en     km
en     km

វិភាគ៖តើជប៉ុនឬអូស្ត្រាលីត្រូវដើរតួនាទីដើម្បីជួយសម្របសម្រួលវិវាទនយោបាយ នៅកម្ពជា?

Share

ពេលវេលារំកិលទៅរកការបោះឆ្នោតសភា អាណត្តិទី៦កាន់តែ ជិតចូលមកដល់ហើយ។ ប្រការនេះ នាំឱ្យមានការព្យាករណ៍ថាឱកាសសម្រាប់បក្សប្រឆាំងមានលទ្ធភាពចូលរួមការបោះឆ្នោតក៏កាន់តែហោចផងដែរព្រោះ ការចុះបញ្ជីឈ្មោះបក្សចូលរួមការបោះឆ្នោតនឹងប្រព្រឹត្តនៅ ចុងខែមេសាខែក្រោយនេះ។នេះ បើតាមប្រតិទិន នៃច្បាប់បោះឆ្នោតនៅកម្ពុជា។

បើ ខែមេសារំលងផុត ហាក់ដូចជាការបិទបញ្ចប់ឱកាសរបស់បក្សប្រឆាំងត្រូវកើតឡើងវិញ។ បើគ្មានដំណោះស្រាយទាន់ពេលវេលា គឺជាកា របោះឆ្នោតដែល គ្មានគូប្រកួតខ្លាំងឡើងសង្វៀនប្រកូត អ្នកឈ្នះមានតែមួយគត់ ដូចការរំពឹងទុកគឺបក្សកាន់អំណាចCPP។

អ្វីដែលនាំឱ្យមានការចោទសួរថាតើ រដ្ឋាភិបាល ក្រោយការបោះឆ្នោតខែកក្កដា ស្របច្បាប់ដែរឬទេ បើសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិង អង្គការសហប្រជាជាតិ មិនទទួលស្គាល់អ្នកឈ្នះក្នុងការបោះឆ្នោតនោះ ។ នេះហើយជា ការអូសទាញឱ្យ ជប៉ុនឬ អូស្ត្រាលី ជួយសម្របសម្រួល វិវាទនយោបាយនៅកម្ពុជា ។

លោកនួន បូរិន ជូនសេចក្ដីវិភាគដូចតទៅ៖

ជប៉ុននិងអូស្ត្រាលីមិនសូវប្រឆាំងខ្លាំងក្លាទេ លើបក្សកាន់អំណាចនៅកម្ពុជា

នៅក្នុងពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺបន្ទាប់ពីគណបក្សសង្រ្គោះជាតិ ត្រូវបាន រំលាយដោយសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី១៦ វិច្ឆិកា និងបន្ទាប់ពី លោក កឹមសុខា ប្រធានបក្សនេះ ត្រូវចាប់ឃុំខ្លួនក្រោមបទចោទអំពើក្បត់ជាតិ គេ សង្កេតឃើញប្រទេសជប៉ុននិងអូស្ត្រាលីដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់កម្ពុជា ហាក់មិនសូវ ចេញមុខ ប្រឆាំងខ្លាំងកា្លទេលើ បក្សកាន់អំណាចCPP ។ ប្រទេសទាំងពីរនេះមិនស្ថិតក្នុងជំហរ ដូចសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះទេ។ ប្រទេសទាំងពីរគ្រាន់តែ សម្ដែងក្ដីសង្ឃឹមថាស្ថានការណ៍នឹងល្អប្រសើរឡើងវិញ ដោយភាគីពាក់ព័ន្ធអាចសម្របសម្រលគ្នាបាន។

ដោយឡែក បើគេនិយាយពីជប៉ុនវិញ កាន់តែមានទំនាក់ទំនងទន់ភ្លន់ជាងអូស្ត្រាលីទៅទៀតជាមួយបក្សកាន់អំណាចCPP។ នៅពេលពេលដែល សហភាពអឺរ៉ុបនិង អាមេរិកសម្រេចព្យួរជំនួយសម្រាប់ជួយរៀបចំការបោះឆ្នោតនៅកម្ពុជា គឺជប៉ុនមិនត្រឹមតែកាត់បន្ថយឬ ព្យួរជំនួយនោះទេ ថែមទាំងជួយបន្ថែមកិច្ចការបោះឆ្នោតនេះថែមទៀតផង។ តាមរយៈនេះ ជប៉ុនទំនងជាក្លាយជាតួឯកតែមួយគត់ជួយជំរុញឱ្យការបោះឆ្នោតមួយដែលសហគមន៍អន្តរជាតិអាចទទួលយកបាន។

តើកត្តាអ្វីដែលនាំឱ្យជប៉ុនអាចក្លាយជាតួឯកក្នុងការសម្របសម្រួលនយោបាយនៅកម្ពុជា?

យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីររូបនៃ ក្រសួងការបរទេសជប៉ុន បានមកជួបនិងជាន់ទឹកដីកម្ពុជា ដោយបានជួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុន។ ក្នុងជំនួប មន្ត្រីជប៉ុនហាក់មិនសូវជាបង្ខំកម្ពុជា ធ្វើអ្វីដែល សហភាពអឺរ៉ុបនិងអាមេរិកចង់បាននោះទេ ក្រៅតែពីចង់ឃើញ កម្ពុជាមានស្ថិរភាពសេដ្ឋកិច្ច រឹងមាំដែលជាការបង្កការវិនិយោគបរទេសជប៉ុនមកដាក់ទុនរកស៊ីនៅកម្ពុជា តែប៉ុណ្ណោះ។ ជំហរការទូតនេះ មិនប្រាកដថាជប៉ុន ព្រួយបារម្ភអំពី វិបបត្តិនយោបាយនៅកម្ពុជានោះដែរ ។តែនេះគេហៅថាដៃគូមួយខ្លាំងដាក់បក្សCPP គឺសម្រាប់ជប៉ុនត្រូវប្រកាន់ឥរិយាបទហ្នឹងធឹងបន្តិច ប្រយោជន៍ជាឱកាសមួយផ្ដល់ឱ្យជប៉ុនកាន់តែជិតស្និទ្ធនឹងCCP។ ភាពជិតស្និទ្ធនេះហើយ ដែលនាំឱ្យមជ្ឈដ្ឋានមួយចំនួន ចាត់ទុកថា ជប៉ុនអាច ក្លាយជាអ្នកសម្របសម្រួលនយោបាយនៅកម្ពុជាមួយមានប្រសិទ្ធភាព។

ចុះចំណែក ប្រទេសអូស្ត្រាលី អាចទៅរូចទេ ? 

បើនិយាយពី ប្រទេសអូស្ត្រាលីវិញ គឺគេត្រូវរម្លឹកឈ្មោះ អតីតរដ្ឋមន្ត្រី ការបរទេស ហ្គារ៉េត អេវាន់ ដែលជាអ្នកស្ថាបនឹកលេចធ្លោជាងគេ នៃកិច្ចព្រមព្រៀសន្តិភាពងក្រុងប៉ារីស២៣តុលា១៩៩១ ។ លោកជាជ័យលាភីតែមួយគត់ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ការខិតខំរបស់លោកនាំឱ្យមានសន្និសីទនេះកើតឡើង ខណៈសហប្រធានសន្និសីទ មានប្រទេសបារាំងនិង ឥណ្ឌូនេស៊ី។

អូស្ត្រាលី មិនមានឈ្មោះ ជាសមាជិកសហភាពអឺរ៉ុបហើយនៅឆ្ងាយពីអាមេរិកដែរ។ ប្រទេស នេះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីMalcolm Turnbull និងរដ្ឋមន្ត្រីការបរទេសJulie  Bishop ដែលមិនប្រកាន់ខ្សែតឹងដាក់កម្ពុជាខ្លាំងប៉ុន្មានទេ។ ប្រទេសនេះ នៅមានទំនាក់ទំនងជាមួយកម្ពុជា ក្រោមការគ្រប់គ្រងរបស់បក្សCPP។ តែប្រទេសនេះ ក៏មានការរំពឹងទុកថា អាចដើរតួនាទីជាអ្នកសម្របសម្រួលវិវាទនយោបាយនៅកម្ពុជាបានដែរ ព្រោះបក្សCPP មិនទាន់ចាត់ទុកអូស្ត្រាលី ជាភាគី ប្រឆាំងខ្លួនខ្លាំងដូចអាមេរិកនិងសហភាពអឺរ៉ុបនោះនៅឡើយទេ។ តាមរយៈជំនួបបិទទ្វារជិតរវាងនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន និងសមភាគីMalcolm Turnbull កាលពីថ្ងៃទី១៦ មីនានៅទីក្រុងស៊ីដនី នាំឱ្យមានការចោទសូរខ្លះថាតើ ឥស្សរជនទាំងពីរបានត្រូវរូវគ្នាខ្លះទេ អំពីដំណោះស្រាយនយោបាយនៅកម្ពុជាខណៈ លោកMalcolm Turnbull ត្រូវបានរាយការណ៍មកថា លោកបានលើកឡើង អំពីលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា និងឱកាសដែលអូស្ត្រាលីអាចជួយកម្ពុជាទៅអនាគតទៀត។ នេះគឺជាការរំពឹងទុកដែរ ចំពោះលទ្ធភាពដែលរដ្ឋាភិបាលក្រុងកាំបេរ៉ាអាចដើរតួនាទីជួយរកដំណោះស្រាយនយោបាយនៅកម្ពុជា បន្ទាប់ពីប្រទេសជប៉ុន។

បើនិយាយពីជប៉ុន គេមិនត្រូវភ្លេចប្រទេសចិននោះទេ

 

                                                   លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ ប្រធានាធិបតីចិន ស៊ី ជីងពីង

នៅពេលដែល ចិនកាន់តែមាន ឱកាសលើប្រទេសកម្ពុជា គឺជប៉ុនក៏កាន់តែពង្រីកឱកាសរបស់ខ្លួន ទោះបី ទីផ្សារកម្ពុជា ចិនវាយលុកខ្លាំងក៏ដោយ ។ ចិនក៏បានចូលរួមចំណែក ជួយការបោះឆ្នោតនៅកម្ពុជា ដែរ បន្ទាប់ពី ដឹងថា សហភាពអឺរ៉ុបនិងអាមេរិកដកខ្លួនចេញនោះ។ ជាការពិតចិន មិនអាចអត់បានទេ CPPទោះកាលៈទេសៈណាក៏ដោយ។ បក្សកាន់អំណាចCPPនេះត្រូវតែដឹកនាំប្រទេស។ តែអ្វីដែលគេអាចគិតថា ចិនព្រួយបារម្ភមានតែមួយគត់គឺផល់ប៉ះពាល់ ទីផ្សារវាយនភ័ណ្ឌរបស់ខ្លួននៅកម្ពុជា ដោយសាររោងចក្រ ចិននៅកម្ពុជាមានរហូតជិត៧០ភាគរយហើយ ទំនិញទាំងនោះសុទ្ធតែនាំទៅទីផ្សារអឺរ៉ុបនិងអាមេរិក។ តាមរយៈនេះនាំឱ្យទំហំពាណិជ្ជកម្មចិនជាមួយកម្ពុជាឡើងជិត៥ពាន់លានដុល្លារអាមេរិក។ នេះបើតាមគេហទំព័រ opendevelopmentcambodia.net ។ បើចិនជួយកម្ពុជាកាន់តែច្រើន ជប៉ុនកាន់តែជួយកម្ពុជាកាន់តែច្រើន ។ឥទិ្ធពលចិននៅកម្ពុជាខ្លាំងពិតមែន តែកម្ពុជា មិនអាចខ្វះជប៉ុនបានឡើយ។

និយាយរួមទៅ រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ខែកក្កដា ឆ្នាំ ២០១៨ ពិតជាត្រូវ ការទទួលស្គាល់មុនគេ គឺអង្គការសហប្រជាជាតិព្រោះអាសនៈកម្ពុជាមានមួយដែរនៅ ស្ថាប័នពិភពលោកនេះនៅក្រុងញ៉ូវ យ៉ក។ សហគមន៍អន្តរជាតិ ដែលមានឥទ្ធិពលគឺសហភាពអឺរ៉ុប មាន២៧ប្រទេសបូកនឹងប្រទេសអង់គ្លេស ។

ចំណែកអាមេរិកមិនអាចចោលបានឡើយ។ រីឯចិនក៏សំខាន់មួយដែរ ហើយបូករុស្ស៊ីមួយទៀតកាន់តែសំខាន់។ប៉ុន្តែបើគ្មានជប៉ុននិងអូស្រា្តលីជាពិសេស ជប៉ុន គឺភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយការបោះឆ្នោតខែកក្កដាកាន់តែរូមតូច។ បើដូច្នេះ មានន័យថា តួនាទីជប៉ុនត្រូវ ជួយសម្របសម្រួល វិវាទនយោបាយនៅកម្ពុជាពិតជាមិនអាចខ្វះបានឡើយ៕

 

Share

Image
Image
Image