loader

វិភាគ៖តើកម្ពុជាបានអ្វីពីជប៉ុនហើយជប៉ុនបានអ្វីពីកម្ពុជា បើកម្ពុជាទទួលជប៉ុនជាអ្នកសម្របសម្រួលនយោបាយ?

មុខមាត់ប្រទេសកម្ពុជា រយៈពេលចុងក្រោយនេះ ហាក់ស្រអាប់ជាខ្លាំងនៅលើឆាកអន្តរជាតិបន្ទាប់ពី តុលាការកំពូលចេញសាលដីការំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ការំលាយបក្សប្រឆាំងនេះនាំឱ្យសហគមន៍អន្តរជាតិជាពិសេសសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ថ្កោលទោស និងចាត់ទុកថាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ។ កាលពីពេលថ្មីៗនេះ ប្រទេសលោកខាងលិចស្ទើរទាំងអស់ ចេញសេចក្ដីថ្លែងការណ៍រួមគ្នាទាមទារអោយមានដំណោះស្រាយនយោបាយជាបន្ទាន់។ តែបែបនេះ ជប៉ុនដែលមិនបានចូលរួមនឹងប្រទេសទាំងនេះ បែរជាមកបញ្ចុះបញ្ចូលផ្ទាល់ អោយបក្សកាន់អំណាចបើកការចរចា នយោបាយ ជាមួយបក្សប្រឆាំងឡើងវិញ។ 

ទំនងពេលវេលាដល់ហើយបានជាជប៉ុនខិតខំដើរតួនាទីជិតស្និទ្ធនឹងបក្សកាន់អំណាច​ ហើយ ចង់ធ្វើខ្លួនជាអ្នកសម្របសម្រួល ។

តើកម្ពុជាបាន អ្វីពីជប៉ុនហើយជប៉ុនបានអ្វីពីកម្ពុជា បើកម្ពុជាទទួលជប៉ុនជាអ្នកសម្របសម្រួលនយោបាយ?

សូមស្ដាប់សេចក្ដីវិភាគ របស់លោកនួនបូរិនដូច តទៅ៖

ជប៉ុននៅលើឆាកអន្តរជាតិ

អ្នកណាក៏ដឹងដែរថា ជ​ប៉ុន​ជា ប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី៣នៅលើពិភពលោក បន្ទាប់ អាមេរិក និងចិន។ ប្រទេសមហាអំណាចនេះ ជាសមាជិកអង្គការសហប្រជាជាតិ ដែលមានទឹកមាត់ប្រៃជាងគេ។ បើជប៉ុនលើកពីបំណងអ្វីគឺ ប្រទេសផ្សេងៗត្រូវយកមកពិចាណា ហើយតែងតែធ្វើតាម។ ប្រទេសសេដ្ឋកិច្ចធំទី៣នេះ កម្រចុះញ៉មនឹងប្រទេសណាមួយឡើយ សូម្បីប្រទេសមហាអំណាចចិននិងរុស្ស៊ី ក៏ប្រទេសនេះមិនខ្លាចដែរ។

កាលពីថ្មីៗនេះ រុស្ស៊ីបានបង្ហោះ យន្តហោះចម្បាំងរបស់ខ្លួន លើដែនអាកាសរបស់ជប៉ុន ដែលឱ្យក្រុងតូក្យូថ្កោលទោស ហើយ បញ្ជាឱ្យយន្តហោះចម្បាំងរបស់ខ្លួនចំនួន២គ្រឿងហោះទៅបណ្ដេញយន្តហោះរុស្ស៊ីឱ្យហោះចេញដែនអាកាសរបស់ខ្លួនជាបន្ទាន់។

អំឡុងភាពតានតឹង ជាមួយចិនករណីជម្លោះសមុទ្រចិនខាងកើត ដែលសឹងតែផ្ទុះសង្រ្គាមទៅហើយ គឺជប៉ុនបាន ការពារដែនទឹករបស់យ៉ាងរឹងមាំ ដោយ ព្រមានចិនឱ្យបញ្ឈប់ជាបន្ទាន់ការនាំនាវាល្បាតមករំលោភដែនទឹករបស់ខ្លួន បើពុំនោះនឹងមានការប៉ះទង្គិចគ្នា។ នេះគឺជាការបង្ហាញភាពក្លាហានរបស់ជប៉ុនដែលហ៊ានជល់ជាមួយប្រទេសមហាអំណាចចិននិងរុស្ស៊ី។

មិនត្រឹមតែប៉ុណ្ណោះទេ ជប៉ុន មានសកម្មភាព មនុស្សធម៌ជាខ្លាំងនៅលើឆាកអន្តរតជាតិ ដែលបានផ្ដល់ជំនួយគ្រាមានអាសន្ន ដល់ប្រទេសណាជួប​គ្រោះទុរភក្ស ឬគ្រោះមហន្តរាយធម្មជាតិជាដើម។

ប្រទេសចក្រព័ត្រនិយម នៃសង្គ្រាមលោកលោកលើកទី២នេះបានក្លាយជាប្រទេសខ្លាំង​ ដែលសូម្បីអាមេរិកនិងសហភាពអឺរ៉ុបក៏ទទួលស្គាល់ដែរ។

ប្រទេសក្រីក្រទទួលបានជំនួយជប៉ុនគឺជាតម្លៃមនុស្សជាតិប្រកបដោយភាពថ្លៃថ្នូរ

ប្រទេសនេះ បើជួយប្រទេសណាហើយ គឺកម្រចង់បានសំណងដឹងគុណមកវិញណាស់ ហើយជំនួយរាប់រយលានដុល្លារសុទ្ធតែ បានក្លាយជាផលប្រយោជន៍របស់ប្រជាជនរបស់ប្រទេសនោះព្រោះជំនួយហេដ្ឋារចនាសម្ព័ន្ធ ជំនួយ ប្រាក់កម្ចីគឺមិនសូវធ្វើឱ្យកូនបំណុលបារម្ភពីការខ្វះគុណភាពនិងប៉ះពាល់ សិទ្ធិមនុស្ស ឬវប្បធម៌របស់ពលរដ្ឋរស់នៅតំបន់នោះទេ ។ពលរដ្ឋឱ្យតែលឺថា ស្ពាន ឬថ្នាល់នេះ ជាជំនួយរបស់របស់ជប៉ុន គឺពួកគាត់ពិតជាមានការតែ្រកអរនូវការទទួលចង់បានយកមកធ្វើជាទ្រព្យសម្បត្តិរបស់ប្រទេស។ គេថាជំនួយជប៉ុនធ្លាក់ដល់ដៃប្រជាជន គឺជាជំនួយមិន មានចំណងនយោបាយអ្វីឡើយ។ គេថាជំនួយជប៉ុនច្រើនកាលណាកាន់តែល្អ គឺខុសពីប្រទេសខ្លះ ហុតទឹកសម្លឹកកាក ។មានន័យថាជំនួយរបស់ខ្លួន ត្រូវតែសងមកវិញ នូវធនធានធម្មជាតិឬ ជាថ្នូរនឹងការបានអ្វីពិសេស ពីប្រទេសនោះ។ ជំនួយរបស់ប្រទេសនោះ គឺជាក្ដីកង្វល់នៃការកើតកលយុគ្គ បើមិនមានការប្រុងប្រយ័ត្ន ។គេថាជំនួយប្រទេសនោះដូចជាថ្នាំឱសថមុខពីរដូច្នេះដែរ ដែលមិនបានរីកចម្រើនគឺធ្វើអោយ រីករិលហើយបែកបាក់សហគមន៍ទៀតផង។

ជំនួយជប៉ុន ដល់កម្ពុជា

 

ជប៉ុនជាប្រទេសធំពីរបន្ទាប់ពីសហភាពធអឺរ៉ុប នៃការផ្ដល់ជំនួយ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ ជំនួយ របស់ជ ប៉ុន មានដូចជា ស្ពាន ថ្នាល់ សាលារៀន សំណង់ ទឹកស្អាត សំណង់សំអាតក្រុង និងជំនួយ សម្រាប់សាលាជំនុំជម្រះក្ដី ខ្មែរក្រហម ជំនួយកំចាត់មីន ហើយ ថ្មីៗនេះ ជប៉ុនក៏ជួយកម្ពុជាខ្លាំងថែមទៀតតាមរយៈ ជំនួយ លើការងារបោះឆ្នោត។  ជំនួយទាំងនោះ ធ្វើឡើងតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន  Jica ជាដើម។ កងទ័ពជប៉ុន ដែលចេញបេសកកម្ម នៅក្រៅប្រទេស ជាលើកដំបូងគឺចាប់ផ្ដើមយកប្រទេសកម្ពុជា ជាគោលដៅ។ ដោយមើលឃើញពី ការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងប៉ារីស ជប៉ុនសន្យាជួយកម្ពុជាគ្រប់បែបយ៉ាង តាមសេចក្ដីត្រូវការរបស់កម្ពុជា ព្រោះជប៉ុនមានគោលការណ៍មួយ គឺជំនួយ ដល់ប្រជាជន គឺជាការកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ។ តាមរយៈជំនួយនេះ គេកត់សម្គាល់ថា មិនថាឡើយ ពលរដ្ឋសមញ្ញ សូម្បី អ្នកនយោបាយ ក្នុងបក្សកាន់អំណាច ក៏ទទួលស្គាល់តម្លៃនៃជំនួយរបស់ជប៉ុនដែរ។

តាមរយៈសេចក្ដីថ្លែការណ៍របស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើង បន្ទាប់ពីការបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក Kentaro Sonoura ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ឃើញថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុន បានសរសើរជប៉ុនជាខ្លាំង ដែលបានផ្ដល់ជំនួយដល់កម្ពុជា ឱ្យមានការរីកចម្រើន ។ លោកថាជប៉ុនជាប្រទេសមួយ មានទំនាក់ទំនងរឹងមាំជាមួយកម្ពុជា រយៈពេល ៦៥ឆ្នាំមកនេះ ជាពិសេស រយៈពេលចុងក្រោយនេះ ។

ជំនួបមន្ត្រីជប៉ុននិងកម្ពុជាកាលពីថ្ងៃទី២៣មីនា

កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ប្រទេសចំនួន៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរួមគ្នាថ្កោលទោស​រដ្ឋាភិបាលកម្ពុជា ជុំវិញស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅមុនការបោះឆ្នោត។ប៉ុន្តែសម្រាប់ ជប៉ុន គឺជាប្រទេសតែមួយគត់ដែលជាប្រទេសផ្ដល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ មកឱ្យកម្ពុជា ដែលមិនបានចូលរួមដាក់សម្ពាធ​កម្ពុជា។

ជំហររបស់ក្រុងតូក្យូ នាំឱ្យ យល់ថា ជប៉ុន​កំពុងប្រើវិធីសាស្ដ្រទន់ភ្លន់ និងដើរតួជាអ្នកសម្របសម្រួល ដើម្បីជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ងាកមកដើរតាមគន្លងប្រជាធិបតេយ្យត្រឹមត្រូវឡើងវិញ។​

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលពីថ្ងៃទី២៣ មីនា លោក កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) ទីប្រឹក្សា នាយករដ្ឋមន្ដ្រីជប៉ុនបាន​រំឭក​ទៅ​នាយករដ្ឋមន្ត្រី កម្ពុជា ឲ្យ​វិលទៅ​រកតុចរចាជាមួយអតីតបក្សប្រឆាំង​ ដើម្បីឲ្យការបោះឆ្នោតនាពេលខាងមុខ អាចទទួលយកបានពីគ្រប់ភាគី។

នេះជាលើកដំបូងហើយ ដែលជ ប៉ុននិយាយចំៗគឺចំបេះដូងរបស់បក្សកាន់អំណាចនៅកម្ពុជាដែលស្នើសុំឱ្យមានដំណោះស្រាយនយោបាយ។

ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនចុះផ្សាយថា គណៈប្រតិភូជប៉ុន បានលើកឡើងដូចនេះ ដោយសារតែក្រុងតូក្យូ គិតថា ប្រទេសសម្ព័ន្ធមិត្ត របស់ខ្លួនដូចជា សហរដ្ឋអាមេរិក និងសហភាពអឺ​រ៉ុប បានដើរឆ្ងាយពីខ្លួនហើយករណីកម្ពុជា ហើយបើជប៉ុនមិនបានដើរតួនាទីជាអ្នកសម្រប់សម្រួលគឺពិតជារងការថ្កោលទោស ហើយ ធ្វើអោយជប៉ុនបាក់មុខមាត់លើឆាកអន្តរជាតិ ដែលទំនងរឿងនេះហើយ ក្រុងតូក្យូ ធ្វើចិត្តជាអ្នកនិយមកណ្ដាល ហើយ បញ្ចុះបញ្ជូលបក្សកាន់អំណាច​ ទទួលយកសំណើររបស់ខ្លួន។តែសំណើហាក់មិនទទួលបានការឆ្លើយភ្លាមៗហើយវិជ្ជមានអ្វីនៅឡើយទេ។

បើកម្ពុជាទទួលយកសំណើរបស់ជប៉ុន គឺកម្ពុជាទំនងនឹងបានផលប្រយោជន៍ច្រើនទៀតពីជប៉ុន

ដូចបានដឹងហើយថា ជប៉ុន ជាប្រទេសផ្ដល់ជំនួយ ឥតសំណងធំទី២បន្ទាប់ពី សហភាពអឺរ៉ុប។

ប្រទេសនេះ តែតែងផ្ដល់ជំនួយដោយមិនរង់ចាំពេលវេលា។ មានន័យថាអោយតែខ្លួនមើលឃើ់ញ ការខ្វះខាតគឺជំនួយនឹងធ្លាក់មកដល់ ។តែគ្រាន់តែជំនួយ ត្រូវភ្ជាប់នឹងគោលការតម្លាភាពគឺគ្មានអំពើពុករលួយ ។ បើកម្ពុជា​តាមសំណើរបស់ជប៉ុន គឺដូចជាការលើកមុខមាត់កាន់តែខ្លាំងថែមទៀត លើឆាកអន្តរជាតិដល់ប្រទេសជប៉ុន ហើ់យពេលនោះហើយដែលជប៉ុនកាន់តែយកកម្ពុជាជាមិត្តព្រោះមិត្តនេះបានស្គាល់កាលៈទេសៈ ហើយការប្រារព្ធខួប៦៥ឆ្នាំ ដែលប្រព្រឹត្តទៅដើមខែមេសា ដោយមានវត្តមានរដ្ឋមន្ត្រីការបរទេសជប៉ុន តារ៉ូកូណូ( Taro Kono) គឺជាដំណើរអភិវឌ្ឍមួយទៀតជាប្រវត្តិសាស្ត្រ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុនដ៏រឹងមាំ។

និយាយរួមទៅ កាលទេសៈនេះ ជប៉ុនពឹងកម្ពុជាដើម្បីឱ្យខ្លួនគេ មានមុខមាត់លើឆាកអន្តរជាតិ ហើយកម្ពុជា ត្រូវពឹងជប៉ុន បើកម្ពុជាត្រូវការកិត្តិយសលើឆាក អន្តរជាតិបន្តទៀត។ បើកម្ពុជាមិនខ្វល់សំណើជប៉ុន ទំនងនឹងធ្វើឱ្យជប៉ុនឈឺចាប់អាម៉ាស់មុខពុំខានឡើយ៕ 

 

 

 

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បក្ស​កុ​ម្មុ​យ​និស្តចិន​ ស្ថិត​ក្នុង​ស្ថានភាព​បែកបាក់​ ដោយសា​រសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ អា​មេ​រិ​ក​

គេហទំព័រ​បរទេស​មួយ​ឈ្មោះ​ថា​ Times​ of​ Oman​[...]

ហ្សិ​ម​បា​វ៉េ​៖​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​៧៥​ភាគរយ​ បេក្ខជន​ពីរ​រូប​ដេញ​ប្រគៀក​គ្នា​យ៉ាង​ខ្លាំង​

ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ហ្សិ​ម​បា​វេ​ បាន​បិទ[...]

បណ្ឌិតមហាធាប្រកាសថាគណៈរដ្ឋមន្ត្រីរបស់លោកគឺជាស្ថាប័នស្អាតស្អំ(មានសំឡេង)

បន្ទាប់ពីចាប់ខ្លួន អតីតនាយករដ្ឋមន្ត្រីណាជីពយក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត