en     km
en     km

AIP​​ នឹង​​ផ្ដល់​​ពានរង្វាន់​​ឆ្នើម​​ចំពោះ​​អ្នក​​សារព័ត៌មាន​​ សរ​សេរ​​រឿង​​អំពី​ ការ​ពាក់​មួក​​សុវត្ថិភាព​

Share

​ភ្នំពេញ ៖ អង្គការ​ក្នុងស្រុក​មួយ​ឈ្មោះ​ថា​ AIP​ បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រកួតប្រជែង​លើ​ពានរង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​ ជូន​ដល់​អ្នក​សារព័ត៌មាន​គ្រប់​ស្ថាប័ន​ទាំងអស់​ នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ២០១៦​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៧​ខែមិថុនា​ ឆ្នាំ​២០១៦​ ។​ ​

aip-text

ការ​ប្រកាស​បើក​កម្មវិធី​ប្រឡងប្រណាំង​ពានរង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​ លើ​ការ​សរសេរ​ទាក់ទង​និង​ច្បាប់​ចរាចរណ៍​ ពិសេស​ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ការ​ពាក់មួក​សុវត្ថិភាព​ នៅថ្ងៃនេះ​ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​សារព័ត៌មាន​ដែល​មានគំនិត​ច្នៃប្រឌិត​ ក្នុង​ការ​តែង​និពន្ធ​ អត្ថបទ​សារព័ត៌មាន​ទាំង​ការ​សរសេរ​ សម្លេង​និង​រូបភាព​ប្រកបដោយ​ប្រសិទ្ធភាព​ ពាក់ព័ន្ធ​លើ​ការ​ជំរុញ​ ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ។​​

នៅ​ក្នុង​កម្មវិធី​ប្រកាស​បើក​ការ​ប្រកួតប្រជែង​ លើ​ពានរង្វាន់​អ្នក​សារព័ត៌មាន​ឆ្នើម​ នៅ​ឯ​ ភោជនីយដ្ឋាន​ទន្លេបាសាក់​២​នេះ​ លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ គោលបំណង​សំខាន់​ដែល​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​(AIP)​ រួម​និង​ដៃគូ​ពាក់ព័ន្ធ​ ចាំបាច​រៀបចំ​ឱ្យ​មានកម្ម​វិធី​ប្រឡងប្រណាំង​នេះ​ ដល់​អ្នក​សារព័ត៌មាន​ ក៏​ព្រោះតែ​ ចង់​ជំរុញ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ កាន់តែ​ខ្លាំងក្លា​ និង​ម៉ឺងម៉ាត់​ ។​​

​លោក​ គឹ​ម​ បញ្ញា​៖«​បា៎ទ​ គោលបំណង​សម្រាប់​ការ​ជម្រុញ​ឱ្យ​មានកម្ម​វិធី​ប្រឡងប្រណាំង​អ្នក​សារព័ត៌មាន​ លើ​ការ​ពាក់មួក​សុវត្ថិភាព​នេះ​ មាន​ពីរ​សំខាន់​ ទី​មួយ​.​យើង​ចង់​ផ្ដល់​ការ​ទទួលស្គាល់​ ជា​ផ្លូវការ​ ដល់​ អ្នក​សារព័ត៌មាន​របស់​យើង​…​ហើយ​ទី​ពីរ​.​យើង​ចង់​ជម្រុញ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ ឱ្យ​បាន​ខ្លាំងក្លា​ ឱ្យ​បាន​កាន់តែ​ម៉ឺងម៉ាត់​»​​​។


​នាយក​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​រូប​នេះ​ បន្ដ​ថា​ នៅ​ទូ​ទាំង​ពិភពលោក​ ការ​អនុវត្ត​ច្បាប់​ដោយ​មន្ដ្រី​នគរបាល​ចរាចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ។​ ប៉ុន្ដែ​នៅ​ពេល​ដែល​មន្ដ្រី​នគរបាល​ចរាចរណ៍​បំពេញ​តួនាទី​របស់​ខ្លួន​ តាម​រយៈ​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ គឺ​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​រអ៊ូរទាំ​និង​ប្រតិកម្ម​ចំពោះ​សកម្មភាព​ ការ​អនុវត្ត​ច្បាប់​របស់​មន្ដ្រី​នគរបាល​ចរាចរណ៍​ ។​ ករណី​បែប​នេះ​ ត្រូវ​បាន​ស្នើ​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ ឬ​ព្យួរ​ចោល​រយៈ​ខ្លី​ ឬ​វែង​ ដើម្បី​ចៀសវាង​ប្រតិកម្ម​ខ្លាំង​ពី​ពលរដ្ឋ​ ។​​

​ទន្ទឹម​នឹង​នេះ​ដែរ​ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​ក្រសួងមហាផ្ទៃ​ លោក​ ទី​ ឡុ​ង​ ដែល​មាន​វត្ត​មាននៅ​ទីនោះ​ បាន​លើក​ឡើង​ដែរ​ថា​ ការ​ប្រឡងប្រណាំង​ស្នាដៃ​សរសេរ​អត្ថបទ​របស់​អ្នក​សារព័ត៌មាន​នេះ​គឺ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជំរុញ​និង​លើកទឹកចិត្ត​ អោយ​អ្នក​សារព័ត៌មាន​ ចូលរួម​គោរព​ច្បាប់​ និង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ ទៅ​ថ្ងៃ​អនាគត​ឲ្យ​នៅ​ត្រឹម​កម្រិត​ទាប​។​​

​លោក​ ទី​ ឡុ​ង​ ៖«​បា៎ទ​ ទន្ទឹម​នឹង​ការ​អនុវត្ត​ច្បាប់​របស់​កងកម្លាំង​នគរបាល​យើងខ្ញុំ​នេះ​ ខ្ញុំ​យល់​ថា​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​ជំរុញ​ការ​លើកទឹកចិត្ត​ អោយ​គាត់​យល់​ពី​សារៈ​ប្រយោជន៍​ ឲ្យ​គាត់​ យល់​ពី​ហានិភ័យ​នៃ​ការ​បំពាក់​មួក​សុវត្ថិភាព​ ឲ្យ​ពួក​គាត់​ចូលរួម​គោរព​ច្បាប់​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត​ខាង​មុខ​ឲ្យ​នៅ​កម្រិត​ទាប​ យើង​សូម​ជម្រាប​ថា​ បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា​ លក្ខណៈ​ជា​មធ្យម​ មនុស្ស​៦​នាក់​បាន​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ »​។​​

តែបែបនេះក្តី​នាយក​អង្គការ​មូលនិធិ​បង្ការ​បួស​អាស៊ី​(AIP)​ដដែល​បាន​បន្ថែម​ថា​  ថ្វីបើមានការ​អប់រំ​ផ្សព្វផ្សាយ​ជា​បន្ដបន្ទាប់​ ចាប់តាំងពី​ឆ្នាំ​២០០៦​ ក៏​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដែល​ក្នុង​នោះ​បាន​កំណត់​ថា​ អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ដ​ ព្រមទាំង​កុមារ​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ ក៏​ការ​អនុវត្ត​នេះ​មិន​ទាន់​មាន​ប្រសិទ្ធភាព​។​ តាម​របាយ​ការណ៍​របស់​ អង្គការ​នេះ​គឺ​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ​ ព្រមទាំង​កុមារ​ គិត​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​ប្រមាណ​តែ​១៥​ភាគរយ​ប៉ុណ្ណោះ​ ៕​

Share

Image
Image
Image