាន់តែទូលំទូលាយអំពីភាពអច្ឆរិយៈនៃកម្ពុជាទៀតផង។

សូមបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយពោរពេញទៅដោយសក្ដានុពលទេសចរណ៍ខ្ពស់ ដែលទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនទៅទស្សនាកម្សាន្ត ជាពិសេសគឺតំបន់អង្គរតែម្តង។ ជាក់ស្ដែងគិតចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០១៨ កម្ពុជារកចំណូលបាន ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានប្រមាណជាង ៦០ លានដុល្លារអាមេរិក ដែលមានការកើនឡើងជិត ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយគ្រឹះស្ថានអង្គរ។ តាមរយៈកំណើន​ទេសចរ​នៅឆ្នាំ​២០១៨នេះ ត្រូវបាន​ក្រសួង​ទេសចរណ៍​រំពឹងថា នឹងមាន​កំណើន​ប្រមាណ​១២% ឬស្មើ​នឹងចំនួន​ទេសចរ​ប្រមាណ ៦លាននាក់ ខណៈ​ដែល​នៅឆ្នាំ ២០២០ គេរំពឹង​ថា ភ្ញៀវទេសចរ​នឹងកើន​ឡើង​ដល់​លើស ៧លាន​នាក់ និងឆ្នាំ ២០២៥ ទៅ​២០៣០ អាចកើន​ដល់ពី ១២ ទៅ១៥លាន​នាក់ ជាមួយ​នឹងចំណូល​រំពឹងទុក​ពីវិស័យ​នេះ មានជាង​ ១០ពាន់​​លាន​​ដុល្លារ​អាមេរិក៕

 

Share

Image
Image
Image